Speech from Oxfam: ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ១៤វិច្ឆិកា លើកទី​៦

Wednesday, November 14, 2018

មតិចូលរួមរបស់នាយិកាអង្គការអុកស្វាមកម្ពុជា

ទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិ ១៤ វិច្ឆិកា លើកទី​ ០៦

ថ្ងៃទី​ ១៤ វិច្ឆិកា​ ឆ្នាំ ២០១៨

សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ

សូមគោរព គណៈអធិបតី និងតំណាងមកពីអង្គការជាតិ និងអន្តរជាតិ ជាទីគោរព!

តាងនាមឲ្យអង្គការអុកស្វាម​នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងទិវាអ្នកលក់ដូរតាមដងផ្លូវអន្តរជាតិលើកទី០៦ នាពេលនេះ ។ សូ​មថ្លែងអំណរគុណ ដល់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ​ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ​ ដើម្បីជាការរំលឹក និងបង្កើននូវព័ត៌មានជាសាធារណៈ អំពីការចូលរួមចំណែកដ៏សំខាន់របស់អាជីវករតាមដងផ្លូវ ។​

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតក្នុងពិភពលោក អាជីវកម្ម និងអាជីវករឬអ្នកលក់ដូរតាមដងផ្លូវ មានចំនួនកើនឡើងជាលំដាប់ និងឆាប់រហ័ស ព្រោះវាជាប្រភពការងារ​ និងប្រភពចំណូលយ៉ាងសំខាន់សំរាប់គ្រូសារក្រីក្រ។ ពួកគាត់គឺជាអ្នកលក់ដូរឥវ៉ាន់ ម្ហូបអាហារ បន្លែ បង្កា ប៉ះម៉ូតូប៉ះឡាន និងទំនិញផ្សេងៗ ទៀតនៅតាមទីសាធារណៈដោយគ្មានទីតាំងរឹងមាំ ឬជាក់លាក់ឡើយ។ អាជីវករ​ ឬអ្នកលក់ដូរតាមដងផ្លូវ បានវាតទីយកផ្លូវ ឬទីតាំងឯកជន ឬសាធារណៈ ហើយក៏អាចធ្វើការបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយដើម្បីលក់ដូរ ឬប្រកបអាជីវកម្ម។ បើតាមតួលេខរបស់វិទ្យាស្ថានជាតិស្ថិតិក្នុងឆ្នាំ ២០១១ (NIS/EC2011) បានបង្ហាញថាអាជីវករ​ ឬអ្នកលក់ដូរតាមដងផ្លូវមានចំនួន​ ៣,៨% ស្មើនឹង ៦២.៧៨០ នាក់ នៃអ្នកប្រកបរបរសរុបចំនួនប្រហែល ១.៦៧៣.៣៩០ នាក់។ នៅភ្នំពេញ មានអ្នកលក់ដូរតាមផ្លូវចំនួន ១% ស្មើនឹងចំនួន ១៦.៤១៩ នាក់ ដែលមាន ៧៥% ជាស្រ្តី។ បើធៀបជាមួយតួលេខនៅភ្នំពេញនេះ យើងសង្កេតឃើញថា IDEA កំពុងតែឆ្លើយបានត្រឹមតែ ៥% ប៉ុណ្ណោះ។

យើងទាំងអស់គ្នាប្រាកដជាដឹងហើយថា ប្រទេសយើងពុំទាន់មានគោលនយោបាយ​ឬច្បាប់ជាក់លាក់ណាមួយដើម្បីការពារ និងធ្វើឲ្យប្រសើរឡើងដល់លក្ខខណ្ឌការងាររបស់អ្នកលក់ដូរតាមដងផ្លូវនៅឡើយទេ។ ពួកគេបន្តជួបប្រទះការលំបាកជាច្រើនដូចជា ការគ្មានស្ថេរភាពប្រាក់ចំណូល និងគ្មានទីតាំងជាក់លាក់សំរាប់ប្រកបរបរ និងជួនកាលត្រូវបានរំខាន ឬបំពានពីម្ចាស់ទីតាំង ពីអាជ្ញាធរមូលដ្ឋានក្នុងការបណ្តេញចេញពីទីតាំងលក់ដូរ។ ពួកគាត់មានចំណេះដឹងមានកម្រិត មិនមានស្ថេរភាពដល់លក្ខខណ្ឌរស់នៅ និងមានប្រាក់ចំណូលទាបក្រោមបន្ទាត់ក្រីក្រផង ដែរ។ ពួកគេងាយរងគ្រោះចំពោះស្ថានភាពសុខភាព មានហានីភ័យចំពោះស្ថានភាពសេដ្ឋកិច និងសង្គម ហើយនៅពេលដែលមិនមានស្ថេរភាពចំណូល គឺមិនអាចឲ្យធ្វើផែនការជីវិតបានទេ។

ដូច្នេះ ការទទួលបាននូវរបបកិច្ចគាំពារសង្គម ដែលរួមបញ្ចូលទាំងការធានាសុខភាព ការថែទាំកុមារ ការមានអនាម័យនៅកន្លែងលក់ដូរ និងការទទួលបានសេវាហិរញ្ញវត្ថុ គឺជារឿងសំខាន់ខ្លាំងណាស់ចំពោះពួកគាត់។

ជាមួយគ្នានេះ អង្គការអុកស្វាម បាននិងកំពុងចូលរួមយ៉ាងសកម្មផងដែរជាមួយដៃគូនានា និងស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរឹងមាំក្នុងសង្គមរបស់កម្មករនិយោជិតដែលងាយរងគ្រោះទាំងអស់ ទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការចរចាជាមួយអ្នកពាក់ព័ន្ធនានាក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីពង្រីកវិសាលភាព ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឲ្យរឹតតែមានប្រសិទ្ធភាព និងមានសមធម៌។

អង្គការអុកស្វាម សូមធ្វើការកោតសរសើរដល់ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ​ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីធ្វើឲ្យសិទ្ធិ សេរីភាព ជីវភាព និងការរស់នៅរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ទាំងអស់ឲ្យរឹតតែប្រសើរឡើង។

ជាមួយគ្នានេះផងដែរ អង្គការអុកស្វាមសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឲ្យប្រើប្រាស់នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម បេឡាជាតិរបបសន្តិសុខសង្គម ហើយជាពិសេសថ្មីៗ នេះ រាជរដ្ឋាភិបាលកំពុងតែគិតគូរសាកល្បងក្នុងការបញ្ចូលកម្មករក្រៅប្រព័ន្ធដូចជា​កម្មករសំណង់ កម្មករការងារផ្ទះ និងអ្នករត់ម៉ូតូឌុបឬរ៉ឺម៉ក ទៅក្នុងរបបសន្តិសុខសង្គម ដែលជាឳកាសមួយដ៏ល្អប្រសើរ ឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់កម្មករនិយោជិត ជាពិសេសស្ត្រីដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។ ក្រោមការយកចិត្តទុកដាក់នេះ យើងសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់និងពង្រីកវិសាលភាពឆ្លើយតបដល់កម្មករគ្រប់វិស័យរួមទាំងអ្នកប្រកបរបរលក់ដូរតាមផ្លូវផងដែរ។

អង្គការអុកស្វាមនឹងបន្តសហការ សំណូមពរ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ការគាំទ្រដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធលើគ្រប់វិស័យ ដើម្បីឲ្យពួកគាត់ទទួលបាននូវកិច្ចគាំពារសង្គមកាន់តែទូលំទូលាយ ។

ខ្ញុំសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ និងកម្មករនិយោជិត ត្រូវបន្តសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីខ្លឹមសារ និងនិតិវិធីនានា ហើយត្រូវចូលរួមផ្តល់យោបល់ និង​ព័ត៌មានត្រឡប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យការអនុវត្តនៃក្របខ័ណ្ឌគោលនយោបាយជាតិទាំងមូល ​​ និងប្រកាសនានា រឹតតែមានប្រសិទ្ធភាពខ្ពស់។

“អ្នកលក់ដូរតាមផ្លូវចូលរួមយ៉ាងសកម្មធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ” “អ្នកលក់ដូរតាមផ្លូវមានសិទ្ធិដូចកម្មករក្នុងវិស័យដទៃទៀតដែរ” ដូច្នេះការទទួលបាននូវកិច្ចគាំពារសង្គម និងសុខមាលភាពត្រូវគិតគូរដល់ពួកគាត់ ហើយពួកគាត់ត្រូវតែទទួលបាននូវការគោរពជាដាច់ខាត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកលក់ដូរតាមផ្លូវឲ្យមានប្រសិទ្ធភាព ជាការចាំបាច់បំផុតដែលទាមទារបន្តឲ្យមាន ការចងក្រងក្រុម ការពង្រឹងសមត្ថភាព និងការចូលរួមវិភាគស្ថានភាពឲ្យបានល្អិតល្អន់អំពីតម្រូវការជាក់លាក់របស់ពួកគាត់ ហើយត្រូវផ្តល់ឪកាសក្នុងការចូលរួមបង្កើតគោលនយោបាយនានាដែលឆ្លើយតបទៅនឹងតម្រូវការ ការចូលរួមអនុវត្តគម្រោង ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការដឹកនាំ។

ជាមួយគ្នានេះផងដែរ ខ្ញុំសូមសំណូមពរដល់ស្ថាប័នទាំងអស់ គិតគូរជាពិសេសក្នុងការបង្កើតគម្រោង និងការអនុវត្តគម្រោងទាំងអស់ប្រកបដោយការចូលរួមរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកាបញ្ជ្រាបយេនឌ័រ ។

ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ។