វិចារណកថា៖ ពីនេះពីនោះ៤

មិត្ត​ជា​ទី​រាប់​អាន​

ខ្ញុំ​ឈ្មោះ​ Priscilla Ngero ខ្ញុំ​ មាន​កិត្តិយស​ណាស់​ ដែល​ត្រូវ​បាន​ផ្តល់​ឱកាស​ឱ្យ​ធ្វើ​ការ​ជំនួស​ សូលីន​ ក្នុង​កំឡុង​ពេល​ឈប់​សម្រាក​ លំហែ​មាតុភាព​។ ខ្ញុំ​នឹង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ក្រុម​ការងារ​អង្គការ​អុកស្វាម​ និង​ដៃ​គូ​របស់​យើង​រហូត​ដល់​បំណាច់​ខែ​មីនា​​ ឆ្នាំ​២០២០​ ក្នុង​តួនាទី​ជា​នាយិកា​ស្តីទី​ អង្គការ​អុកស្វាម​ប្រចាំ​នៅ​កម្ពុជា​។ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ ដែល​បាន​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ក្រុម​ការងារ​ដ៏​ស្វិតស្វាញ​នេះ​ និង​មាន​ឱកាស​ចែក​រំលែក​ទស្សនវិស័យ​របស់​ខ្ញុំ​​ជាមួយ​មិត្ត​អ្នក​អាន​ ពីនេះពីនោះ របស់​យើង​​!

ប្រធាន​បទ​លើក​នេះ​ ផ្តោត​លើ​ធុរកិច្ច​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ និង​បរិយាប័ន្ន​ ដូច្នេះ​ ខ្ញុំ​សូម​ចែក​រំលែក​គម្រោង​នានា​របស់​អង្គការ​អុកស្វាម​ប្រចាំ​នៅ​កម្ពុជា​​ជុំវិញ​ប្រធានបទ​នេះ​។

នៅ​ក្នុង​ឆ្នាំ​២០១៥​ អង្គការ​អុកស្វាម​ បាន​ចាប់​ផ្តើម​គម្រោង​ថ្នាក់​តំបន់​ឈ្មោះ​ថា​ “គម្រោង​លើក​កម្ពស់​យេនឌ័រ​ និង​ធុរកិច្ច​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ​ ក្នុង​វិស័យ​កសិកម្ម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ (GRAISEA)​” ដើម្បី​លើក​កម្ពស់​គម្រូ​ធុរកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន​ឈ្នះ-ឈ្នះ​ ដែល​គម្រូ​នេះ​ផ្តល់​ផល​ប្រយោជន៍​ដល់​​កសិករ​ខ្នាត​តូច​ ក្រុមហ៊ុន​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​​នៅ​ក្នុង​ទី​ផ្សារ​អន្តរជាតិ​ ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​ភាព​ជា​អ្នក​ដឹក​នាំ​ និង​សិទ្ធិ​អំណាច​របស់​ស្រី្ត​។ ជា​ផ្នែក​មួយ​នៃ​គម្រោង​នេះ​ អង្គការ​អុកស្វាម​រួម​ទាំង​ក្រុមហ៊ុន​ និង​អង្គការ​សង្គម​ស៊ីវិល​ ​ ដែល​មាន​ទស្សនវិស័យ​ដូច​គ្នា​បាន​ផ្តួច​ផ្តើម​ វេទិកា​ស្តី​ពី​ទំនួលខុស​ត្រូវ​សង្គម​កម្ពុជា​ ដោយ​ប្រមូល​ផ្តុំ​​ក្រុមហ៊ុន​ សភា​ពាណិជ្ជកម្ម​ និង​អង្គការ​សង្គម​ស៊ីវិល​​ជាង​ ៥០ ។ គោល​បំណង​នៃ​វេទិកា​នេះ​ គឺ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ល្អ​ៗ​ និងធនធាន​ផ្សេង​ៗ​ និង​លើក​កម្ពស់​ការអនុវត្ត​ធុរកិច្ច​ប្រកប​ដោយ​ទំនួលខុសត្រូវ​ និង​បរិយាប័ន្ន​ ដែល​​ផ្តល់​ផល​ប្រយោជន៍​ដល់​ស្រ្តី​ និង​បុរស​នៅ​កម្ពុជា​។

ឧទាហរណ៍​ដ៏​ល្អ​មួយ​នៃ​ធុរកិច្ច​ប្រកប​ដោយ​ការ​​ទទួល​ខុស​​ត្រូវ​​ និង​​បរិយាប័ន្ន​ គឺ​សមាជិក​ និង​ដៃគូ​របស់​យើង​ ដូចជាក្រុមហ៊ុន​អេមរុរ៉ាយស៍​​ ដែល​ផ្តោត​គម្រូ​ធុរកិច្ច​លើ​ការ​ធ្វើ​ការ​ជាមួយ​ប្រជាកសិករ​ ក្នុង​នាម​ជា​ដៃ​គូ​ដ៏​សំខាន់​ តាម​រយៈ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ និង​គាំទ្រ​ពួក​គេ​ក្នុង​ការអភិវឌ្ឍ​ស្មារតី​ និង​ជំនាញ​សហគ្រិន​ និង​ក្លាយ​ជា​ “កសិ​សហគ្រិន​” ។ ក្រុមហ៊ុន​អេមរុរ៉ាយស៍​​ ក៏​ជា​ដៃគូ​សំខាន់​ នៅ​ក្នុង​គម្រោង​ប្លុករ៉ាយស៍​​ (BlocRice) និង​រ៉ាយស៍​​ថេក​ខេមបូឌា​ (RiceTechCambodia) ដែល​មាន​គោលបំណង​លើក​កម្ពស់​​បរិយាប័ន្ន ​កសិករ​ខ្នាត​តូច​ សិទ្ធិ​អំណាច​សេដ្ឋកិច្ច​របស់​ស្រី្ត​ និង​ភាព​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ​។ ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ កំពុង​ទទួល​យក​បរិយាប័ន្ន​ ដោយ​ធ្វើ​ការ​​ផ្ទាល់​ជាមួយ​ក្រុម​ប្រជាកសិករ​ និង​កសិករ​ខ្នាត​តូច​ ខណៈ​ពេល​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​សុខុមាលភាព​របស់​និយោជិក​​ខ្លួន​ ដូចជា​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ ដែល​កំពុង​ចែក​រំលែក​ទស្សនវិស័យ​ពាក់ព័ន្ធ​នឹង​ប្រធានបទ​នេះ​។

ការសហការ​ជា​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ដែល​ផ្តល់​អត្ថប្រយោជន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​ កសិករ​ខ្នាត​តូច​​នៅ​លើ​ទី​ផ្សារ​ កំពុង​មាន​សក្តានុពល​ខ្លាំង​។ អង្គការ​អុកស្វាម​ និង​ដៃ​គូ​បាន​ត្រៀម​ខ្លួន​ និង​រីករាយ​ចូល​រួម​ក្នុង​កិច្ចសន្ទនា​ លើក​កម្ពស់​ធុរកិច្ច​ប្រកប​ដោយ​ទំនួលខុសត្រូវ​ និង​បរិយាប័ន្ន​ នៅ​ប្រទេស​កម្ពុជា​ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក​​ទាំង​អស់​គ្នា​ ជា​ពិសេស​ស្រ្តី​ និង​ជន​ងាយ​រង​គ្រោះ​៕

យើង​រង់ចាំ​ស្តាប់​មតិ​ និង​យោបល់​របស់​អ្នក​ ដើម្បី​ឲ្យ​ ពី​នេះ​ពី​នោះ កាន់​តែ​ប្រសើរ​ជាង​នេះ​។ សូម​ផ្ញើ​មតិ​ និង​យោបល់​របស់​អ្នក​ទៅ​កាន់​ ពី​នេះ​ពី​នោះ​ តាម​រយៈ​PineehPinooh.Cambodia@oxfam.org

ខ្ញុំ​សង្ឃឹម​ថា​ អ្នក​នឹង​រីករាយ​ជាមួយ​ ពី​នេះ​ពី​នោះ​ ទី​៤​ នេះ​!

សូម​ជូន​ពរ​លោក​អ្នក​សំណាង​ល្អ​

Priscilla ​