មតិចូលរួមរបស់លោកស្រី លឹម សូលីន នាយិកាអង្គការអុកស្វាម ទិវាយុវជនពិភាក្សា ស្តីពីសមភាពយេនឌ័រ

Monday, February 25, 2019
Discussion with youth, gender equality

ទិវាយុវជនពិភាក្សា ស្តីពីសមភាពយេនឌ័រ
ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និងកិច្ចគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស”
ដើម្បីចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី ១០៨

មតិចូលរួមរបស់លោកស្រី លឹម សុលីន នាយិកា ប្រចាំប្រទេស អង្គការអុកស្វាម កម្ពុជា

សូមគោរពលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី
សូមគោរព​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ
សូមគោរព និងសូមជម្រាបសួរ ឯកឧត្តម លោកជំទាវ លោកលោកស្រី និងប្អូនៗ​សិក្សានុសិស្ស​ជាទីគោរព

តាងនាមអង្គការ​អុកស្វាម​ នៅក្នុងប្រទេស​កម្ពុជា នាងខ្ញុំមានកិត្តិយស​យ៉ាងក្រៃលែង ​ដែល​បាន​ចូល​រួមនៅ​ក្នុង​ វេទិកា​យុវជន​ជជែក​ពិភាក្សា​ ដើម្បី​ចូល​រួម​អបអរ​សាទរ​ ទិវា​អន្តរជាតិ​នារី​ ៨ មីនា​ លើក​ទី ១០៨ ឆ្នាំនេះ។

សូមថ្លែង​អំណរ​គុណដល់​ក្រសួងកិច្ចការ​នារី ដែល​បានរៀប​ចំ​កម្មវិធី​ជជែក​ពិភាក្សា​ដ៏​មានសារ​សំខាន់នេះ​ឡើង។ ប្រធានបទ​នា​ថ្ងៃ​នេះ មានសារ​សំខាន់​ណាស់ ដោយ​មាន​ការផ្សារ​ភ្ជាប់​ពីកិច្ចគាំពារ​សង្គម​ ទៅ​នឹង​ការលើក​កម្ពស់​សមភាព​យេនឌ័រ ​ព្រមទាំង​ភ្ជាប់​ទៅ​នឹង​ការ​លើក​កម្ពស់​គុណភាព​មូលធន​មនុស្ស។ ប្រធានបទ​ទាំង​នេះ ឆ្លើយ​តប​ទៅនឹង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព (គោលដៅ​ទី១​កាត់បន្ថយ​ភាព​ក្រីក្រ​ គោលដៅ​ទី៥​កាត់បន្ថយ​វិសមភាព​យេនឌ័រ​ គោលដៅ​ទី១០​កាត់​បន្ថយ​គម្លាត​សង្គម)​ នាងខ្ញុំសូម​កោត​សរសើរ​ដល់​ក្រសួងកិច្ចការ​នារី​ ដែល​មាន​លោក​ជំទាវ​រដ្ឋមន្រ្តី ​ជាថ្នាក់​ដឹកនាំ​ ក្នុងការ​គិត​គូរយ៉ាង​ល្អិត​ល្អន់​ទៅ​លើភាព​ពាក់​ព័ន្ធ និង​សារសំខាន់​នៃ​ប្រធានបទ​ទាំង ៣ នេះ។

នាងខ្ញុំ​សូម​យកឱកាស​នេះ​កោត​សរសើរ​ដល់​ប្អូនៗ​យុវជន​យុវនារី ​ដែល​បាន​ចូល​រួម​ជជែក​ពិភាក្សា ក្នុងប្រធាន​បទ​ដ៏មាន​សារ​សំខាន់​នេះ ព្រោះការ​ចូលរួម​របស់ប្អូនៗ​នឹងជម្រុញ​ឲ្យគោលនយោបាយ ​និងវិធានការ​នាៗ​នៃ​កិច្ច​គាំពារ​សង្គម​កិច្ច​ឲ្យមាន​ភាព​គ្រប់ជ្រោយ ​និង​ឆ្លើយ​តប​ទៅ​នឹង​យេនឌ័រ​ និង​បង្កើនមូល​ធនមនុស្ស ​ដែល​មាន​គុណភាព។

កិច្ចគាំពារសង្គម គឺជា​វិធានការណ៍​ដ៏​ចាំបាច់​ ដែល​គ្រប់​ប្រទេស​ទាំងអស់​ត្រូវ​តែ​មាន​ ដើម្បី​ធានា​ឲ្យ​បាននូវ​ការ​កាត់បន្ថយ​ភាព​ក្រីក្រ ​គម្លាត​សង្គម​ បង្កើន​សុខមាលភាព​សង្គម​ និង​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព។ កិច្ចគាំពារ​សង្គម គឺជា​ការគោល​នយោបាយ​ កម្មវិធី ​និង​វិធានការណ៍​ ដែល​គាំពារ​ពលរដ្ឋ​ពេញមួយ​ជីវិត​របស់​ពួកគេ​ ចាប់តាំង​ពីការ​មានកំណើត​ រហូត​ដល់​ការ​បាត់បង់​ជីវិត។ ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម អាច​ជួយដោះ​ស្រាយ​ភាព​រងគ្រោះ​នានា​ ដែល​អាច​បណ្តាល​មក ពី​បញ្ហា​វិបត្តិ​ធ្ងន់ធ្ងរ​ ផ្នែក​សេដ្ឋកិច្ច​ បរិដ្ឋាន និង​សង្គម​ជាដើម។

ប្រទេសកម្ពុជា គឺជាប្រទេស​គំរូមួយ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ​ហើយ​អង្គការ​អុកស្វាម​យក​ប្រទេសកម្ពុជា ជាប្រទេស​គំរូ​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុងតំបន់ ​ដោយ​បច្ចុប្បន្ន​នេះ​ទៀត​កម្ពុជា​អាច​នឹង​បន្តរក្សា​កំណើន​សេដ្ឋកិច្ច​បាន ៧% ដែល​ជាចំណុច​គួរ​ឲ្យ​កោត​សរសើរ​ខ្លាំង​ណាស់។ ​មានស្ថិតិ​ជា​ច្រើនបាន​បង្ហាញ​ថា ទោះបីជា​កំណើន​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​នៅក្នុង​ទសវត្សកន្លង​មក ប៉ុន្តែ​ស្រ្តី​ភាគច្រើន​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅតែ​រស់នៅ​ក្រោម​ខ្សែបន្ទាត់ ប្ញស្មើ​នឹងខ្សែ​បន្ទាត់​នៃ​ភាព​ក្រីក្រ ហើយ​ពួកគេមាន​ភាពងាយស្រួល​នឹងធ្លាក់​ចូលទៅ​ក្នុងភាពក្រីក្រ​វិញ ដោយសារ​ពួកគេ​មិនមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ និងទៀង​ទាត់។​

នាងខ្ញុំ​សូមយក​ឱកាស​នេះ កោតសរសើរ និងលើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល ​ដែល​បន្ត​ជម្រុញក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម និង​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ឆ្លើយតប​ទៅ​នឹងផល​ប្រយោជន៍ ​និង​តម្រូវ​ការរបស់​កម្មករ​និយោជិត ​ជាពិសេស​ស្ត្រី​ដែល​កំពុង​ធ្វើការ​ក្នុង​វិស័យ​សេដ្ឋកិច្ចក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។ ទន្ទឹម​នឹង​នេះ នៅមាន​ការងារ​ជាច្រើន​ទៀត ​ដែល​រាជរដ្ឋាភិបាល ​និង​យើងទាំង​អស់គ្នា​ត្រូវចូល​រួមដោះ​ស្រាយ​ ដើម្បី​ធានា​ថាគោលនយោបាយ​ និង​វិធានការណ៍​ទាំងនេះ​បានឆ្លើយតប​ទៅនឹង​យេនឌ័រ ​និង​តម្រូវ​ការ​ជាក់លាក់​របស់​ស្រ្តី ​និង​ក្រុមជន​ងាយរងគ្រោះ។​ ហេតុដូច្នេះ ខ្ញុំសូមលើកទឹកចិត្ត​ដល់អ្នកពាក់ព័ន្ធ​ទាំងអស់ កម្មករ​និយោជិត និង​ក្រុមយុវជន និងនិស្សិត ត្រូវ​សិក្សាស្វែងយល់​ឲ្យបានច្បាស់អំពី​ខ្លឹមសារ និងនិតិវិធី​នានា និង​ផ្តល់​ពត៌មាន​ត្រឡប់​ឲ្យបានច្រើន​តាម​ដែលអាចធ្វើ​ទៅបាន ដើម្បី​ធ្វើឲ្យ​ការអនុវត្ត​នៃក្របខ័ណ្ឌ​គោលនយោបាយ​ជាតិទាំងមូល​រឹតតែ​មាន​ប្រសិទ្ធភាពខ្ពស់។

នៅក្នុង​ប្រទេសកម្ពុជា ស្រ្តីបានចូលរួម​យ៉ាងសកម្ម​លើគ្រប់វិស័យ ​ជាពិសេស​ស្រ្តី​បានចូលរួម​យ៉ាង​លើកលុប​លើ​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រពន្ធ័​​។ ទន្ទឹមនេះ ​ស្រ្តីនៅ​ទទួល​នូវការរង​គ្រោះ ​និង​ឧបសគ្គ​ជាច្រើននៅឡើយ។ យោងតាម​របាយការណ៍​មួយ​របស់អង្គការ​ពលកម្ម​អន្តរជាតិ​នាពេល​ថ្មីៗ​នេះ ​កម្ពុជា​ គឺជាប្រទេស​មួយ​ដែលមាន​កម្លាំង​ពលកម្ម​ក្រៅប្រព័ន្ធ​ច្រើន​ជាងគេ​បំផុត​ក្នុង​តំបន់ ​ដែលមាន​ចំនួន​ដល់ទៅ៩៣.១% (រាប់បញ្ចូល​ទាំងកម្មករ​ធ្វើការ​ក្នុងវិស័យ​កសិកម្ម)។ ជាង​ពាក់កណ្តាល​នៃកម្មករ​ទាំងនេះ គឺជាស្ត្រី។ កាន់តែ​ជាក់លាក់​ជាងនេះ​ទៅទៀត គឺស្រ្តី ៧នាក់​ក្នុង​ចំណាម ​ស្ត្រី១០នាក់ ប្រកប​ការងារ​ដែលមាន​លក្ខណៈ​ងាយរងគ្រោះ។​

កាន់តែ​ធ្ងន់​ជាង​នេះ ស្រ្តីក្នុង​ក្រុមអាយុ​២៤ ដល់៣៥ ឆ្នាំ មាន​ភាពងាយ​រងគ្រោះ​ជាង​បុរស​នៅ​ក្នុង​ភាពក្រីក្រ​ខ្លាំង ដែល​ក្នុងវ័យ​នេះ ជា​វ័យ​ពេញ​កម្លាំង​ពលកម្ម​ និង​វ័យ​បន្តពូជ ។​ ស្រ្តីជាទូទៅ​ ទូទាំងពិភពលោក ទទួល​បន្ទុក​ការងារ​ថែទាំ​គ្រួសារ​ ដែល​ជា​ការងារ​គ្មាន​កម្រៃ។​ ស្ត្រីចំណាយ​ពេល​ជាមធ្យម​ពីរម៉ោងបន្ថែម​ទៀត​ក្នុងមួយ​ថ្ងៃច្រើនជាង​បុរស នៅក្នុង​ទំនួល​ខុស​ត្រូវ​ថែទាំ​គ្រួសារ។ ទំនួល​ខុសត្រូវ​ទាំងនេះ មានចាប់​ពីការ​ថែ​ទាំ​កុមារ​តូចៗ ប្ញសាច់ញាតិ ​ដែលមាន​ជំងឺ រហូតដល់ការ​ទៅដងទឹក ​និង​ធ្វើ​ម្ហូប​អាហារសម្រាប់​គ្រួសារ។ ចំនួន​ម៉ោង​ដែល​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ប្រើប្រាស់​នៅក្នុង​ទំនួលខុស​ត្រូវ​ថែទាំគ្រួសារ ​ដោយគ្មាន​ប្រាក់​ឈ្នួល ត្រូវ​ការការស្រាវ​ជ្រាវ​បន្ថែម ។

ដូច្នេះ ទោះបីជាយើង​កាត់បន្ថយ​ភាពក្រីក្រ​បាន​ជោគជ័យ​មែន ហើយ​កំណើន​សេដ្ឋកិច្ច​មាន​ការរីកចម្រើន​គួរ​ឲ្យកត់​សម្គាល់​ក្នុង​ទស្សវត្សន៍​កន្លង​មក ​បើសិន​ជាមិន​មានគោល​នយោបាយ ​និង​កម្ម​វិធី​កិច្ចគាំពារ​សង្គម ដែល​មានប្រសិទ្ធភាព​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ស្ត្រី ​និង​កុមារី​ ជាពិសេសកម្មការក្រៅប្រព័ន្ធ​ដែល​មាន​រហូត​ដល់ ៩៣.១% នោះទេ នោះ​ប្រទេស​កម្ពុជា​នឹង​មិន​អាច​ទទួល​ភាព​ជោគជ័យ ​និង​ក្លាយ​ទៅជា​ប្រទេស ដែល​មានចំណូល​មធ្យម​កម្រិត​ខ្ពស់​ទេ។

ហេតុអ្វី​យើង​ត្រូវ​ផ្តោត​លើ​ស្ត្រី និង​កុមារី? មិនថា​តែ​ប្រទេស​កម្ពុជា​ទេ ប្រទេស​ណាក៏ដោយ​មិន​អាចដោះ​គន្លឹះ​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន ហើយក្លាយ​ជាប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ទេ បើសិន​ជាប្រទេស​នោះ​មិនបាន​ជម្រុញ​ឲ្យ​កុមាររី​បានចូល​សាលាបាន​១០០% និង​ស្ត្រី​បាន​ចូល​រួម​ក្នុង​កម្លាំង​ចលករ​សេដ្ឋកិច្ចជាតិ​ ហើយ​ប្រព័ន្ធ​កិច្ចគាំពារ​សង្គម​ហ្នឹង​បាន​ទៅដល់​ប្រជាជន​ទាំងអស់​ កាលណា​ពួកគាត់​ទទួល​បាន​សេវា​ពេញលេញ​ពីប្រព័ន្ធ​ទាំងនេះ​ ពួកគាត់​ដែល​ជាស្ត្រី​ដែល​មាន​ជាង ៥០% នឹង​អាច​ជម្រុញ​សេដ្ឋកិច្ច​ជាតិ សម្រេច​សុបិន្ត​កម្ពុជា ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់។

បដិវត្តន៍​នៃ​ឧស្សាហកម្ម ៤.០​ នឹង​អាច​ប៉ះពាល់​ដល់​ស្រ្តីជាង​ច្រើន​ក្រុម​ផ្សេងទៀត​ ដោយសារ​ប្រភេទការងារ​ដែល​ស្រ្តី​ធ្វើ ឧទាហរណ៍​ រោង​ចក្រកាត់​ដេរ​ ដែល​អាច​ត្រូវ​បាន​ជំនួស​ដោយ​គ្រឿង​យន្ត​ទំនើប ហើយ​ស្ត្រី​មិនទាន់​មាន​ជំនាញ​កម្រិត​ខ្ពស់ ដែល​អាច​ឈាន​ទៅការងារ​ថ្មី​ទាន់​ពេល​វេលា។

ដូចនេះ​ជាការ​ចាំបាច់​ដែល​ត្រូវ​បង្កើន​ការវិនិយោគ​សម្រាប់​ស្រ្តី ទាំង​ការអប់រំ​ចំណេះ​ដឹង ​និង​ជំនាញ​វិជ្ជាជីវៈ ក៏ដូច​ជាការ​ទទួល​បាន​នូវ​សេវា​ថែទាំ​សុខភាព​ ប្រកប​ដោយ​គុណភាព​ ដើម្បី​ឲ្យពួកគេ​អាចចូល​រួមក្នុង​យ៉ាង​សកម្ម​នៅក្នុង​ការងារ​ដែល​មាន​សុវតិ្តភាព និង​ថ្លៃ​ថ្នូរ។​

ការ​ទទួល​ស្គាល់​ការងារ​ថែទាំ​គ្រួសារ និង​បង្កើន​ការ​វិនិយោគ​ទៅ​លើសេវា​ថែទាំ​គ្រួសារ​ គឹ​មាន​សារសំខាន់​ក្នុងការ​លើកកម្ពស់​សមភាព​យេនឌ័រ ​លើក​កម្ពស់​ភាព​អង់​អាច​របស់​ស្រ្តី ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច។ ការសិក្សា​ថ្មី​មួយ​បានរក​ឃើញថា ​ប្រាក់១ដុល្លារ​ នៃ​ថវិកា​សាធារណៈ​ដែល​វិនិយោគ​ក្នុង​វិស័យ​សេវា​ថែទាំ​គ្រួសារ អាច​បង្កើត​ការងារ​បាន​២.៥ដង ច្រើន​ជាង​ប្រាក់​១ដុល្លារ ​ដែល​វិនិយោគ​ក្នុង​ឧស្សាហកម្មសំណង់។ ប្រសិន បើសេវា​ថែទាំ​គ្រួសារ ត្រូវបាន​ចែក​រំលែក ប្ញកាត់​បន្ថយ​ពីបន្ទុក​របស់​គ្រួសារ​ ទៅជាការ​ទទួល​ខុស​ត្រូវ​របស់​សហគមន៍ និង​រដ្ឋ កាត់​បន្ថយ​ពី​បន្ទុក​ការងារ​របស់ស្រ្តី ទៅ​ជាការ​ទទួល​ខុស​ត្រូវទាំង​បុរស​ទាំងស្រ្តី នឹងធ្វើ​ឲ្យ​ស្រ្តី​មាន​សមត្ថភាព ​និង​លទ្ធភាព​គ្រប់គ្រាន់ ​ចូលរួម​យ៉ាងពេញ​សមត្ថភាពទៅក្នុង​ទីផ្សារ​ពលកម្ម មាន​ចំណូល​សមស្រប មាន​ការងារ​ថ្លៃ​ថ្នូរ​ ក៏​ដូចជា​ការផ្លាស់​ប្តូរ​តួរនាទី​យេនឌ័រនៅ​ក្នុង​គ្រួសារ និង​ក្នុងសង្គម។ ម្យ៉ាងទៀត ​សេវាថែទាំ​គ្រួសារ អាច​បង្កើត​ការងារ​បាន​យ៉ាងច្រើន ផងដែរ។​

អង្គការ​អុកស្វាម សូមអំពាវនាវ​ដល់​ស្ថាប័ន​រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ​នានា​ដែល​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ពង្រឹង និងពង្រីក​ការ​វិនិយោគ និង​កំណត់​ថវិកា​សាធារណៈ ​ដែល​វិនិយោគ​ទៅ​លើ​កិច្ចគាំពារ​សង្គម ដែលផ្តោត​ជាពិសេស​លើ​ស្ត្រី និង​កុមារ។

អង្គការអុកស្វាម និងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័ន​រាជរដ្ឋាភិបាល ដើម្បី​ចូលរួមចំណែក ធ្វើឲ្យការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឲ្យរឹតតែមានភាពប្រសើរឡើង។

ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់គណអធិបតី ប្អូនៗនិស្សិត និងអ្នកចូលរួមទាំងអស់ ឲ្យទទួលបាននូវផ្លៃផ្កាល្អក្នុងការជជែកពិភាក្សាដ៏មានសារសំខាន់នេះ និងសូមមានសុខភាពល្អ និងជោគ ជ័យក្នុងការងារ។​