មតិចូលរួមរបស់ លោក តាន់ វិសាល តំណាងអង្គការអុកស្វាមកម្ពុជា
ទិវាកម្មករការងារផ្ទះអន្តរជាតិ ១៦ មិថុនា លើកទី ០៧
ថ្ងៃទី ១៧ មិថុនា ឆ្នាំ ២០១៨
សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ
សូមគោរព គណៈអធិបតី និងតំណាងមកពី Solidarity House, Solidarity Center, CENTRAL និងលោកលោកស្រីមកពីអង្គការជាតិ និងអន្តរជាតិផ្សេងទៀត ជាទីគោរព!
តាងនាមឲ្យអង្គការអុកស្វាមនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមក្នុងទិវាកម្មករការងារផ្ទះអន្តរជាតិលើកទី០៧ នាពេលនេះ ។ សូមថ្លែងអំណរគុណដល់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដើម្បីជាការរំលឹក និងបង្កើននូវចំណេះដឹងជាសាធារណៈអំពីការចូលរួមចំណែកដ៏សំខាន់របស់កម្មករការងារផ្ទះ ដែលភាគច្រើនលើសលប់ជាស្រ្តី ។
នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងពិភពលោកទាំងមូល កម្មករការងារផ្ទះ បានចូលរួមយ៉ាងសកម្មក្នុងការស្វែងរកប្រាក់ចំណូល ធ្វើឲ្យមានចរន្តការងារ និងសកម្មភាពការងារជាច្រើនលើគ្រប់ វិស័យឲ្យមានភាពរស់រវើក និងអាចសម្រេចបាន និងកំពុងរួមចំណែកទៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ការចូលរួមចំណែករបស់ពួកគាត់មានសារសំខាន់ណាស់ ។ ពួកគាត់ជួយសម្រួលឲ្យក្រុមគ្រួសារភាគច្រើនមានពេលវាលាគ្រប់គ្រាន់ក្នុងការបំពេញតួនាទី ភារៈកិច្ច និងការទទួលខុសត្រូវបានកាន់តែមានប្រសិទ្ធភាព។
ជារួមទោះបីជា កម្មករការងារផ្ទះ មានសារសំខាន់យ៉ាងណាក៏ដោយ តែកម្មករការងារផ្ទះ ដែលភាគច្រើនជាស្រ្តី បាននិងកំពុងតែទទួលនូវភាពងាយរងគ្រោះ និងឧបសគ្គជាច្រើន ដូចជាការរើសអើង ការទទួលបានការអប់រំ ការទទួលបានការថែទាំសុខភាព កិច្ចគំាពារសង្គម ការការពារស្របច្បាប់ ជាដើម ។ល។
ដោយឡែក អង្គការអុកស្វាម បាននិងកំពុងចូលរួមយ៉ាងសកម្មផងដែរជាមួយដៃគូនានា និងស្ថាប័នជាតិ-អន្តរជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរឹងមាំក្នុងសង្គមរបស់កម្មករនិយោជិតដែលងាយរងគ្រោះទាំងអស់ ទាំងក្នុង និងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការចរចាជាមួយអ្នកពាក់ព័ន្ធនានាក្នុងការធ្វើសេចក្តីសម្រេច ដើម្បីពង្រីកវិសាលភាព ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឲ្យរឹតតែមានប្រសិទ្ធភាព និងសមធម៌។
អង្គការអុកស្វាម សូមធ្វើការកោតសរសើរដល់ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីធ្វើឲ្យសិទ្ធិ សេរីភាព ជីវភាព និងការរស់នៅរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសកម្មករការងារផ្ទះ ឲ្យរឹតតែប្រសើរឡើង។
ជាមួយគ្នានេះផងដែរ អង្គការអុកស្វាមសូមអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញឲ្យប្រើប្រាស់នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម បេឡាជាតិរបបសន្តិសុខសង្គម ហើយជាពិសេសថ្មីៗ នេះ ក្រសួងការងារ និងបណ្ណុះបណ្ណាលវិជ្ជាជីវៈបានដាក់ចេញនូវប្រកាសស្តីពីលក្ខខ័ណ្ឌការងារសំរាប់កម្មករការងារផ្ទះ លេខ២៣៥ ចុះថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៨ ដែលជាឳកាសមួយដ៏ល្អប្រសើរ ឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់កម្មករនិយោជិត ជាពិសេសស្ត្រីដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ក្រោមការយកចិត្តទុកដាក់នេះ យើងសង្ឃឹមយ៉ាងមុតមាំថា លក្ខខ័ណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករការងារផ្ទះនៅក្នុងប្រទេសកម្ពុជាទាំងមូលនឹងមានភាពប្រសើរឡើងជាលំដាប់នាពេលអនាគត ហើយយើងសង្ឃឹមផងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ដល់កម្មករការងារផ្ទះនៅក្រៅប្រទេសថែមទៀត។
អង្គការអុកស្វាមនឹងបន្តសហការ សំណូមពរ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់ផលប្រយោជន៍ដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធលើគ្រប់វិស័យ ដើម្បីឲ្យពួកគាត់ទទួលបាននូវកិច្ចគាំពារសង្គមកាន់តែទូលំទូលាយ ។
ខ្ញុំសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ និងកម្មករនិយោជិត ត្រូវបន្តសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីខ្លឹមសារ និងនិតិវិធីនានា ហើយត្រូវចូលរួមផ្តល់យោបល់ និងព័ត៌មានត្រឡប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យការអនុវត្តនៃក្របខ័ណ្ឌគោលនយោបាយជាតិទាំងមូល និងប្រកាសនានា រឹតតែមានប្រសិទ្ធភាពខ្ពស់។
“កម្មករការងារផ្ទះចូលរួមយ៉ាងសកម្មធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ” “កម្មករការងារផ្ទះមានសិទ្ធិដូចកម្មករក្នុងវិស័យដ៏ទៃទៀតដែរ” ដូច្នេះការទទួលបាននូវកិច្ចគាំពារសង្គម និងសុខមាលភាពត្រូវគិតគូរជាពិសេសដល់ពួកគាត់ ហើយពួកគាត់ត្រូវតែទទួលបាននូវការគោរពជាដាច់ខាត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករការងារផ្ទះឲ្យមានប្រសិទ្ធភាព ជាការចាំបាច់បំផុតដែលទាមទារឲ្យមាន ការចងក្រងក្រុម ការពង្រឹងសមត្ថភាព និងការចូលរួមវិភាគឲ្យបានល្អិតល្អន់អំពីស្ថានភាពនិងតម្រូវការជាក់លាក់របស់ពួកគាត់ ហើយត្រូវផ្តល់ឪកាសក្នុងការចូលរួមបង្កើតគោលនយោបាយនានាដែលឆ្លើយតបទៅនឹងតម្រូវការ ការចូលរួមអនុវត្តគម្រោង ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការដឹកនាំ។
ជាមួយគ្នានេះផងដែរ ខ្ញុំសូមសំណូមពរដល់ ស្ថាប័នទាំងអស់គិតគូរជាពិសេសក្នុងការបង្កើតគម្រោង និងការអនុវត្តគម្រោងទាំងអស់ប្រកប ដោយការចូលរួមរបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកាបញ្ជ្រាបយេនឌ័រ ។
ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ។