International Domestic Workers Day

Sunday, June 16, 2019 - 01:00 to 10:00

សាវតា

វិស័យការងារតាមផ្ទះ គឺជាផ្នែកមួយដ៏​សំខាន់នៃកម្លាំងពលកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគ្របដណ្តប់ចំនួនកម្មករចំនួនប្រមាណ ៦៧.១ លាននាក់ នៅលើពិភពលោក (ដែលមានអាយុលើសពី ១៥ ឆ្នាំ) ដែលភាគច្រើនជាស្ត្រី​ (៨៣ ភាគរយ)។ ក្នុងឆ្នាំ ២០១៥ មានកម្មករការងារផ្ទះដែលធ្វើការក្រៅប្រទេសមានចំនួន​ ១១.៥ លាននាក់ ដែលស្មើជិត ៨ ភាគរយនៃចំនួនកម្មករការងារផ្ទះសរុប (របាយការណ៍អង្គការ ILO: ២០១៥)។​ ដោយមើលឃើញពីសារៈសំខាន់នៃវិស័យការងារផ្ទះជាផ្នែកដ៏សំខាន់មួយរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ ២០១១ អង្គការពលកម្មអន្តរជាតិបានអនុម័តនូវអនុសញ្ញាលេខ ១៨៩ ស្តីពីកម្មករការងារផ្ទះ ដោយទទួលស្គាល់សិទ្ធិកម្មករការងារផ្ទះដូចជាកម្មករដទៃទៀតដែរ (ILO Convention No.189) ក្នុងនោះរាប់បញ្ចូលទាំងការឈប់សម្រាកប្រចាំ សប្តាហ៍ ឬប្រចាំខែ ម៉ោងធ្វើការ ការទូទាត់សំណងពេលធ្វើការលើសម៉ោង ប្រាក់ឈ្នួលសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំ និងកិច្ចការពារសមស្របនានាប្រឆាំងនឹងអំពីហឹង្សា និងការបៀតបៀនគ្រប់ទម្រង់។ ការទទួលស្គាល់នេះបានក្លាយជាទិវាប្រវត្តិសាស្ត្រមួយ ដែលកម្មករការងារផ្ទះទូទាំងពិភពលោកតែងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៦ មិថុនា ជារៀងរាល់ឆ្នាំ ដើម្បីជាការរំលឹកនិងអបអរសាទរ។

នៅប្រទេសកម្ពុជា កម្មករការងារផ្ទះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រមាណ ២៤០,០០០នាក់ ដែលភាគច្រើនគឺជាស្ត្រី (ILO: 2018)។​ ពួកគេធ្វើកិច្ចការដូចជាការបោសសំអាត ចម្អិនអាហារ បោកគក់និងអ៊ុត ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ​ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម។

ការយល់ដឹងស្តីពីបរិបទស្ថានភាពកម្មករការងារផ្ទះនៅកម្ពុជាថ្មីៗ នៅមានកម្រិត ដោយសារតែកង្វះការស្រាវជ្រាវទូលំទូលាយ។ យោងលើស្រាវជ្រាវរបស់អង្គការពលកម្មអន្តរជាតិ ឆ្នាំ២០០៩ ស្តីពីស្ថានភាពរស់នៅ និងលក្ខខ័ណ្ឌការងារកម្មករការងារផ្ទះនៅកម្ពុជា បានរកឃើញថា កម្មករការងារផ្ទះនៅតែជាកម្មករដែលស្ថិតក្នុងភាពងាយរងគ្រោះជាងគេក្នុងចំណោមកម្មករដទៃទៀត​ ។ ពួកគេប្រឈមនឹងការកំណត់សេរីភាពនៃការធ្វើចលនា ប្រាក់ឈ្នួលទាប មិនមានកិច្ចសន្យាការងារ ច្បាស់លាស់ ធ្វើការលើសម៉ោង សម្រាកមិនគ្រប់គ្រាន់ ការងារច្រើនលើសលប់ ហើយងាយប្រឈមនឹងហានិភ័យផ្នែកហឹង្សាផ្លូវកាយ ផ្លូវភេទ និងការជួញដូរ។

ព្រះរាជាណាចក្រកម្ពុជានៅមិនទាន់បានផ្តល់សច្ចាប័ន លើអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ ​១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករការងារផ្ទះនៅឡើយទេ។ ច្បាប់ស្តីពីការងារ ក៏មិនបានចែងជាក់លាក់អំពីកម្មករការងារផ្ទះដែរ។ ប្រកាសលេខ ២៣៥ របស់ក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈចេញនៅខែឧសភា ឆ្នាំ២០១៨ បានអនុលោមជាមួយនឹងបទបញ្ញត្តិអនុសញ្ញាអង្គការអន្តរជាតិខាងការងារលេខ ​១៨៩​ ក៏ដូចជាអនុសាសន៍លេខ ២០១ ប៉ុន្តែមិនបានរាប់បញ្ចូលកម្មករការងារផ្ទះឆ្លងដែន មិនមានបញ្ជាក់ពីការកសាងសមត្ថភាព និងយន្តការច្បាស់លាស់ដើម្បីការពារកម្មករការងារផ្ទះ ពិសេសកម្មករជាកុមារ។ ដូចគ្នានេះ ស្តង់ដាទម្រង់កិច្ចសន្យាការងារសម្រាប់កម្មករការងារផ្ទះនៅមិនទាន់បង្កើតឡើងនៅឡើយ។​ មកដល់ពេលនេះ កម្មករការងារផ្ទះមិនទាន់ទទួលបានការគ្របដណ្តប់ និងអត្ថប្រយោជន៍ពេញលេញពីកម្មវិធីកិច្ចគាំពារសង្គម ដូចជាការថែទាំសុខភាព ហានិភ័យការងារ និងមាតុភាព។ ជាមួយគ្នានេះ ការពង្រឹង និងកសាងសមត្ថភាពកម្មករការងារផ្ទះនៅមានកម្រិតបំផុត ដោយហេតុថាកម្មករការងារផ្ទះគឺជាកម្មករដែលគេគិតថាមិនត្រូវការជំនាញ ដូចកម្មករដ៏ទៃ។

អង្គការអុកស្វាមកម្ពុជា សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអង្គការ Solidarity Center បានសហការគ្នានឹងរៀបចំវេទិកាស្តីពី​ “ការលើកកម្ពស់កិច្ចគាំពារសង្គមសម្រាប់កម្មករការងារផ្ទះនៅកម្ពុជា”​ ដើម្បីជារំលឹក និងអបអរសាទរដល់ទិវាកម្មករការងារផ្ទះទូទាំងពិភពលោកលើកទី០៨ និងជាការចូលរួមចំណែកដោះស្រាយស្ថានភាពការងារ និងការរស់នៅរបស់កម្មករការងារតាមផ្ទះ។

គោលបំណង

១). បន្តផ្សព្វផ្សាយ និងរំលឹកទិវាកម្មករការងារផ្ទះពិភពលោកដែលបានទទួលស្គាល់កម្មករការងារផ្ទះដូចជាកម្មករដទៃទៀត ។

២). បង្កើនកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងកិច្ចសន្ទនាសង្គមរវាងស្ថាប័នពាក់ព័ន្ធជាមួយក​ម្មករការងារផ្ទះ ។

៣).​ ផ្តល់ឳកាសដល់កម្មករការងារផ្ទះ ស្វែងយល់ពីគោលនយោបាយ​ជាតិ កម្មវិធី និងកិច្ចប្រឹងប្រែងនានាដើម្បីឆ្លើយតបនឹងតម្រូវការរបស់កម្មករការងារផ្ទះ ។

៤). ផ្តល់ឳកាសដល់កម្មករការងារផ្ទះ ពិភាក្សានិងចែករំលែកពីស្ថានភាពការងារ និងបញ្ហាប្រឈមដែលពួកគេជួបប្រទះ និងលើកជាសំណើទៅកាន់អ្នកពាក់ព័ន្ធ ដើម្បីទទួលបានការឆ្លើយតប និងដំណោះស្រាយសមស្រប ។

អ្នកចូលរួម និងវិធីសាស្រ្ត

វេទិការបស់កម្មករការងារផ្ទះដែលមានរយៈពេល ០១ ថ្ងៃនេះ នឹងអ្នកចូលរួមទាំងអស់ចំនួន​ ២៥០ នាក់ រួមមាន ស្រ្តីកម្មករតាមផ្ទះ ស្រ្តីអ្នកលក់ដូរតាមផ្លូវ និងតំណាងក្រុមកម្មករដឹកជញ្ជូន ដែលមកពីវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ តំណាងម្ចាស់ផ្ទះ តំណាងមកពីអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ និងតំណាងពីរាជរដ្ឋាភិបាលកម្ពុជា ។ ​វេទិកានេះនឹងប្រើប្រាស់វិធីសាស្ត្រមួយចំនួនដូចជា៖ ស័ង្កថាស្វាគមន៍ សន្ទរកថា​ បទអន្តរាគមន៍ពីអ្នកជំនាញ ក្រុមពិភាក្សា បទបង្ហាញរបស់ក្រុមតូចៗ ចម្រៀង ការសម្តែងល្ខោនខ្លី និងសំនួរ-​ចម្លើយ ។ ភាសាដែលប្រើប្រាស់គឺភាសាខ្មែរ ។

របៀបវារៈ

អ្នករៀបចំ