ពីនេះពីនោះ

មិត្តជាទីរាប់អាន!

នាងខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយបាន ចែករំលែកមិត្តអ្នកអានទាំងអស់គ្នា អំពីការចេញផ្សាយលើកដំបូងរបស់ព្រឹត្តិបត្រប្រចាំត្រីមាសរបស់យើងដែលមានឈ្មោះថា «ពីនេះពីនោះ»។ ចំណងជើងនេះត្រូវបានសហសេវិក និងមិត្តច្រើនលើសលុបជ្រើសរើស នៅក្នុងពេលដំណើរការរៀបចំព្រឹត្តិបត្រនេះ។ ពីនេះពីនោះ សំដៅលើការសន្ទនាសាមញ្ញលើប្រធានបទផ្សេងៗ រាប់ទាំងរឿងទូទៅ ដល់កិច្ចការនយោបាយ ដែលមានសារៈសំខាន់ដល់ជនគ្រប់រូប។

យើងខ្ញុំចង់ឱ្យព្រឹត្តិបត្រ ពីនេះពីនោះ រួមចំណែកដល់ការចែករំលែកចំណេះដឹង និងការរៀនសូត្រ ទាក់ទងនឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។ ក្នុងន័យនេះ ព្រឹត្តិបត្ររបស់យើងនឹងសហការជាមួយដៃគូ អ្នកគាំទ្រ និងម្ចាស់ជំនួយ ព្រមទាំងសហសេវិករបស់អុកស្វាម ដើម្បីពាំនាំមកជូនមិត្តទាំងអស់នូវរឿងរ៉ាវ ដែលកើតមានចំពោះប្រជាជនដែលយើងធ្វើការជាមួយ ក៏ដូចជារំលេចឡើងនូវឱកាសរៀបចំគោលនយោបាយនានា ដើម្បីជួយគាំទ្រដល់ប្រជាជនដែលយើងធ្វើការជាមួយ នៅក្នុងពេលដែលពួកគេប្រឹងប្រែងប្រកបកិច្ចការដោយចីរភាពឆ្ពោះទៅរំដោះខ្លួនចេញពីភាពក្រីក្រ។

រូបខ្ញុំបានកើតនៅចំពេលដែលកម្ពុជាស្ថិតនៅជាប្រទេសមួយរងការហែកហួរ ដោយសង្គ្រាម និងហ៊ុំព័ទ្ធដោយភាពក្រីក្រតោកយ៉ាក។ ក្នុងនាមជាស្ត្រីខ្មែរមួយរូប ខ្ញុំមានមោទនភាពចំពោះបេសកកម្មរបស់អង្គការអុកស្វាមនៅក្នុងការប្រឆាំងនឹងភាពក្រីក្រ និងអយុត្តិធម៌ផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលត្រូវគ្នាជាមួយនឹងជំនឿរបស់ខ្ញុំតែម្តង។ ខ្ញុំធ្លាប់បាននិយាយប្រាប់មិត្តជាច្រើនហើយថា ការវិលត្រលប់មកកម្ពុជាវិញមកធ្វើជានាយិការបស់អុកស្វាមប្រចាំប្រទេស គឺពិតជាការងារក្នុងសុបិនមួយរបស់ខ្ញុំ។
អុកស្វាមបាននឹងកំពុងគាំទ្រដល់ប្រជាជនកម្ពុជានៅក្នុងការអភិវឌ្ឍរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៧៩ មក។ កាលនោះ វាគឺជាអន្តរាគមន៍មនុស្សធម៌សុទ្ធសាធ ដែលក្នុងនោះ អុកស្វាមខិតខំព្យាយាមឆ្លើយតប ទៅនឹងតម្រូវការនានាជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា។ ចាប់តាំងពីពេលនោះមក ប្រទេសកម្ពុជាមានការប្រែក្លាយគួរឱ្យកត់សម្គាល់ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាទៀងទាត់ក្នុងកម្រិតមធ្យម ៧% ក្នុងមួយឆ្នាំ។

នៅក្នុងការដើរតាមគន្លងអភិវឌ្ឍន៍របស់កម្ពុជា កិច្ចអន្តរាគមន៍របស់អុកស្វាមខ្លួនឯង ក៏មានការប្រែប្រួលទៅតាមនោះដែរ នៅក្នុងអំឡុងពេលបួនទសវត្សរ៍កន្លងទៅនេះ។ ប្រសិនបើអ្នកសួរខ្ញុំថា តើអ្វីដែលអុកស្វាមគួរតែធ្វើ នៅក្នុងប្រទេសមានចំណូលទាប កម្រិតមធ្យមដូចជាប្រទេសកម្ពុជា ដែលការពិភាក្សាដេញដោលលែងផ្តោតទៅលើរឿង«កង្វះធនធាន» ទៀតហើយ ប៉ុន្តែផ្តោតទៅលើ«អភិបាលកិច្ចធនធាន»វិញនោះ ខ្ញុំគ្រាន់តែអាចឆ្លើយបានថា វានៅតែចាំបាច់សម្រាប់ឱ្យអុកស្វាមបន្តធ្វើការជាមួយប្រជាជនកម្ពុជា តទៅមុខទៀត។ អុកស្វាមត្រូវតែជួយប្រជាជនកម្ពុជា ឱ្យបញ្ចេញឱ្យអស់នូវសក្តានុពលរបស់ខ្លួន ដើម្បីឈានទៅសម្រេចឱ្យបានកំណើនប្រកបដោយបរិយាប័ន្ន និងមានគណនេយ្យភាពសង្គមធំធេងថែមទៀត ជាពិសេសសម្រាប់ជាប្រយោជន៍ដល់ក្រុមជនងាយរងគ្រោះ។ យើងជឿថា «គ្មានពលរដ្ឋកម្ពុជាណាម្នាក់ គួរត្រូវបានមើលរំលងឡើយ»។ ក្នុងស្មារតីនេះ អុកស្វាម ប្តេជ្ញាចិត្តបន្តធ្វើការជាមួយតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីរកឱ្យឃើញនូវដំណោះស្រាយរយៈពេលវែងចំពោះបញ្ហាភាពក្រីក្រដ៏ស្មុគស្មាញ។

មុននឹងបញ្ចប់ ខ្ញុំសូមអំពាវនាវសុំការរួមចំណែកពីមិត្តអ្នកអានទាំងអស់គ្នា! នៅក្រោមផ្នែកឈ្មោះថា ទស្សនវិស័យ យើងខ្ញុំចង់ធ្វើការរំលេចឡើងនូវទស្សនៈរបស់តួអង្គនានានៅក្នុងសង្គមកម្ពុជា នៅលើប្រធានបទសំខាន់ៗ ឱ្យបានទូលំទូលាយ។ ដូច្នេះ សូមអញ្ជើញផ្ញើអត្ថបទមតិយោបល់របស់លោកអ្នកទៅកាន់អ៊ីមែល Pineeh.Pinooh@cambodia.oxfam.org ហើយយើងនឹងយកទៅចុះផ្សាយអត្ថបទណាដែលមានន័យ និងទាក់ទាញបំផុត។
ខ្ញុំសង្ឃឹមថា មិត្តទាំងអស់នឹងទទួលបាននូវភាពរីករាយ ជាមួយការចេញផ្សាយលើកដំបូងរបស់ ពីនេះពីនោះ!

សូមជូនពរបវរថ្លៃថ្លាដល់មិត្តគ្រប់ៗគ្នា!
សូលីន