រូបថតប្រជុំជាមួយសហគមន៍នៅខេត្តស្ទឹងត្រែង

ភាពជាអ្នកដឹកនាំស្រ្តីក្នុងវិស័យជលផល

តំណាងជាស្ត្រីមេដឹកនាំសហគមន៍នេសាទមកពីតំបន់នានាទូទាំងប្រទេសកម្ពុជារួមមាន មេគង្គ ទន្លេបី តំបន់ឆ្នេរ​ និងទន្លេសាប បានមកជួបជុំគ្នានៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ “ស្តីពីលទ្ធភាពបង្កើតបណ្តាញស្រ្តីអ្នកដឹកនាំសហគមន៍នេសាទ” ដែលរៀបចំដោយអង្គការអុកស្វាម និងដៃគូ រួមមាន៖ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) អង្គការភូមិខ្ញុំ (MVI) អង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន្ត (NRD) អង្គការបណ្តាញការពារទន្លេសេសាន ស្រែពក សេកុង(3SPN) និងអង្គការសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)។ សិក្ខាសាលានេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅបីទីតាំងផ្សេងគ្នា នៅខេត្តបាត់ដំបង ស្ទឹងត្រែង និងរតនៈគីរី។

តាមរយៈសិក្ខាសាលានេះពិគ្រោះយោបល់នេះ តំណាងគណៈកម្មការសហគមន៍នេសាទ ជាពិសេសតំណាងស្រ្តី មកពីគ្រប់តំបន់ បានចែករំលែកអំពីបទពិសោធន៍ កត្តាប្រឈមរបស់ពួកគេក្នុងកិច្ចការពារធនធានជលផល ដើម្បីធានានូវនិរន្តភាពនៃជីវភាពរស់នៅរបស់ពួកគេ និងពិគ្រោះយោបល់អំពីភាពចាំបាច់ លទ្ធភាព និងដំណើរការដើម្បីឈានទៅបង្កើតបណ្តាញភាពជាអ្នកដឹកនាំស្រ្តីក្នុងវិស័យជលផល។

ការបង្កើតបណ្តាញភាពជាអ្នកដឹកនាំស្រ្តីក្នុងវិស័យជលផលនេះ មានគោលដៅពង្រឹងសមភាពយែនឌ័រ និងភាពជាតំណាងរបស់ស្រ្តីសហគមន៍នេសាទនៅគ្រប់កម្រិត និងពង្រឹងការចូលរួមរបស់ស្រ្តីក្នុងកិច្ចការពារ និងអភិរក្សធនធានជលផល ក៏ដូចជាការរួមចំណែកដល់ការលើកកម្ពស់សេដ្ឋកិច្ចរបស់ស្រ្តីក្នុងវិស័យជលផលប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព។​

លោកស្រី ដែន វុលដា​ ប្រធានបណ្តាញសហគមន៍នេសាទខេត្តស្ទឹងត្រែង ធ្វើបទបង្ហាញក្រុមពិភាក្សា។ រូបថត៖ ផែង រដ្ឋា/អង្គការថែរក្សាបរិស្ថាន និងវប្បធម៌

លោកស្រី ដែន វុលដា ប្រធានបណ្តាញសហគមន៍នេសាទខេត្តស្ទឹងត្រែង មានប្រសាសន៍ថា​ “យើងបានជជែកគ្នាអំពីការរៀបចំឱ្យមានតំណាងដែលជាមេដឹកនាំស្រ្តីសហគមន៍នេសាទនៅគ្រប់កម្រិត ពីព្រោះថាកន្លងមកយើងមិនទាន់មានតំណាងរបស់យើងនៅថ្នាក់ជាតិនៅឡើយទេ បើទោះបីមានបណ្តាញនានាជាច្រើន ប៉ុន្តែបណ្តាញស្រ្តីតំណាងសហគមន៍នេសាទគួរតែមាន ដើម្បីយើងអាចចូលរួមពិភាក្សាអំពីគោលនយោបាយនានាជាមួយស្ថាប័នពាក់ព័ន្ធ”។

លោកស្រី​ យ៉ង់ សាង៉ាន់ គណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ​ មានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តដែលបានចូលរួមសិក្ខាសាលាថ្ងៃនេះព្រោះវាបានផ្តល់ឱកាសឱ្យមានការជជែកពិភាក្សាដើម្បីបង្កើតបណ្តាញស្រ្តីក្នុងវិស័យជលផល ដែលវានឹងក្លាយជាវេទិកាមួយផ្តល់ឱកាសដល់តំណាងស្រ្តីមេដឹកនាំសហគមន៍នេសាទ ក្នុងការប្រាស្រ័យទាក់ទង ចែករំលែកបទពិសោធន៍ បានលើកអំពីឧបសគ្គ និងក្តីកង្វល់នានាដែលស្រ្តីក្នុងសហគមន៍ជួបប្រទះ ដល់អ្នកពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាល និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បីជួយដោះស្រាយ​​”។

កញ្ញា ឈួន ឡាន់ គណៈកម្មការសហគមន៍នេសាទកំពង់ភ្លុក ខេត្តសៀមរាបយល់ឃើញថាសិក្ខាសាលានេះមានសារៈសំខាន់សម្រាប់ស្រ្តីដែលពឹងអាស្រ័យផលលើធនធានជលផល ក្នុងការលើកឡើងអំពីបញ្ហាកង្វល់ និងកត្តាប្រឈមនានាក្នុងការបំពេញការងារក្នុងនាមជាមេដឹកនាំសហគមន៍។ កញ្ញាមានប្រសាសន៍ថា “ការបង្កើត
បណ្តាញនេះ នឹងផ្តល់ភាពងាយស្រួលដល់តំណាងស្រ្តី ដែលជាមេដឹកនាំសហគមន៍មកពីតំបន់នានាបានចែក
រំលកបទពិសោធន៍ ការរៀនសូត្រ និងបានបញ្ចេញសម្លេងរបស់ពួកតំណាងឱ្យស្រ្តីដែលពឹងអាស្រ័យផលលើធនធានជនផល នៅពេលណាដែលមានការពិភាក្សាអំពីគោលនយោបាយ”។

លោក តុន គន្ធែល ប្រធានគ្រប់គ្រងកម្មវិធី នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) បានមានប្រសាសន៍ថា កន្លងមកមិនទាន់មានបណ្តាញស្រ្តីនៅកម្រិតសហគមន៍នៅឡើយទេ វេទិកាភាពជាអ្នកដឹកនាំស្រ្តីក្នុងវិស័យជលផល បានពិភាក្សាលើលទ្ធភាពបង្កើត បណ្តាញស្រ្តីក្នុងវិស័យជលផល ដែលនឹងផ្តល់ឱកាសដល់អ្នកដឹកនាំស្រ្តីតំណាងមកសហគមន៍នេសាទគ្រប់តំបន់ (បឹងទន្លេសាប ទន្លេមេគង្គ និងតំបន់ឆ្នេរ) លើកបញ្ហាប្រឈម ក្តីកង្វល់របស់ប្រជានេសាទពាក់ព័ន្ធនឹងបញ្ហាជលផល និងជីវភាពរស់នៅរបស់ប្រជានេសាទូទាំងប្រទេស ជូនអាជ្ញាធរមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអ្នកបង្កើតគោលនយោបាយ ដោះស្រាយបញ្ហាឆ្លើយតបនឹងតម្រូវការរបស់ប្រជានេសាទ។ ការបង្កើតបណ្តាញស្រ្តីក្នុងវិស័យជលផល ក៏នឹងកសាងសមត្ថភាព ភាពជាអ្នកដឹកនាំរបស់ស្រ្តី លើកកម្ពស់ឱកាស ភាពអង់អាចក្លាហាន និងការចូលរួមកាន់តែច្រើនឡើងរបស់ស្រ្តីក្នុងគ្រប់សហគមន៍នេសាទ ក្នុងគ្រប់ដំណើរការធ្វើសេចក្តីសម្រេចចិត្តក្នុងការអភិវឌ្ឍន៍សហគមន៍។

លោកស្រី ភិន មិថុនា ប្រធានក្រុមស្រ្តីស្រុកលំផាត់ និងជាសមាជិកសហគមន៍នេសាទឃុំជ័យឩត្តម ខេត្តរតនៈគីរី មានប្រសាសន៍ថា “ការបង្កើតបណ្តាញនេះជាឱកាសក្នុងការផ្តល់ចំណេះដឹង ពង្រឹងតួនាទី សមត្ថភាព និងទំនុកចិត្តដល់អ្នកដឹកនាំស្រ្តីសហគមន៍នេសាទ ដើម្បីចូលរួមក្នុងកិច្ចការពារ និងអភិរក្សធនធានជលផលនៅសហគមន៍”។

ខាងក្រោមនេះជារូបភាពពីសិក្ខាសាលានៅខេត្តស្ទឹងត្រែង