Say no to plastic! Oxfam team cleans the street

សូមនិយាយថា «ទេ» ចំពោះផ្លាស្ទិក! អុកស្វាមនាំគ្នាសម្អាតផ្លូវ

ព្រឹត្តិបត្រភាសាខ្មែរ

ទិវា​សម្អាត​ពិភពលោក គឺ​ជាគំនិតផ្តួច​ផ្តើមមហា​ជន​ដែល​ប្រ​ព្រឹត្តឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក អស់​ពេល​ដប់​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ លើក​នេះ​ជា​ឆ្នាំទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុជា តាម​រយៈក្រសួង​បរិស្ថាន បាន​ចូលរួម​ទិវា​នេះ​ជាមួយ​ប្រទេស ១៥៥​ផ្សេងទៀត។ បុគ្គលិក​របស់​អុកស្វាម រួម​ទាំង​គ្រួសារ និង​មិត្ត​ សរុប ៣០នាក់ រួម​ដោយ​​គ្រួសារ ​មិត្ត​ភក្តិ កូនក្មេង និង​ទារកផង ក៏​បាន​ចូល​រួម​ក្នុង​ទិវានេះដែរ ដើម្បី​ស្រាក់​ដៃគ្នា​ជួយ​សម្អាត​ទីនៅ​ជុំវិញ​ផ្សារ​រាត្រី ក្បែរ​ផ្សារ​ចាស់ ក្នុង​ទីក្រុង​ភ្នំពេញ។

យ៉ាងណាក្តី រយៈ​ពេល​ប៉ុន្មានម៉ោង​ដែល​យើង​បាន​ចំណាយ​ដើម្បី​នាំគ្នា​ប្រមូល​សំរាម ជា​ពិសេស​វត្ថុ​ផ្លាស្ទិក ញាត់​ដាក់​ក្នុង​ស្បោង​ធម្ម​ជាតិនោះ មិនមែន​​គ្រាន់​តែ​ជា​ការសម្អាត​ផ្លូវ​ទេ។ អ្វី​ដែល​សំខាន់​បំផុតនោះ គឺ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​អ្នក​ស្នាក់​នៅ​តំបន់នោះ និង​ខ្លួន​យើង​ផ្ទាល់​អំពី​បញ្ហា​រាត​ត្បាត​របស់​វត្ថុ​ផ្លាស្ទិក និងបញ្ហា​​ការទុក​ដាក់​​សំរាម។

លើកកម្ពស់​ការ​យល់​ដឹង

ដំបូង​ឡើយ ក្រុម​របស់​យើង​គិត​ថា​តំបន់​ផ្សារ​រាត្រី​មាន​ភាព​ស្អាត​គួរសម! ប៉ុន្តែ​លុះ​​តែ​ដល់​ពេល​យើង​ចាប់​ផ្តើម​មើល​ទៅលើ​ផ្លូវ​ដើម្បី​រករើស​សំរាមទើប​យើង​បើក​ភ្នែក​ខ្លួ​ន​យើង​ធំៗ ហើយ​ទទួល​ស្គាល់​ថា​យើង​ទាំង​អស់​គ្នា​ មើលសម្រាមមិនឃើញ​ជា​យូរ​មកហើយ។ ខណៈ​ដែលកម្មករ​ប្រមូល​សំរាម​បាន​បំពេញកិច្ច​ការ​បម្រូល​យក​សំរាម​ធំៗចេញ​អស់​នៅ​ក្នុង​លក្ខខណ្ឌមួយ​ដ៏លំបាក ​និង​ខ្វះ​អនាម័យក៏​ពិតមែន ក៏​នៅ​មាន​បំណែក​តូច​ៗ​របស់​សំរាម​នៅ​រាយប៉ាយ​លើ​ផ្លូវដែរ ដោយ​សារ​តែ​ការ​ចោល​សំរាម​មិន​បាន​ត្រឹម​ត្រូវ។

គ្រាន់​តែ​ជិត​មួយ​ម៉ោងសោះ យើងប្រមូល​កម្ទេច​សំរាម​ញាត់​បាន​១៥​ថង់ធំៗ ដែល​មាន​សំរាម​គ្រប់​មុខ ក្នុង​នោះ​ដប​ផ្លាស្ទិក​ត្រូវ​បាន​ដាក់​ដោយឡែក។ សម្រាមភាគច្រើន​មាន បំពង់​បឺតជ័រ ស្បោង​កៅស៊ូ គម្របដបជ័រ ក្រវិល​កំប៉ុង​ភេសជ្ជៈ កន្ទុយបារី សំបក​ស្ករគ្រាប់ និង​ស្រោម​ចង្កឹះ ចម្រៀក​ប្លាស្ទិចហែកចេញ​ពីកញ្ចប់​អាហារ និង​សំណល់​កាត​ទូរសព្ទ​ដែល​គេ​បោះ​ចោល​ក្រោយ​ពី​បាន​បញ្ចូល​ទឹក​ប្រាក់​រួច។

Liza Ordonez-Cooke អ្នក​សម្រប​សម្រួលក្រុម​បៃតង​របស់​អុកស្វាម​កម្ពុជា - ដែល​ជា​ក្រុម​បុគ្គលិក​ស្ម័គ្រ​ចិត្ត​មាន​គោល​ដៅ​ស្វែង​រក​ដំណោះ​ស្រាយ​បែប​ធម្ម​ជាតិ​ដល់​បុគ្គលិក​និង​ការិយាល័យ​តាម​ប្រទេស - និយាយថា៖ «បំណែក​ផ្លាស្ទិក​តូចៗ​ទាំងនេះងាយ​នឹង​គេ​មើល​រំលង​ណាស់ ប៉ុន្តែនៅ​ក្នុង​រដូវ​ភ្លៀងសំរាម​ទាំង​នេះ​នឹង​ធ្លាក់​ចូល​ទៅក្នុង​ប្រព័ន្ធទឹក​ធម្ម​ជាតិ បង្ក​បញ្ហា​ដល់​ផ្លូវ​ទឹក​ហូរ នាំ​ឱ្យ​មាន​ទឹក​ជំនន់ ហើយ​ថែម​ទាំង​ត្រូវ​បាន​ត្រី​ស៊ី​ជា​ចំណី​ទៀត​ផង»។

ជន​ស្ម័គ្រចិត្ត​អាយុ​ប្រាំបីឆ្នាំម្នាក់​នៅ​ក្នុង​ក្រុម​របស់​យើង​បាន​លើក​សំណួរ​ដែល​នរណា​ក៏​ឆ្ងល់​ដែរ​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ម្នា​មិន​ដាក់​សំរាម​ចូល​ទៅក្នុង​ធុង?

ភាពផែនដីមួយ​កាន់​តែមានសុខភាពល្អ និង​កាន់​តែ​មាន​ចីរភាព គឺ​ចាប់​ផ្តើម​ពីយើង​គ្រប់​គ្នា!

ខណៈ​ដែលការ​ថែរក្សា​បរិស្ថាន​ឱ្យ​ស្អាត និង​ការ​ដឹង​ខ្លួន​អំពី​របៀប​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​គួរតែ​ជា​កិច្ច​ការ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​គ្រប់​គ្នា សកម្មភាព​រួម​គ្នា​ដែល​គេមើល​ឃើញ​ពេល​នេះ​បាន​ញ៉ាំង​ឱ្យ​មាន​ប្រតិកម្ម​ពីសំណាក់​អ្នក​រស់​នៅ​ទីនោះ។ យើង​ទទួល​បាន​សំបកដប និង​ការលើក​​មេដៃប្រាប់​​ជា​សញ្ញា​គាំទ្រ។ យើង​បានឮគេនិយាយ​គ្នា​អំពី​ទម្លាប់​អាក្រក់​ក្នុង​ការ​គ្រវែងសំរាម​ចោល​ពាសវាល។ មនុស្ស​ម្នា​ក់បាន​នាំគ្នា​កាន់​កែវជ័រ​ភេសជ្ជៈ​ទទេរ​មក​បោះ​ចូល​ក្នុង​ស្បោង​របស់​យើង ហើយ​គេ​នាំ​គ្នា​សួរថា​ ហេតុ​អ្វី​បាន​ជា​យើង​ធ្វើ​ដូច្នោះ?

បន្តិច​ម្នាក់ យើង​អាចជួយ​គ្នាការ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ​ និង​កាត់​បន្ថយ​ការ​បំពុល​ដោយ​វត្ថុ​ផ្លាស្ទិក ដោយ៖

  • រក្សា​ទុក​​ដបទឹកមួយ (ឬពីរ)​សម្រាប់​ប្រើ​ឡើងវិញ ដើម្បី​ចៀសវាង​ការ​ប្រើ​ប្រាស់​ដប​ទឹក​ជ័រ។ ឈប់​ប្រើ​ពែងជ័រ​សម្រាប់​ហូប​កាហ្វេ ឬ​តែ នៅ​ក្នុង​ការិយាល័យ​របស់​អ្នក!
  • សូម​និយាយ​ថា​ ទេ ចំពោះបំពង់​បឺត​ជ័រ ពីព្រោះជា​ទូទៅ​អ្នក​កម្រ​ត្រូវ​ការ​វា​ណាស់។
  • រក្សា​ទុក​ថង់​ផ្លាស្ទិក​ដាក់​ម្ហូបមក​ពីផ្សារ សម្រាប់​​ប្រើ​ឡើង​វិញ និង​មិន​បាច់​យក​ថង់​ថែម​ទៀត​ចូល​ផ្ទះ។
  • រក្សា​ស្បោង​ក្រដាស​តាម​ខ្លួន​សម្រាប់ខ្ចប់​របស់​ ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ថង់​ផ្លាស្ទិកថ្មី។
  • ទុក​ដាក់​ចោល​ការ​វេចខ្ចប់ និង​កញ្ចប់​ឱ្យ​បាន​ត្រឹម​ត្រូវ។
  • ចុះហត្ថលេខាលើញត្តិ! មាន​ញត្តិ​មួយ​ដែល​គេ​កំពុង​ផ្សព្វ​ផ្សាយ​តាមភោជនីយដ្ឋាន និង​សណ្ឋាគារ​ ដោយ​ស្នើ​ឱ្យ​កាត់​បន្ថយ​ការ​ប្រើ​ប្រស់​វត្ថុ​ធ្វើ​ពីផ្លាស្ទិក នៅ​ក្នុង​អាសយដ្ឋាននេះ៖ https://chn.ge/2xhl9xg
  • ចូលរួមក្រុម​សម្អាតស្ម័គ្រចិត្ត​ ឬ​បង្កើត​ក្រុម​មួយ​សម្រាប់​សម្អាត​កន្លែង​គគ្រិច តាម​រយៈ​កម្មវិធីនេះ៖ https://www.facebook.com/gogreenkhm/
  • ប្រាប់​គ្រួសារ និង​មិត្ត​របស់​អ្នក​ អំពី​របៀប​ទុកដាក់​សំរាម​ត្រឹមត្រូវ!

ការប្រមូលសម្រាម មានការរីកចម្រើនក្នុងរយៈពេលកន្លងមក ប៉ុន្តែនៅតែមានការលំបាក និងអាចធ្វើឲ្យប្រសើរជាងនេះ។ រូបថត៖ Natacha Kim/Oxfam


ក្រុមការងារអង្គការអុកស្វាម មិត្តភក្តិ និងក្រុមគ្រួសារ បន្ទាប់ពីប្រមូលសម្រាមហើយ។ រូបថត៖ Banung Ou