Speech: National Forum on "The Challenges of Job Providers and Youth with Disabilities in Cambodia"

Thursday, October 17, 2019

សន្ទរកថាស្វាគមន៍ លោកស្រី សុខ ច័ន្ទ ឆវី ប្រធានកម្មវិធី អង្គការអុកស្វាម
សិក្ខាសាលា​ និង​វេទិកា​ថ្នាក់​ជាតិ​ស្តី​ពី​
“បញ្ហា​ប្រឈម​​រវាង​អ្នក​ទទួល​សេវា​ និង​ អ្នក​ផ្តល់​សេវា​ការងារ​ ដល់​យុវជន​និង​អ្នក​មាន​ពិការភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​”​
ថ្ងៃ​ទី​ ១៧​ ខែ​តុលា​ ឆ្នាំ​២០១៩​

សូម​គោរព​ ឯ.ឧ​ ញឹក​ វណ្ណា​រ៉ា​ រដ្ឋ​លេខាធិការ​ក្រសួង​សង្គមកិច្ច​ និង​អតីត​យុទ្ឋជន​ យុវនិតិ​សម្បទា​

សូម​គោរព​ និង​ជម្រាបសួរ​ លោក​ លោកស្រី​ ដែល​អញ្ជើញ​មក​ពី​អង្គការ​ជាតិ​ និង​អន្តរជាតិ​ ដែល​មាន​វត្តមាន​នៅ​ទី​នេះ​ ជា​ពិសេស​ចំពោះ​ជន​មាន​ពិការភាព​!

តាង​នាម​ឲ្យ​អង្គការ​អុកស្វាម​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ក្នុង​នាម​ខ្លួន​នាង​ខ្ញុំ​ផ្ទាល់​​ នាង​ខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​ថ្នាក់​ជាតិ​ ដែល​ជន​មាន​ពិការភាព​ តំណាង​អាណាព្យាបាល​ ជន​មានពិ​ការ​ភាព​សតិ​បញ្ញា​ តំណាង​អង្គការ​ជន​មាន​ពិការភាព​ បាន​ជួប​ជាមួយ​អ្នក​ធុរកិច្ច​ និង​អ្នក​អនុវត្ត​គោល​នយោបាយ​ ដើម្បី​ពិភាក្សា​អំពី​ឧបសគ្គ​ និង​បញ្ហា​ប្រឈម​ដែល​រា​រាំង​អំពី​ការ​ដាក់​បញ្ចូល​យុវជន​មាន​ពិការភាព​សតិ​បញ្ញា​ និង​ស្វែង​រក​ដំណោះស្រាយ​សម​ស្រប​ដែល​ជួយ​ដោះស្រាយ​ឧបសគ្គ​ទាំង​នេះ​។​

នេះ​ជា​លើក​ទី​២​ នៅ​ក្នុង​សប្តាហ៍​នេះ​ ដែល​នាង​ខ្ញុំ​មាន​កិតិ្តយស​បាន​ចូល​រួម​ការ​ពិភាក្សា​អំពី​ ជន​មាន​ពិការភាព​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ជន​មាន​ពិការភាព​។ កិច្ច​ប្រជុំ​លើក​ទី​១​ កាល​ពី​ថ្ងៃ​ទី​១៤​​ កន្លង​ទៅ​នេះ​ យើង​ពិភាក្សា​អំពី​ជន​មាន​ពិការភាព​ និង​ការ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ ដូច​ជា​ការ​អប់រំ​ សេវា​សុខភាព​ និង​សេវា​របស់​ថ្នាក់​ឃុំ​សង្កាត់​ និង​ការ​ចូល​រួម​របស់​ពួក​គេ​ក្នុង​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​ក្រោម​ជាតិ​ នៅ​ក្នុង​ក្រប​ខណ្ឌ​យុទ្ធសាស្រ្ត​គណនេយ្យភាព​សង្គម​។​ ក្នុង​កិច្ច​ប្រជុំ​នោះ​ មាន​ការបង្ហាញ​នូវ​ការ​រក​ឃើញ​បញ្ហា​ប្រឈម​នានា​ និង​តម្រូវ​ការ​របស់​ជន​មាន​ពិការភាព​ ចំនួន​ជាង​៥០០​​នាក់​។​ យើង​បាន​ស្តាប់​ឭ​នូវ​សម្លេង​ ការ​ប្រឈម​ដែល​បាន​លើក​ឡើង​ដោយ​ជន​មាន​ពិការភាព​គ្រប់​ប្រភេទ​ ។ តម្រូវ​ការ​ដែល​ពួក​គេ​លើក​ឡើង​ គឺ​ជា​តម្រូវ​ការ​ចំពោះ​មុខ​ និង​ចាំ​បាច់​ដែល​ពួក​គេ​ត្រូវ​តែ​ទទួល​បាន​។​ ហើយ​សំខាន់​ផង​ដែរ​នោះ​ យើង​ក៏​បាន​ឮ​នូវ​ការ​បេ្តជ្ញា​របស់​មន្ទីរ​ពាក់​ព័ន្ធ​ និង​ថ្នាក់​ដឹក​នាំ​ ក្នុង​ការ​បង្កើន​ការ​គាំទ្រ​និង​ថវិកា​សម្រាប់​ជន​មាន​ពិការភាព​។ នាង​ខ្ញុំ​ជា​ពលរដ្ឋ​កម្ពុជា​មួយ​រូប​មាន​សេចក្តី​រីករាយ​និង​សង្ឃឹម​ យ៉ាង​ខ្លាំង​ថា​ជន​មាន​ពិការភាព​នឹង​ទទួល​បាន​នូវ​ការ​លើក​កម្ពស់​កាន់​តែ​ប្រសើរ​ជាង​មុន​។

កិច្ច​ប្រជុំ​នា​ពេល​នេះ​ គឺ​កាន់​តែ​ជាក់​លាក់​ ជា​ពិសេស​ សម្រាប់​ជន​មាន​ពិការ​ភាព​ផ្នែក​សតិ​បញ្ញា​ ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​គេ​ទទួល​បាន​នូវ​ការងារ​សមរម្យ​និង​ថ្លៃ​ថ្នូរ​។ នេះ​ជា​ការងារ​ដ៏​ធំ​ ដែល​ត្រូវ​មាន​វិធានការ​ធន​ធាន​គ្រប់​គ្រាន់​ និង​កិច្ច​សហការ ​ដើម្បី​សម្រេច​បាន​នូវ​ការ​លើក​កម្ពស់​ស្ថានភាព​ជន​មានពិការ​ភាព​។

អង្គការ​អុកស្វាម​ សូម​អបអរ​ និង​កោត​សរសើ​រ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ ដល់​ជន​មាន​ពិការភាព​ តាម​រយៈ​ការ​អនុវត្ត​អនុ​សញ្ញា​ស្តី​ពី​ សិទ្ធិ​ជន​ពិការ​ និង​ត្រៀម​រៀប​ចំ​យុទ្ធ​សាស្រ្ត​ជាតិ​ស្តី​ពី​ពិការភាព​ឆ្នាំ​២០១៩​-​២០២៣​​ ដែល​ផ្តោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជន​របស់​ជន​មាន​ពិការភាព​ ដើម្បី​ធានា​បាន​​​​​នូវ​ជីវភាព​ប្រសើរ​ឡើង​របស់​ពួក​គេ​ និង​លើក​កម្ពស់​ឯករាជ្យ​ភាព​របស់​ពួក​គេ​។ ជាក់ស្តែង​ថ្មីៗ​នេះ​ បាន​មាន​ចេញ​ជា​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ជន​មាន​ពិការភាព​។

អង្គការ​អុកស្វាម​ នឹង​បន្ត​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ អ្នក​អនុវត្ត​គោល​នយោបាយ​ អង្គការ​សង្គម​ស៊ីវិល​ តំណាង​អង្គការ​ជន​មាន​ពិការភាព​ និង​​ជន​មាន​ពិការភាព​ ដើម្បី​ពិភាក្សា​អំពី​ឧបសគ្គ​ និង​បញ្ហា​ប្រឈម​ដែល​រា​រាំង​អំពី​ការ​ដាក់​បញ្ចូល​យុវជន​មាន​ពិការភាព​សតិបញ្ញា​ និង​ស្វែង​រក​ដំណោះ​ស្រាយ​សម​ស្រប​ដែល​ជួយ​ដោះ​ស្រាយ​ឧបសគ្គ​ទាំង​នេះ​។

នៅ​ឆ្នាំ​២០១៧​ អង្គការ​អុកស្វាម​ តាម​រយៈ​កម្មវិធី​ វ៉យ​ បាន​ធ្វើ​ការ​សិក្សាវិ​ភាគ​ស្ថានភាព​របស់​ក្រុម​ដែល​ងាយ​រង​គ្រោះ​ជាង​គេ​ បាន​​រក​ឃើញ​ថា​ នា​ពេល​បច្ចុប្បន្ន​មាន​គោល​នយោបាយ​ និង​យន្ត​ការ​មួយ​ចំនួន​បាន​ និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជន​ដែល​មាន​ពិការភាព​ ជា​ពិសេស​ជន​ពិការ​ផ្នែក​រាង​កាយ​។​តែ​ទន្ទឹម​នឹង​នោះ​ ការ​អនុវត្ត​នៅ​មិន​ទាន់​បាន​ទូ​លំ​ទូ​លាយ​នៅ​ឡើយ​។ ឧបសគ្ក​ និង​កត្តា​ប្រឈម​នា​នា​ ជា​ពិសេស​ ការ​រើស​អើង​ជន​មាន​ពិការភាព​ក្នុង​ការ​ទទួល​បាន​ការងារ​ នៅ​តែ​ជា​ការប្រឈម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​។ ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ និង​គោល​នយោបាយ​ ធន​ធាន​មនុស្ស​​និង​ធន​ធាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អនុវត្ត​គោល​នយោបាយ​នៅ​មាន​កម្រិត​ ព័ត៌មាន​និង​ទិន្នន័យ​​ច្បាស់​លាស់​របស់​ជន​មាន​ពិការភាព​នៅ​ពុំ​ទាន់​មាន​គ្រប់​គ្រាន់​ ដែល​ធ្វើ​ឲ្យ​ដំណោះ​ស្រាយ​ឆ្លើយ​តប​នៅ​ពុំ​ទាន់​បាន​ពេញ​លេញ​។ វេទិកា​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​នេះ​នឹង​ជួយ​អោយ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​​ទាំង​អស់​យល់​ច្បាស់​ពី​ឧបសគ្គ​នានា​ដែល​យុវជន​មាន​ពិការ​ភាព​ផ្នែក​សតិបញ្ញា​កំពុង​ជួប​ប្រទះ​ និង​ដាក់​បញ្ចូល​ទៅ​ក្នុង​គោល​នយោបាយ​ជាតិ​ ដើម្បី​ជម្រុញ​ និង​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កង្វះ​ខាត​ខាង​លើ​នេះ​ផង​ដែរ​។

ជន​ពិការ​ ទាំង​ផ្នែក​រាង​កាយ​និង​សតិ​បញ្ញា​ នៅ​តែ​ទទួល​រង​ការ​រើស​អើង​ មាក់​ងាយ​ កេង​ប្រវ័ញ្ច​ពី​សង្គម​ខាង​ក្រៅ​ និង​សង្គម​គ្រួសារ​ ជា​ពិសេស​ជន​មាន​ពិការភាព​ដែល​ជា​ស្រ្តី​ និង​កុមារី​។ រូបភាព​និង​ពលកម្ម​របស់​ជន​មាន​ពិការភាព​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​មិន​សម​ស្រប​ ដូចជា​ ការ​សុំ​ទាន​ ជា​ដើម​។ សង្គម​គ្រួសារ​មួយ​ចំនួន​នៅ​គិត​ថា​ គឹ​ជា​កម្ម​ពៀរ​ដែល​មាន​ជន​ពិការ​នៅ​ក្នុង​គ្រួសា​រ​ ហើយ​ជន​ពិការ​ គឺ​ជា​បន្ទុកដ៏​ធ្ងន់​របស់​ពួក​គាត់​។ ការ​ទទួល​បាន​នូវ​ការ​អប់រំ​ ការ​ថែ​ទាំ​សុខភាព​ ការ​ប្រកប​ការងារ​ និង​ការ​ចូលរួម​ក្នុង​ការងារ​អភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ច​ នៅ​តែ​ជា​បញ្ហា​ចម្បង​ចំពោះ​ជន​មាន​ពិការភាព​។

ការងារ​សំខាន់​ៗ​ ដែល​ត្រូវ​ធ្វើ​សហការ​និង​រួម​គ្នា​ធ្វើ​បន្ត​ គឺ​ការ​កំណត់​ឲ្យ​ឃើញ​ច្បាស់​តម្រូវ​ការ​របស់​ជន​មាន​ពិការភាព​ ការ​ជម្រុញ​ការ​អនុវត្ត​គោល​នយោបាយ​ និង​យន្តការ​នានា​ ដើម្បី​កាត់​បន្ថយ​ និង​លុប​បំបាត់​នូវ​ការ​រើស​អើង​ ឧបសគ្គ​នានា​ ដើម្បី​បង្កើន​ឱកាស​ក្នុង​ការ​ចូល​រួម​ផ្តល់​យោបល់​ និង​ការ​ទទួល​បាន​នូវ​សេវា​សាធារណៈ​ ការ​អប់រំ​ ការងារ​ មុខរបរ​សម​ស្រប​ ទទួល​បាន​កិច្ច​គាំពារ​សង្គម​ពេញ​លេញ​ និង​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ​។

អុកស្វាម​ តាម​រយៈ​កម្មវិធី​ វ៉យ​ គឺ​ជា​កម្មវិធី​ដ៏​សំខាន់​មួយ​ ដើម្បី​ចូល​រួម​ឆ្លើយ​តប​ទៅ​នឹង​គោល​ដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​​ចីរភាព​ ដើម្បី​លុប​​បំបាត់​​ភាព​​ក្រីក្រ​​និង​​អសមធម៌​ ដោយ​មិន​ទុក​អ្នក​ណា​ម្នាក់​ចោល​ឡើយ​។ អុកស្វាម​មាន​ភាព​រីករាយ​ដែល​បាន​ចូល​រួម​ចំណែក​លើក​កម្ពស់​ស្ថានភាព​របស់​ជន​មាន​ពិការភាព​ និង​បាន​គាំទ្រ​គម្រោ​ង ពង្រឹង​សិទ្ឋិ​អំណាច​ឪពុក​ម្តាយ​ក្នុង​ការ​ស្វែង​រក​ការ​គាំទ្រ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សិទ្ឋិ​របស់​កុមារ​ពិការ​សតិបញ្ញា​ ដែល​ជា​គម្រោង​សម្រាប់​ស្វែង​រក​ការ​គាំទ្រ​មតិ​ប្រកប​ដោយ​​​ភាព​ច្នៃ​ប្រឌិត​ ដើម្បី​ធានា​នូវ​សិទ្ឋិ​របស់​កុមារ​ពិការ​សតិបញ្ញា​ អាច​ចូល​រួម​ ទទួល​បាន​សេវា​ថែ​ទាំ​ និង​អប់​រំ​ប្រកប​ដោយ​បរិយាប័ន្ន​។​ បន្ថែម​​លើ​​នេះ​​ទៀត​​ យើង​ក៏​បាន​​និង​កំពុង​ផ្តល់​ការ​​គាំទ្រ​ដល់​អង្គការ​នានា​ដែល​លើក​កម្ពស់​ជន​មាន​ពិកា​រ​ភាព​ ដែល​រួម​មាន​ ក្រុម​បណ្តាញ​ស្ត្រី​មាន​ពិការភាព​ អង្គការ​តំណាង​ជន​ពិការ​ជួយ​ខ្លួន​ឯង​ ស្រុក​បាធាយ​ អង្គការ​បុគ្គល​សារវ័ន​កម្ពុជា​ និង​មណ្ឌល​ស្រ្តី​មាន​វិបត្តិ​កម្ពុជា​ អង្គការ​អេពីកអាត​ និង​អង្គការ​ខ្មែរ​អភិវឌ្ឍន៍​ជន​ពិការ​ និង​អ្នក​ក្រីក្រ​។​ល​។​

​​​អង្គការ​អុកស្វាម​ នឹង​បន្ត​សហការ​ និង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ​នានា​ ព្រម​ទាំង​ស្ថាប័ន​​ជាតិ​ និង​អន្តរជាតិ​ដើម្បី​​ចូល​រួម​ចំណែក​លើក​កម្ពស់​​​ និង​គាំទ្រ​ដល់​ក្រុម​ដែល​តំណាង​ឲ្យ​ជន​ងាយ​រងគ្រោះ​ និង​​ក្រុម​ដែល​ទទួល​នូវ​ការ​រើសអើង​បំផុត​ ដើម្បី​អាច​ចូល​រួម​ក្នុង​ភាព​ជា​តំណាង​ដ៏​ប្រសើរ​ក្នុង​ដំណើរការ​ធ្វើ​សេចក្តី​​សម្រេច​នៅ​ក្នុង​សហគមន៍​​ និង​សង្គម​។​

ជា​ចុង​បញ្ចប់​ ខ្ញុំ​សូម​គោរព​ជូន​ពរ​ដល់​ឯកឧត្តម​ នាង​កញ្ញា​ លោក​ លោក​ស្រី​ និង​ភ្ញៀវ​កិត្តិយស​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​ ជន​មាន​ពិការភាព​ទាំង​អស់​ ឲ្យ​មាន​សុខភាព​ល្អ​ និង​ជោគជ័យ​ក្នុង​ការងារ​​៕

All photos: Sokha Srey/Oxfam