លោកស្រី ស៊ូ សុធាវី
សកម្មជនអ្នកស្រលាញ់ភេទដូចគ្នា
សុធាវី គឺជាអ្នកស្រលាញ់ភេទដូចគ្នា និងជាសកម្មជនផ្នែកមនុស្សធម៌ ដែលបានទទួលរងនូវការឈឺចាប់ពីការធ្វើទារុណកម្ម ការរំលោភសេពសន្ថវៈ ការរើសអើង និងអំពើហិង្សា តាំងសម័យ ប៉ុល ពត ដោយសារតែគាត់ខុសប្លែកពីអ្នកដទៃ។
ខ្ញុំឈ្មោះ ស៊ូ សុធាវី។ ខ្ញុំមិនចាំថា ខ្ញុំមានអាយុប៉ុន្មាននោះទេ ប៉ុន្តែខ្ញុំកើតក្នុងឆ្នាំ ១៩៤០ ។ ខ្ញុំរស់នៅក្នុងភូមិកន្ទួត ខេត្តតាកែវ តាំងពីឆ្នាំ ១៩៧៥ ដែលជាការចាប់ផ្តើមនៃរបប ប៉ុល-ពត។ គេរើសអើងខ្ញុំតាំងពីខ្ញុំចាប់ផ្តើមស្លៀកពាក់ដូចស្រី និងទុកសក់វែង។ ខ្ញុំភ្លេចរឿងជាច្រើន ប៉ុន្តែរឿងមួយដែលខ្ញុំមិនភ្លេចរហូតដល់ខ្ញុំស្លាប់នោះ គឺក្តីសង្ឃឹមថាថ្ងៃណាមួយអ្នកស្រលាញ់ភេទដូចគ្នានឹងមានសិទ្ធដូចគេដូចឯងដែរ។
ការលះបង់សម្រាប់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា
ខ្ញុំចាប់ផ្តើមដឹងថាខ្ញុំចង់ធ្វើជាស្រី នៅពេលដែលខ្ញុំមានអាយុ ៥ឆ្នាំ។ ឪពុកម្តាយខ្ញុំ មិនអាចទទួលយកការពិតរបស់ខ្ញុំទេ ដូច្នេះខ្ញុំបានចាកចេញពីផ្ទះពេលអាយុ ១៥ឆ្នាំ ហើយបានប្រកបរបរបម្រើសេវាកំសាន្ត។ ជីវិតខ្ញុំជួបប្រទះនូវព្យុះភ្លៀងជាច្រើនរហូតមកដល់បច្ចុប្បន្ន។ មានពេលច្រើនដងណាស់ដែលជីវិតនេះដុនដាបខ្លាំង ប៉ុន្តែមានគ្រាមួយនោះ ខ្ញុំបានក្រោកឈរឡើង តាំងចិត្ត និងតស៊ូ ក្នុងការប្រយុទ្ធប្រឆាំងដើម្បីសិទ្ធិរបស់ខ្ញុំ ដឹកនាំការងារតស៊ូមតិសម្រាប់សិទ្ធិរបស់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងដើម្បីជួយប្រជាជនកម្ពុជាដែលរស់នៅជាមួយមេរោគអេដស៍។
ខ្ញុំបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយជំងឺអេដស៍ ជាមួយអង្គការខ្មែរអភិវឌ្ឍន៍សេរីភាព (KDFO) នៅឆ្នាំ១៩៨៥។ នៅឆ្នាំ១៩៩៩ ខ្ញុំ បានផ្តោតការយកចិត្តទុកដាក់របស់ខ្ញុំ ទៅលើក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងបានបង្កើតបណ្តាញកម្ពុជាសម្រាប់បុរសស្រ្តីក្នុងការអភិវឌ្ឍន៍ (CMWD) ជាអង្គការក្រៅរដ្ឋាភិបាលដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលគាំទ្រដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ទីនេះហើយដែលខ្ញុំបានបម្រើការជានាយិកាអង្គការ។ ពីរទសវត្សរ៍ក្រោយ ក្នុងឆ្នាំ ២០១៤ ខ្ញុំបានទទួលពានរង្វាន់ David Kato Vision & Voice នៅប្រទេសអាល្លឺម៉ង់។
ឥឡូវនេះ ខ្ញុំចាស់ហើយ ខ្ញុំរស់នៅតែម្នាក់ឯង ហើយមានជម្ងឺពិការពាក់កណ្ដាលខ្លួន។ ខ្ញុំមិនអាចធ្វើអ្វីបានច្រើនទៀតទេ ដើម្បីគាំទ្រដល់ក្រុមអ្នកស្រលាញ់ភេទដូចគ្នា តែចិត្តរបស់ខ្ញុំ គឺនឹងឋិតនៅជាមួយពួកគេជារៀងរហូត។
ផ្ញើជូនក្រុមអ្នកស្រលាញ់ភេទដូចគ្នា សូមប្រឹងប្រែងដើម្បីសិទ្ធិរបស់អ្នក សូមតស៊ូឡើង ហើយត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQI) រៀបការ ហើយពួកគេត្រូវបានគេទទួលយកនៅកន្លែងធ្វើការ។ ខ្ញុំសង្ឃឹមថា ឪពុកម្តាយទាំងអស់ នឹងទទួលយកការពិតនេះ ដោយមិនរើសអើងប្រឆាំងនឹងកូនៗ របស់ពួកគេ ដោយសារតែពួកគេកើតមកមានអាកប្បកិរិយាបែបនេះ ពីធម្មជាតិ។ សូមជូនពរ ឱ្យពួកគេរស់នៅដោយមានសុភមង្គល។“ផ្ញើជូនក្រុមអ្នកស្រលាញ់ភេទដូចគ្នា សូមប្រឹងប្រែងដើម្បីសិទ្ធិរបស់អ្នក សូមតស៊ូឡើង ហើយត្រូវចេះស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រុមអ្នកស្រលាញ់ភេទដូចគ្នារៀបការ ហើយពួកគេត្រូវបានគេទទួលយកនៅកន្លែងធ្វើការ”