អង្គការអុកស្វាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការការពារសុត្ថិភាព ចំនួនបីវគ្គ ដល់អង្គការដៃគូចំនួន ៨៦ ស្ថាប័ន ដែលមានអ្នកចូលរួមសរុប ១៣០ នាក់ រួមមាននាយកប្រតិបត្តិ នាយកកម្មវិធី នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងធនធានមនុស្ស ដើម្បីលើកកម្ពស់គោលនយោបាយផ្ទៃក្នុងរបស់អង្គការដៃគូ។
អង្គការអុកស្វាមប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យមានការសំលុត យាយីបៀតបៀន ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ នៅកន្លែងធ្វើការនោះឡើយ។ យើងធ្វើគ្រប់យ៉ាងដើម្បីទប់ស្កាត់កុំឱ្យបញ្ហាទាំងនេះកើតមានឡើង ហើយដោះស្រាយឱ្យបានម៉ត់ចត់នៅពេលវាកើតឡើង។
គោលនយោបាយចំនួន៨ ត្រូវបានចែករំលែកដល់អ្នកចូលរួម គោលនយោបាយទាំងនោះរួមមាន ក្រមសីលធម៌របស់អង្គការ គោលនយោបាយការពារកុមារ គោលនយោបាយប្រឆាំងនឹងការសំលុត និងការបៀតបៀនផ្លូវភេទ សិទ្ធិកំណត់អត្តសញ្ញាណយេនឌ័រ និងភេទចម្រុះ ការការពារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ការពិភាក្សាពីគោលនយោបាយប្រឆាំងអំពើពុករលួយ យន្តការរាយការណ៍ ព្រមទាំងគោលនយោបាយប្រឆាំងផ្តល់ហិរញ្ញប្បទានភេរវកម្ម និងបទឧក្រិដ្ឋហិរញ្ញវត្ថុ។
គោលការណ៍គ្មានការអត់ឱនដើម្បីលើកកម្ពស់បរិយាកាសនៅកន្លែងធ្វើការ
លោក ចាន់ កានីកា ក្នុងពេលបណ្តុះបណ្តាល។ Photo: Naratevy Kek/Oxfam
លោក ចាន់ កានីកា ប្រធានគ្រប់គ្រងធនធានមនុស្សនៃអង្គការអុកស្វាម និងជាអ្នកបណ្តុះបណ្តាល និយាយថា «ដៃគូមួយចំនួនដឹងពីគោលការណ៍ខ្លះៗរួចទៅហើយ ប៉ុន្តែមិនទាន់ដឹងលម្អិតនោះទេ ខណៈដែលអ្នកឯទៀតកំពុងរៀបចំគោលការណ៍សម្រាប់ស្ថាប័នខ្លួន»។ វគ្គសិក្សានេះ ជួយឆ្លុះបញ្ចាំងពីគោលការណ៍នីមួយៗ ហើយចាប់ផ្តើមពិនិត្យកែលំអ ឬបង្កើតឡើង ប្រសិនបើស្ថាប័នណាមួយមិនទាន់មាននៅឡើយ។»
លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសេវាការងារ និងចំណីអាហារកម្ពុជា (CFSWF) និយាយថា «ពាក្យបច្ចេកទេសថ្មី និងគោលការណ៍សំខាន់មួយដែលខ្ញុំបានកត់សម្គាល់នៅថ្ងៃនេះ ផ្តោតលើការបៀតបៀន ការប៉ុនប៉ង ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទ ដែលយើងត្រូវយកចិត្តទុកដាក់បន្ថែមទៀត។»
លោកស្រី ទេពផល្លីន បានបន្ថែមថាអង្គការរបស់លោកស្រីមិនទាន់មានគោលនយោបាយស្តីពីការការពារនៅកន្លែងធ្វើការនោះទេ ដោយសារខ្វះធនធាន ដូចនេះ បន្ទាប់ពីវគ្គសិក្សានេះ លោកស្រីនឹងពិនិត្យ និងកែលំអគោលការណ៍មួយចំនួន ដែលមិនតម្រូវឱ្យប្រើធនធានច្រើននោះទេ ដូចជាបញ្ហាបៀតបៀនផ្លូវភេទ និងការបង្កើតឲ្យមានយន្តការប្តឹងតវ៉ា។
អង្គការអុកស្វាម គ្រោងនឹងរៀបចំសិក្ខាសាលាប្រមូលលទ្ធផល ស្តីពីការកែលំអគោលការណ៍ជាមួយដៃគូសហការនាចុងឆ្នាំនេះ។ វេទិកានេះ នឹងអាចជួយដៃគូ ក្នុងការលើកកម្ពស់អភិបាលកិច្ច និងបរិយាកាសនៅកន្លែងធ្វើការរបស់ពួកគេផងដែរ។
By Naratevy Kek/Oxfam