ខាងក្រោមនេះជាលិខិតទាំងស្រុងពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលបានរួមគ្នាសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសបន្ថែមថវិការជាតិ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០១៨
អង្គការជាតិ/អន្តរជាតិ
សូមគោរពជូន
ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
កម្មវត្ថុ៖ សម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសបន្ថែមថវិកាជាតិ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០១៨។
តាងនាមឱ្យវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងអង្គការជាតិ/អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធលើថវិកាជាតិ(មានភ្ជាប់ជូនបញ្ជីអង្គការនៅខាងក្រោម) សូមសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ ដើម្បីធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌និងបរិយាប័ន្ន» ដែលគ្រោងនឹងបង្កើនថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ពី៦៧៧លានដុល្លានៅឆ្នាំ២០១៧ ដល់៧៣០លានដុល្លាក្នុងឆ្នាំ២០១៨។
ការគ្រោងបង្កើនថវិកាសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះការធ្វើកំណែទម្រង់វិស័យអប់រំ ជាពិសេសការពង្រឹងគុណភាពអប់រំ និងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាអប់រំប្រកបដោយសមធម៌ តាមរយៈការវិនិយោគលើការបណ្តុះបណ្តាល និងពង្រាយគ្រូបង្រៀន ការអភិវឌ្ឍកម្មវិធីសិក្សា ការពង្រឹងគុណភាពសេវាបង្រៀន និងរៀននៅតាមសាលារៀន ដើម្បីចូលរួមចំណែកលើកកម្ពស់ស្តង់ដាការអភិវឌ្ឍន៍ធនធានមនុស្ស និងកិត្យានុភាពវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព។
យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមំាថា ការគ្រោងបង្កើនថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវបានគាំទ្រ និងអនុម័ត ដោយគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិនាពេលខាងមុខ។ ជាមួយគ្នានេះដែរ យើងខ្ញុំសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់ឱកាសឱ្យអង្គការជាតិ/អន្តរជាតិ បានចូលរួមក្នុងការពិភាក្សាអំពីតម្រូវការនិងស្វែងរកដំណោះស្រាយសម្រាប់វិស័យអប់រំ និងចូលរួមតាមដានលើតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡា។
សូម ឯកឧត្តមបណ្ឌិតសភាចារ្យ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ។
ធ្វើនៅភ្នំពេញ ថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០១៧
តំណាងអង្គការជាតិ/អន្តរជាតិ
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
បណ្ឌិត តឹក វណ្ណារ៉ា
ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លោក ស៊ុន យូរ៉ា ប្រធានកម្មវិធីអភិវឌ្ឍន៍
០៨៩ ២៦៦ ២៧៨ ឬ អ៊ីម៉ែល៖ youra@ngoforum.org.kh
បញ្ជីសមាជិកអង្គការជាតិ/អន្តរជាតិដែលគាំទ្រសម្តែងនូវការស្វាគមន៍ និងសាទរចំពោះការប្រកាសបន្កើនថវិកាជាតិសម្រាប់ក្រសួងអប់រំសម្រាប់ឆ្នាំ២០១៨
- សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (Affiliated Network for Social Accountability (ANSA))
- វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (Advocacy and Policy Institute (API))
- អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន (Cambodians for Resource Revenue Transparency (CRRT))
- អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (Gender and Development for Cambodia (GADC))
- សម្ពន្ធអង្គការមិនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGO Coalition on the Rights of the Children(NGOCRC))
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NGO Education Partnership (NEP))
- វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (The NGO Forum on Cambodia (NGOF))
- អង្គការអុកស្វាមកម្ពុជា (Oxfam in Cambodia)
- អង្គការសង្គ្រោះកុមារនៅក្នុងប្រទេសកម្ពុជា (Save the Children (SCI))
- អង្គការស្តារកម្ពុជា (STAR Kampuchea (SK))
- អង្គការតម្លាភាពកម្ពុជា (Transparency International Cambodia (TIC))
- អង្គការទស្សនៈពិភពលោក (World Vision)