Speech: Public Financial Management and Citizen Engagement”

Tuesday, September 17, 2019

មតិចូលរួមរបស់លោកស្រី សុខ ចន្ទ័ឆវី តំណាងអង្គការអុកស្វាមកម្ពុជា
ក្នុងវេទិកាសារធារណៈស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការចូលរួមរបស់សង្គមស៊ីវិល
ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៩

សូមគោរព គណៈអធិបតី និងតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ និងក្រសួងមហាផ្ទៃ
លោក លោកស្រីមកពីអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូរអភិវឌ្ឍ
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ
សូម​គោរព​​​ គណៈ​អធិបតី​ និង​តំណាង​មក​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្តុ​ និង​ក្រសួង​មហាផ្ទៃ​
លោក​ លោកស្រី​មក​ពី​អង្គការ​ជាតិ​ អង្គការ​អន្តរជាតិ​ និង​ដៃ​គូ​អភិវឌ្ឍ​​
សូម​ជម្រាប​សួរ​ នាង​កញ្ញា​ លោក​ លោកស្រី​ ដែល​មាន​វត្តមាន​នៅ​ទី​នេះ​

តាង​នាម​ឲ្យ​អង្គការ​អុកស្វាម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ក្នុង​នាម​នាង​ខ្ញុំ​ផ្ទាល់​ នាងខ្ញុំ​មាន​កិត្តិយស​យ៉ាង​ក្រៃលែង​ ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សារធារណៈ​ ស្តី​ពី​កម្មវិធី​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ការចូលរួម​របស់​សង្គម​ស៊ីវិល​ និង​ប្រជាពលរដ្ឋ​នា​ពេល​នេះ​។

ជា​បឋម​ នាង​ខ្ញុំ​សូម​កោត​សរសើរ​ និង​​​អរគុណ​ដល់​អ្នក​ចូលរួម​ទាំង​អស់​ ដែល​លះបង់​ពេល​វេលា​ដ៏​មមា​ញឹក​ចូលរួម​នៅ​ក្នុង​វេទិកា​នា​ថ្ងៃ​នេះ​ ដើម្បី​ចំណេះ​ដឹង​ និង​បង្កើន​ការរួមចំណែក​នៅ​ក្នុង​កំណែ​ទម្រង់​អភិបាល​កិច្ច កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ កំណែ​ទម្រង់​កិច្ចអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​កំណែ​ ទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​​ ដើម្បី​ឲ្យ​កំណែ​ទម្រង់​ខាង​លើ​ទាំង​អស់​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ផ្អែក​លើ​គោលការណ៍​គណនេយ្យ​ភាព​ តម្លាភាព​​ ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ ប្រកប​​ដោយ​បរិយាបន្ន​ និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។

ប្រជាពលរដ្ឋ​ ដែល​ក្នុង​នោះ​មាន​យើង​ទាំង​អស់​គ្នា​​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នេះ​ បាន​រួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​ការបង្កើន​កំណើន​សេដ្ឋកិច្ច​ បង្កើន​ចំណូល​ថវិកា​ជាតិ​ តាម​បែប​ផែន​ផ្សេង​ៗ​គ្នា​​ ដូច​ជា​កា​រចូល​រួម​ប្រកប​មុខ​រប​រ ប្រកប​ការងារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​​ ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ​ ព្រម​ទាំង​ការ​ចូលរួម​បង់​ពន្ធ​អាករ​​ជា​ដើម​។​ ដូច​នេះ​ ការ​ចូល​រួម​របស់​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​នៅ​រាល់​ដំណាក់​កាល​នៃ​កម្មវិធី​កំណែ​ទម្រង់​ជា​ការ​ចាំបាច់​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៏​ប្រកប​ដោយ​ចីរភាព​និង​បរិយាបន្ន​ ។

ការ​ចូលរូម​របស់​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ ដើម្បី​ធានា​ឲ្យ​មាន​តម្លាភាព​ គណនេយ្យភាព​ហិរញ្ញវត្ថុ​ និង​បង្កើន​ប្រសិទ្ធភាព​ចំណូល​និង​ចំណាយ​ដែល​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ងាយ​រងគ្រោះ​ មិន​មែន​កើត​ឡើង​តែ​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ​ គឺ​មាន​នៅ​ក្នុង​ប្រទេស​នានា​ជាច្រើន​។​​ វិធានការ​សំខាន់ៗ​ ក្នុង​នោះ​មាន​ដូចជា​ ការ​ពង្រឹង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់​ៗ​ ពេញ​លេញ​​ទាន់​ពេល​ និង​សាមញ្ញ​ងាយ​យល់​សម្រាប់​ប្រជាពលរដ្ឋ​ ការ​ពង្រឹង​សមត្ថភាព​របស់​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​​នឹង​ថវិកា​និង​ហិរញ្ញវត្ថុ​ ការត្រួតពិនិត្យ​និង​ផ្តល់​យោបល់​លើ​ការ​ផ្តល់​សេវា​សារធារណៈ​ ការ​បង្កើត​យន្តការ​ និង​ឱកាស​សម្រាប់​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​ចូល​រួម​គ្រប់​ដំណាក់កាល​សំខាន់ៗ​ជាដើម​។

ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា​ រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ដាក់​លើ​កំណែ​ទម្រង់​អភិបាលកិច្ច​ល្អ​ តាំង​ពី​ឆ្នាំ​២០០០​ ដែល​មាន​ដូចជា​ កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ កំណែ​ទម្រង់​កិច្ចអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​ កំណែ​ទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ដែល​ក្នុង​នោះ​មាន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​មហាផ្ទៃ​ ជា​ស្ថាប័ន​ដឹកនាំ​និង​សម្រប​សម្រួល​ ដែល​មាន​សមិទ្ធផល​និង​ការ​រីកចម្រើន​ជា​ច្រើន​ដែល​គួរ​កត់​សម្គាល់​។​ ទន្ទឹម​នឹង​នេះ​ ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​បង្កើន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ ។

អង្គការ​អុកស្វាម​ មាន​សេចក្ដី​រីករាយ​ដែល​បាន​ចូលរួម​ជា​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​កម្មវិធី​កំណែ​ទម្រង់​នេះ​។ អង្គការ​អុកស្វាម​ គឺ​ជា​ស្ថាបនិក​មួយ​ក្នុង​ចំណោម​អង្គការ​ស្ថាបនិក​ ៣​ ផ្សេង​ទៀត​នៃ​ក្រុម​ការងារ​ថវិកា​សង្គម​ស៊ីវិល​​​ ដែល​បាន​បង្កើត​ក្នុង​ឆ្នាំ​២០១០​ (ហើយ​មក​ដល់​ពេល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​១៤​) ក្នុង​គោលបំណង​ជា​ដៃគូ​របស់​រដ្ឋាភិបាល​ក្នុង​ការងារ​លើក​កម្ពស់​តម្លាភាព​ និង​គណនេយ្យភាព​ថវិកា​ និង​ប្រសិទ្ធភាព​ចំណូល​និង​ចំណាយ​។ យើង​ធ្វើ​ការ​ជាមួយ​អង្គការ​សង្គមស៊ីវិល​តាម​រយៈ​ការ​លើក​កម្ពស់​សមត្ថភាព​របស់​ពួកគេ​ ការ​បង្កើត​ជា​វេទិកា​សម្រាប់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ​ និង​ថ្នាក់​ជាតិ​ជា​ដើម​ ដើម្បី​លើក​ឡើង​និង​ជជែក​ពិភាក្សា​នូវ​តម្រូវ​ការ​របស់​ពួកគេ​ ការ​វិភាគ​ និង​ចូលរួម​ផ្តល់​អនុសាសន៍​ដល់​រាជរដ្ឋាភិបាល​សម្រាប់​ការ​រៀប​ចំ​ថវិកា​ទៅ​លើ​វិស័យ​អាទិភាព​ ដូចជា​វិស័យ​ អប់រំ​ សុខាភិបាល​ និង​កិច្ច​គាំពារ​សង្គម​ ដែល​ជា​វិស័យ​សំខាន់ៗ​ ក្នុង​ការ​ជួយ​កាត់​បន្ថយ​ភាពក្រីក្រ​ និង​វិសមភាព​សេដ្ឋកិច្ច​ និង​សង្គម​។

យើង​ខ្ញុំ​ក៏​សូម​អរគុណ​ចំពោះ​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​ពី​ដៃ​គូ​អភិវឌ្ឍ​ជាតិ​ និងអន្តរជាតិ​ និង​អង្គការ​សង្គមស៊ីវិល​ទាំង​អស់​ដែល​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ទៅ​លើ​កំណែ​ទម្រង់​ដ៏​សំខាន់​ទាំង​អស់​នេះ​ ចាប់​តាំង​ពី​ឆ្នាំ១៩៩៥​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​។ ភាព​ជា​ដៃ​គូ​ និង​ក្នុង​ការ​ចូលរួម​ប្រកប​ដោយ​គុ​ណភាព​រវាង​ដៃ​គូ​អភិវឌ្ឍន៏​ និ​ងអង្គការ​សង្គម​ស៊ីវិល​នៅ​លើ​គ្រប់​វិស័យ​​ នេះ​គឺ​​ជា​ភាព​មិន​អាច​ខ្វះ​បាន​។

សូ​ម​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ​ដែល​បាន​រៀប​ចំ​វេទិកា​ដ៏​មាន​សារៈ​សំខាន់​នេះ​​ ដើម្បី​ជា​ឱកាស​សម្រាប់​ឱ្យ​តួ​អង្គ​ពាក់​ព័ន្ធ​ទាំង​អស់ឈ្វេង​យល់កាន់​តែ​លម្អិត​ និង​ទូ​លំ​ទូ​លាយ​ អំពី​កម្ម​វិធី​កែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ និង​ដើម្បី​បង្កើន​ការ​ចូលរួម​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ទាំង​នៅ​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​។​

អង្គការ​អុកស្វាម​ នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ដៃគូ​ ជា​ពិសេស​ក្រុម​ការងារ​ថវិកា​សង្គមស៊ីវិល​ និង​ធ្វើ​ការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​នានា​ និង​ត្រៀម​ខ្លួន​រួច​ជាស្រេច​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការរួមចំណែក​ក្នុង​គ្រប់​កម្មវិធី​កែ​ទម្រង់​របស់​រាជរដ្ឋាភិបាល​ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​កម្ពុជា​។

ជា​ចុង​បញ្ចប់​ នាង​ខ្ញុំ​សូមគោរព​ជូនពរ​ដល់​គណៈអធិបតី​ តំណាង​មក​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្តុ​ និងក្រសួង​មហាផ្ទៃ​ អង្គការ​ជាតិ​ អន្តរជាតិ​ ដៃគូ​អភិវឌ្ឍ​ អង្គការ​សង្គមស៊ីវិល​ និង​លោក ​លោកស្រី ​ ឱ្យ​មាន​សុខភាព​ល្អ​ និង​​សម្រេច​បាន​គ្រប់​ភារកិច្ច​។