Remarks: Launching of Inclusive National Social Protection Initiatives That Respond to The Need of Apparel Industry Employees

Monday, May 23, 2022

សូមគោរព លោកស្រី អ៊ុយ ច័ន្ទនិមល អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)
សូមគោរពលោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម (NSSF)
សូមគោរពលោក ឡៃ ហ៊ាងលី អនុប្រធានការិយាល័យនីតិកម្មនៃនាយកដ្ឋានគោលនយោបាយសន្តិសុខសង្កម
សូមគោរពថ្នាក់ដឹកនាំ និងតំណាងក្រសួង-រាជរដ្ឋាភិបាល សង្គមស៊ីវិល អង្គទូត ដៃគូអភិវឌ្ឍន៍ និងអង្គសិក្ខាសាលាទាំងមូល។


ថ្ងៃនេះ នាងខ្ញុំមានកិត្តិយសណាស់ ដែលបានចូលរួម និងមានចំណាប់អារម្មណ៍លើកម្មវិធីសិក្ខាសាលាដាក់ឱ្យអនុវត្តគម្រោង «កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» ហៅកាត់ថា «INSPIRE» នេះ។

ឯកឧត្តម! លោកជំទាវ និងអង្គសិក្ខាសាលាជាទីគោរព! គម្រោង INSPIRE គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរវាងអង្គការអុកស្វាម (ក្រោមជំនួយរបស់មូលនិធិ Laudes Foundation) និងអង្គការសហជីពចំនួន ៤ផ្សេងទៀតមានរួមមាន ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), សហភាពការងារកម្ពុជា (CLC), សហព័ន្ធសហជីពកម្ពុជា (CATU), និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)។

គម្រោងនេះនឹងត្រូវអនុវត្តរួមគ្នាពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥ ដើម្បីចូលរួមចំណែកជាមួយរាជដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា។

កន្លងមកអង្គការអុកស្វាម និងអង្គការដៃគូ បានសហការ និងធ្វើការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង និងនិយ័តករមួយចំនួនដូចជា ៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC), បេឡាជាតិសន្តិសុខសង្គម (NSSF), ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) និងក្រសួងកិច្ចការនារី (MoWA)​ ក្រសួងផែនការ ជាដើម -ល-។ កិច្ចសហការទាំងនេះ គឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកកម្ពស់ និងពង្រីកវិសាលភាពគោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា ជាពិសេសសម្រាប់ជនងាយរងគ្រោះ និងស្រ្តីជាដើម។

អង្គការអុកស្វាម បាននិងកំពុងអនុវត្តនូវកម្មវិធីកិច្ចគាំពារសង្គមមួយចំនួន ជាមួយ ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) អង្គការដៃគូ និងភាគីពាក់ព័ន្ធដទៃទៀត ដូចជាកម្មវិធី ៉​យន្តការជាតិផ្សព្វផ្សាយកិច្ចគាំពារសង្គម ការផ្សាភ្ជាប់កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណេៈ​កិច្ចជាមួយនឹងកិច្ចគាំពារសង្គម កិច្ចគាំពារសង្គមដែលឆ្លើយតបទៅនឹងយេនឌ័រ និងគ្រោះអាសន្ន កិច្ចគាំពារសង្គម​ និងកិច្ចគាំពារសិទ្ធិការងារសម្រាប់កម្មការិនីនៅក្នុងវិស័យស្បៀង ​និងចំណីអាហារ និងកសិកម្មដែលគាំទ្រថវិកាពី សហភាពអ៊ឺរុប តាមរយៈអង្គការ​ILO, អង្គការ GIZ, Directorate-general Development Cooperation and Humanitarian Aid (DGD), Ministry of Foreign Affairs of Dutch Government ជាដើម។

ជាករណីជាក់ស្តែង តាមរយៈកិច្ចសហការនេះ លោកស្រី អ៊ឹម សុភាព (មានរូបនៅក្នុងបដារនៅខាងក្រោយខ្ញុំនេះ) គឺជានារីម្នាក់ ក្នុងចំណោមនារី និងពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតដែលទទួលផលពីកិច្ចសហការនេះ។ លោកស្រី អ៊ឹម សុភាព គឺជាកម្មករនិយោជិតនៅក្នុងរោងចក្រកាត់ដេរមួយ។ ដូចនារីដទៃក្នុងសង្គមយើងដែរ ទំនួលខុសត្រូវចំពោះការអប់រំ អារហារ និងសុខភាពរបស់កូនៗ និងសមាជិកគ្រួសារ គឺជាបន្ទុកដ៏ធ្ងន់មួយ។ កង្វះកិច្ចគាំពារសង្គមធ្លាប់គំរាមកំហែងដល់លទ្ធភាពគាំទ្រផ្នែកអប់រំ សុខភាព និងអាហារដល់កូនៗ និងសមាជិកគ្រួសាររបស់លោកស្រី ។ លោកស្រី អ៊ឹម សុភាព បានទទួលអត្ថប្រយោជន៏ដូចជា ការពិនិត្យនិងព្យាបាលសុខភាពដោយអត់គិតថ្លៃ ក៏ដូចបានអត្ថប្រយោជន៍ ដទៃទៀតពីគោលនយោបាយគាំពារសង្គម តាមរយៈប័ណ្ណប.ស.ស។​ ការកាត់បន្ថយការចំណាយទៅលើសេវាកម្មសុខភាព បានអនុញ្ញាតឱ្យអ្នកស្រីសន្សំ និងវិនិយោគថវិកាខ្លះលើការអប់រំរបស់កូនៗ និងវិនិយោគខ្នាតតូចនៅស្រុកកំណើត។ តាមរយៈគោលនយោបាយនេះ សម្ពាធហិរញ្ញវត្ថុ និងវិសមភាពយែនឌ័រចំពោះអ្នកស្រីត្រូវបានកាត់បន្ថយមួយកម្រិត​។

ការទទួលបានកិច្ចគាំពារសង្គមពេញលេញ បានជួយដោះស្រាយជាពហុវិស័យ ចាប់តាំងពីការកាត់បន្ថយភាពក្រីក្រ វិសមភាពសង្គម, វិសមភាពយែនឌ័រ រហូតដល់ការលើកកម្ពស់ការទទួលបានសេវាកម្មសុខភាព និងអប់រំជាសកលនៅកម្ពុជា។ ករណី លោកស្រី អ៊ឹម សុភាព ឆ្លុះបញ្ចាំងពីលទ្ធផលវិជ្ជមាននៃគោលនយោបាយ និងកិច្ចសហការរបស់រាជរដ្ឋាភិបាល អង្គការដៃគូសង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

កន្លងមករាជរដ្ឋាភិបាលកម្ពុជា អង្គការដៃគូសង្គមស៊ីវិល និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានប្រឹងប្រែង និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចគាំពារសង្គមសម្រាប់ទាំងអស់គ្នា។ ការយកចិត្តទុកដាក់នេះ គឺសរបញ្ជាក់ឱ្យឃើញតាមរយៈ ការផ្តួចផ្តើមអនុវត្តគោលនយោបាយគាំពារសង្គមមួយចំនួន ជាពិសេសបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ ជាក់ស្តែងរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ឆ្នាំ២០២០ បានកត់សម្គាល់ឃើញថា ៖ «កម្មការិនីកាត់ដេរសរុបចំនួន ៨ម៉ឺននាក់ បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាលដែល មានទឹកប្រាក់សរុបប្រមាណជា ៧,៩ លានដុល្លារអាមេរិក»។ បន្ថែមលើនេះទៀត នៅពេលកម្ពុជារងសម្ពាធខ្លាំងនៃការរាតត្បាតនៃវ៉ីរ៉ុសកូវីដ-១៩ កម្មករនិយោជិតដែលបាត់បង់ការងារក្នុងវិស័យមួយចំនួន ក៏បានទទួលការគាំទ្រជាសាច់ប្រាក់ផងដែរ។

ក៏ប៉ុន្តែមាននារី និងកម្មករនិយោជិតជាច្រើននាក់ទៀត (ជាពិសេសកម្មករនិយោជិតជាប់កិច្ចសន្យា និងក្រៅប្រព័ន្ធ) ដែលនៅមិនទាន់ទទួលបានការប្រើប្រាស់អត្ថប្រយោជន៍គាំពារសង្គមដូច លោកស្រី អ៊ឹម សុភាព នៅឡើយទេ។ តាមរយៈគម្រោង «កិច្ចគាំពារសង្គមប្រកបដោយបរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» (ហៅកាត់ថា INSPIRE) នេះ អុកស្វាម និងសហជីព-សហភាពកម្មករចំនួនបួន (០៤) ផ្សេងទៀតនឹងធ្វើការយ៉ាងជិតស្និទជាមួយរាជរដ្ឋាភិបាល និយោជកឧស្សាហកម្មកាត់ដេរ និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់ ១). ការទទួលបានព័ត៌មានអំពីអត្ថប្រយោជន៍គាំពារសង្គម ២). ការអនុលោមតាមច្បាប់កំណត់ក្នុងចំណោមនិយោជកឧស្សាហកម្មកាត់ដេរ និង ៣). កម្រិតគុណភាពនៃសេវាកម្មកិច្ចគាំពារសង្គមដែល ផ្តល់ដល់កម្មករនិយោជិតវិស័យកាត់ដេរ ក៏ដូចការលើកកម្ពស់សមភាពយេនឌ័រផងដែរ​-ល-។

នាងខ្ញុំក៏សូមយកឱកាសនេះថ្លែងអំណរគុណផងដែរដល់មូលនិធិ Laudes Foundation ចំពោះជំនួយហិរញ្ញវត្ថុគាំទ្រដល់គម្រោងនេះ។ នាងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និយ័តករសន្តិសុខសង្គម (NSPC), ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSSF), ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ (MoLVT) និងក្រសួងកិច្ចការនារី (MoWA) ។ល។ ដៃគូអភិវឌ្ឍន៍ សហជីព និងសង្គមស៊ីវិល ក៏ដូចជាអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវដែលបានផ្តល់កិច្ចសហការ និងគាំទ្រយ៉ាងកក់ក្តៅកន្លងមក។

«អង្គការអុកស្វាម នឹងបន្តធ្វើការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិលនិងដៃគូពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងចំណោមកម្មករនិយោជិតក្នុងវិស័យកាត់ដេរ ជាពិសេសកម្មករនិយោជិតកិច្ចសន្យាដែលភាគច្រើនជានារី ដើម្បីធានាលទ្ធភាពរបស់ពួកគេក្នុងការទទួលបានកិច្ចគាំពារសង្គមប្រកបដោយបរិយាបន្ន។ ការទទួលបានការគាំពារសង្គម គឺមានសារៈសំខាន់ណាស់សម្រាប់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ត្បិតវាជួយទ្រទ្រង់សុខុមាលភាពរបស់ពួកគេ បង្កើនភាពធន់ និងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ ឬជំងឺរាតត្បាតជាសកលជាដើម និងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច»។

នាងខ្ញុំសង្ឃឹមយ៉ាងម៉ុតមាំថាតាមរយៈគម្រោង «កិច្ចគាំពារសង្គមប្រកបដោយ បរិយាបន្នដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ» (ហៅកាត់ថា INSPIRE) នេះ យើងនឹងអាចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខមាលភាព វិសមភាពយែនឌ័រ និងភាពធន់របស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរឱ្យដូចករណី លោកស្រី អ៊ឹម សុភាព ដែរ។ សូមអរគុណ៕