នៅឆ្នាំ ១៩៧៩ អង្គការអុកស្វាម បានដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការដឹកជញ្ជូនស្បៀងអាហារ មកជួយប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជា ដែលកំពុងត្រូវការជំនួយបន្ទាន់ បន្ទាប់ពីការដួលរលំ នៃ របបខ្មែរក្រហម។ បន្ទាប់ពីការចេញផ្សាយព័ត៌មាននៅលើ John Pilger និងកម្មវិធីទូរទស្សន៍ អំពាវនាវ គៀងគរថវិកា ដែលមានឈ្មោះថា Blue Peter អង្គការអុកស្វាម បានគៀងគរថវិការជាង ៣លានផោន ។ រូបភា៖ អុកស្វាម

វិចារណកថា៖ ពីនេះពីនោះ២

មិត្ត​ជា​ទីរាប់​អាន!

តាង​នាម​ឱ្យ​អង្គការ​អុកស្វាម ខ្ញុំ​សូម​ជូនពរ​សម្តេច លោក​ជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា និងក្រុមគ្រួសារ​ទាំងអស់​ទទួល​បាន​នូវ​ពរជ័យ សិរីមង្គល វិបុលសុខ​មហាប្រសើរ និង​ជោគជ័យ ក្នុង ឆ្នាំថ្មី ឆ្នាំ​២០១៩ នេះ និង​សូមថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកអ្នក​ដែល​អ្នក​បាន​អាន​ការ​ចេញផ្សាយ​ជា​លើក​ដំបូង​របស់ “ពីនេះពីនោះ” និង​ចំពោះ​ការ​ផ្តល់​មក​វិញ​នូវ​មតិ​តប ដែល​មាន​អត្ថន័យ​ស្ថាបនា និង​លើក​ទឹក​ចិត្ត!

ឆ្នាំ២០១៩ គឺ​ជា​ខួបលើក​ទី៤០ នៃ​ការ​បញ្ចប់​នៃ​របប​ខ្មែរក្រហម​ដែល​បង្ក​ការស្លាប់ និង​ការ​កាប់សម្លាប់​រង្គាល ដោយបន្សល់​ទុកស្នាម​របួស​ជា​អចិន្រ្តៃយ៍ និង​ភាពតក់​ស្លុត​យ៉ាង​ជ្រាលជ្រៅ ប៉ះពាល់​ដល់​ស្មារតី​របស់​ប្រជាជន​រាប់លាននាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឆ្នាំនេះ​ក៏​ជា​ខួប​៤០ឆ្នាំ​ផង​ដែរ សម្រាប់​អង្គការ​អុកស្វាម ចាប់តាំង​ពី​ពេល​ដែល​អង្គការ​នេះ​ផ្តើម​ធ្វើ​អន្តរាគមន៍​ផ្នែក​មនុស្សធម៌​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នេះ រួមគ្នា​ជាមួយ​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិផ្សេង​ទៀត។

នៅ​ឆ្នាំ​១៩៧៩ អង្គការ​អុកស្វាម​បាន​ធ្វើ​ការ​អំពាវនាវ​ជា​លើក​ដំបូង​រក​ប្រាក់​ជំនួយ​មនុស្សធម៌​ចំនួន ១០ម៉ឺន​ផោន ហើយ​ក្នុងរយៈ​ពេល​បី​ខែ​ប៉ុណ្ណោះ អុកស្វាមបានរៃ​អង្គាស​រហូត​ដល់​ទៅ ៣លាន​ផោន សម្រាប់​យក​មក “ផ្តត់ផ្គង់​ស្បៀង​អាហារ​ដល់​កម្ពុជា”Blue Peter ជា​កម្មវិធី​ទូរទស្សន៍​ពេញនិយម​មួយ​សម្រាប់​កុមារ​នៅ​ចក្រភព​អង់គ្លេស បាន​ធ្វើ​ការ​ចាក់ផ្សាយ​អំពី​យុទ្ធនា​ការ​កៀងគរ​មូលនិធិ​នេះឱ្យ​ទៅដល់​ទស្សនិក​ជន​វ័យក្មេង​រាប់​លាន​នាក់​របស់​ខ្លួន។ នៅពេល​ដែល​អានអត្ថបទ​កាសែត​មួយ​អំពីយុទ្ធនាការ​នេះ រូបខ្ញុំ​មាន​ក្តី​រំភើប​ក្រៃលែង​នៅ​ពេល​ដែល​បានដឹង​តាម​រយៈអត្ថបទ​នោះថា ក្មេងស្រី​ម្នាក់អាយុ​៤ឆ្នាំ សុខចិត្ត​លក់​វត្ថុលេង​ដ៏ស្អាត​របស់​ខ្លួន ដើម្បី​យកប្រាក់​មក​ធ្វើ​វិភាគទាន​សម្រាប់​ទិញ​អាហារ​ឱ្យ​ក្មេង​ៗកម្ពុជា​ជា​ច្រើន​នាក់​ដែល​កំពុង​តែរស់​ក្នុង​ភាព​ស្រេកឃ្លាន​ដូច​រូបខ្ញុំដែរ។ ពេល​នោះ មាន​មនុស្ស​ចម្លែក​វ័យក្មេង​ច្រើននាក់​ណាស់​ដែល​បាន​បើក​បេះដូង​របស់​ខ្លួន ធ្វើ​ទាន​សប្បុរស​ដល់​ពួក​យើង។ រូប​ខ្ញុំ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្មេងៗ​កម្ពុជា ដែល​កុមារី​អង់គ្លេស​រូបនោះ​មិន​បានស្គាល់​ទេ ប៉ុន្តែ​ចង់​ជួយ។ ម្តាយ​របស់​ខ្ញុំ​ត្រូវ​ទៅ​ដក់​ស្ទូង​នៅ​វាល​ស្រែ។ ជីដូន​របស់​ខ្ញុំ​ចិញ្ចឹម​ខ្ញុំ​ដោយ ទឹក​ដែល​រំងាស់​ពី​អង្ក្រង​ជំនួស​ឲ្យ​ទឹកដោះ។ នៅ​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ធ្វើ​ការ​នៅ​អុកស្វាម ខ្ញុំ​បាន​ស្រាវជ្រាវ​រករូបថត និង​ឯកសារ​ចាស់ៗ​អំពី​ជំនាន់​នោះយក​មកមើល ដើម្បី​ឈ្វេង​យល់​ថា​តើ​រូប​ខ្ញុំ​ចេញ​ពី​ប្រភព​ណាមក។ ខ្ញុំ​បាន​ប្រទះ​ឃើញ​រូបថត និង វីដេអូ​ជា​ច្រើន​ ដែល​នាំ​មកនូវ​អារម្មណ៍​ច្របូកច្របល់​ដល់​រូបខ្ញុំ​ក្នុង​នាម​ជា​ជនកម្ពុជា​មួយ​រូប ​ដែល​ធំ​ដឹង​ក្តី​នៅ​ក្នុង​ជំនាន់​នោះ។ កម្ពុជា​បាន​ឆ្លងកាត់​រឿងរ៉ាវ​យ៉ាង​ច្រើន ប៉ុន្តែ​ប្រទេស​នេះ​នៅ​មាន​ដំណើរ​ដ៏​វែងឆ្ងាយ​ទៀត​ ដើម្បី​ទៅដល់​គោលដៅ​ដែលខ្លួនសក្តិសម​នឹង​ទៅ​ដល់។

ពេលខ្ញុំ​ជជែក​ជាមួយ​បុគ្គលិក​អុកស្វាម​ទាំងខ្មែរ និង​បរទេស​ដែល​គាត់​ធ្វើការ​នៅ​កំឡុង​ឆ្នាំ ៧០ និង​៨០ ខ្ញុំ​ភ្ញាក់​ផ្អើល​នឹង​អ្វីដែល​ពួកគាត់​បានលើក​ឡើង ហើយ​នៅតែ​ជា​ការពិត​រហូត​មក​ដល់សព្វ​ថ្ងៃនេះ ​ដែល​ថា៖ ភាគី​អភិវឌ្ឍ​ពាក់ព័ន្ធ​ទាំងអស់ និងរាជរដ្ឋាភិបាល ត្រូវ​តែ​ខិត​ខំធ្វើ​ការ​ជាមួយ​គ្នា និង​អត់​អោន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កសាង​ទំនុក​ចិត្ត​រវាង​គ្នា​និង​គ្នា​បន្តិច​ម្តងៗ។ ភាពក្រីក្រ​មាន​លក្ខណៈ​ស្មុគស្មាញ​ណាស់។ ភាព​ជា​ដៃគូ​ពិត​ប្រាកដ​ និង​ការ​ប្តេជ្ញាចិត្ត​ គឺ​ជាភាពចាំបាច់ខ្វះ​មិន​បាន ​ដើម្បីឈាន​ទៅ​លុប​បំបាត់​ភាព​ក្រីក្រ។

ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ឆ្នាំ​២០១៩ នឹង​ក្លាយ​ជា​ឆ្នាំ​ដែល​នាំ​មកនូវ​ការយល់​គ្នាទៅវិញ​ទៅមក​កាន់​តែ​ប្រសើរ និង​ភាពជា​ដៃគូ​កាន់​តែ​ប្រកប​ដោយ​អត្ថន័យ​នៅ​ក្នុង​ចំណោម​តួអង្គ​ទាំង​អស់ ដើម្បី​ជា​ប្រយោជន៍​ដល់​មនុស្សជំនាន់​ក្រោយៗ​ទៀត​របស់​កម្ពុជា។

នៅ​ទីបញ្ចប់ យើងខ្ញុំ​នៅតែ​ចង់បាន​មតិពី​អ្នក​ទាំងអស់​គ្នា! ដូច្នេះ សូម​ផ្ញើ​មក​យើង​នូវ​អត្ថាធិប្បាយ ឬអត្ថបទ​បញ្ចេញ​យោបល់​របស់​អ្នក​ទៅកាន់អ៊ីមែល PineehPinooh.Cambodia@oxfam.org ហើយអត្ថបទណាដែល​គួរឱ្យ​ចាប់​អារម្មណ៍​ជាង​គេ​នឹង​ត្រូវ​បាន​យក​ទៅចុះ​ផ្សាយ​លើ​ទំព័រ ទស្សនៈវិស័យ របស់យើង!

ខ្ញុំសង្ឃឹមថាលោកអ្នក​រីករាយជាមួយ “ពីនេះពីនោះ”!

សូមជូនពរបវរប្រសើរ និង​រីករាយឆ្នាំថ្មី!

សូលីន