លិខិតជូន ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

Tuesday, August 22, 2017

ខាងក្រោមនេះជាលិខិតទាំងស្រុងពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ដែលបានរួមគ្នាសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសបន្ថែមថវិការជាតិ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០១៨


អង្គការជាតិ/អន្តរជាតិ

សូមគោរពជូន
ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

កម្មវត្ថុ៖ សម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសបន្ថែមថវិកាជាតិ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០១៨។

តាងនាមឱ្យវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងអង្គការជាតិ/អន្តរជាតិ ដែលធ្វើការងារពាក់ព័ន្ធលើថវិកាជាតិ(មានភ្ជាប់ជូនបញ្ជីអង្គការនៅខាងក្រោម) សូមសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី«ការពង្រឹងប្រសិទ្ធភាពចំណាយសាធារណៈ ដើម្បីធានាឱ្យការអប់រំមានគុណភាពប្រកប​ដោយ​សម​ធម៌និងបរិយាប័ន្ន» ដែលគ្រោងនឹងបង្កើនថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ពី៦៧៧លានដុល្លានៅឆ្នាំ២០១៧ ដល់៧៣០លានដុល្លាក្នុងឆ្នាំ​២០១៨។

ការគ្រោងបង្កើន​ថវិកាសម្រាប់​ក្រសួងអប់រំ យុវជន និងកីឡា គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុក ដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះការធ្វើកំណែ​ទម្រង់វិស័យ​អប់រំ ជាពិសេសការពង្រឹងគុណភាពអប់រំ និងការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាអប់រំប្រកបដោយសមធម៌ តាមរយៈការវិនិយោគលើការបណ្តុះបណ្តាល និងពង្រាយគ្រូបង្រៀន ការអភិវឌ្ឍកម្មវិធីសិក្សា ការពង្រឹងគុណភាពសេវាបង្រៀន និងរៀននៅតាមសាលារៀន ដើម្បីចូលរួមចំណែកលើកកម្ពស់ស្តង់ដាការអភិវឌ្ឍន៍ធនធានមនុស្ស និងកិត្យានុភាពវិស័យអប់រំនៅកម្ពុជា ដើម្បីឱ្យប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព។

យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមំាថា ការគ្រោងបង្កើនថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងត្រូវបានគាំទ្រ និងអនុម័ត ដោយគណៈរដ្ឋមន្ត្រី និងស្ថាប័ននីតិបញ្ញត្តិនាពេលខាងមុខ។ ជាមួយគ្នានេះដែរ យើងខ្ញុំសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្តល់ឱកាសឱ្យអង្គការជាតិ/អន្តរជាតិ បានចូលរួមក្នុងការពិភាក្សាអំពីតម្រូវការនិងស្វែងរកដំណោះស្រាយសម្រាប់វិស័យអប់រំ និងចូលរួមតាមដានលើតម្លាភាព ​ប្រសិទ្ធភាព និងប្រសិទ្ធផលនៃការប្រើប្រាស់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡា។

សូម ឯកឧត្តមបណ្ឌិតសភាចារ្យ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ។

ធ្វើនៅភ្នំពេញ ថ្ងៃទី០៣ ​ ខែ សីហា ឆ្នាំ ២០១៧  
តំណាងអង្គការជាតិ/អន្តរជាតិ   
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
បណ្ឌិត តឹក វណ្ណារ៉ា

ព័ត៌មានបន្ថែមសូមទំនាក់ទំនង
លោក ស៊ុន យូរ៉ា ប្រធានកម្មវិធីអភិវឌ្ឍន៍
០៨៩ ២៦៦​ ២៧៨ ឬ អ៊ីម៉ែល៖ youra@ngoforum.org.kh

 

បញ្ជីសមាជិកអង្គការជាតិ/អន្តរជាតិដែលគាំទ្រសម្តែងនូវការស្វាគមន៍ និងសាទរចំពោះការប្រកាសបន្កើនថវិកាជាតិសម្រាប់ក្រសួងអប់រំសម្រាប់ឆ្នាំ២០១៨

  1. សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (Affiliated Network for Social Accountability (ANSA))
  2. វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (Advocacy and Policy Institute (API))
  3. អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន (Cambodians for Resource Revenue Transparency (CRRT))
  4. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (Gender and Development for Cambodia (GADC))
  5. សម្ពន្ធអង្គការមិនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ​​ (NGO Coalition on the Rights of the Children(NGOCRC))
  6. អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NGO Education Partnership (NEP))
  7. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (The NGO Forum on Cambodia (NGOF))
  8. អង្គការអុកស្វាមកម្ពុជា (Oxfam in Cambodia)
  9. អង្គការសង្គ្រោះកុមារនៅក្នុងប្រទេសកម្ពុជា (Save the Children (SCI))
  10. អង្គការស្តារកម្ពុជា (STAR Kampuchea (SK))
  11. អង្គការតម្លាភាពកម្ពុជា (Transparency International Cambodia (TIC))
  12. អង្គការទស្សនៈ​ពិភពលោក (World Vision)