Speech on International Women's Day: "Social Protection and Social Wealthfare For Citizen"

Wednesday, March 7, 2018
Sokha Srey, International Women's Day 2018

មតិចូលរួមរបស់តំណាងអង្គការអុកស្វាមកម្ពុជាក្នុងទិវានារីអន្តរជាតិ ០៨ មិនា លើកទី១០៧ ស្តីពី កិច្ចគាំពារសង្គម និងសុខមាលភាពប្រជាពលរដ្ឋ

សូមជម្រាបសួរ នាងកញ្ញា លោក លោកស្រី ដែលមានវត្តមាននៅទីនេះ
សូមគោរព គណៈអធិបតី និងតំណាងមកពីក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្តុ តំណាងមកពីបេឡាជាតិរបបសន្តិសុខសង្គម និងលោកលោកស្រីមកពីអង្គការជាតិ និងអន្តរជាតិ ជាទីគោរព!

តាងនាមឲ្យអង្គការអុកស្វាម​នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមក្នុងទិវានារីអន្តរជាតិលើកទី ១០៧ ក្រោមប្រធានបទ កិច្ចគាំពារសង្គម និងសុខមាលភាពប្រជាពលរដ្ឋនាពេលនេះ។ សូ​មថ្លែងអំណរគុណដល់អង្គការដៃគូរទាំងអស់ ​ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ​ ដើម្បីជាការរំលឹក និងបង្កើននូវចំណេះដឹងជាសាធារណៈអំពីការចូលរួមចំណែកដ៏សំខាន់របស់ស្រ្តីនៅក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។​

នៅក្នុងប្រទេសកម្ពុជា ស្រ្តីបានចូលរួមយ៉ាងសកម្មលើគ្រប់វិស័យ ជាពិសេសស្រ្តីបានចូលរួមយ៉ាងលើសលប់លើវិស័យសេដ្ឋកិច្ជក្រៅប្រពន្ធ័​​។​ ទន្ទឹមនឹងនេះ ស្រ្តីនៅទទួលនូវការរងគ្រោះ និងឧបសគ្គជាច្រើន។​​ ខ្ញុំមានសេចក្តីសោមនស្សរីករាយជម្រាបជូនអង្គពិធីទាំងមូលថា អង្គការអុកស្វាមបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា និងស្ថាប័នជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងការចូលរួមរបស់ស្រ្តីឲ្យកាន់តែមានសក្តានុពល និងប្រសិទ្ធភាព។

ដោយឡែក ដោយសារប្រធានបទថ្ងៃនេះផ្តោតលើ កិច្ចគាំពារសង្គម និងសុខមាលភាពប្រជាពលរដ្ឋ ខ្ញុំមានកិត្តិយសជម្រាបជូនអំពីការគាំទ្ររបស់អង្គការអុកស្វាមទៅលើវិស័យខាងលើនេះ។ អង្គការអុកស្វាមបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា និងស្ថាប័នជាតិ ដើម្បីធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចរឹងមាំក្នុងសង្គមរបស់កម្មករ និយោជិតដែលងាយរងគ្រោះទាំងអស់ទាំងក្នុងនិងក្រៅប្រព័ន្ធ តាមរយៈការផ្តល់អនុសាសន៍ និងការចរចាជាមួយអ្នកពាក់ព័ន្ធនានាក្នុងការធ្វើសេចក្តីសម្រេច ដើម្បីពង្រីកវិសាលភាព ការផ្តល់ហិរញ្ញវត្ថុ និងការផ្តល់សេវាគាំពារសង្គមឲ្យរឹតតែមានប្រសិទ្ធភាព និងសមធម៌។

ការដាក់ចេញឲ្យប្រើប្រាស់នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងបេឡាជាតិរបបសន្តិសុខសង្គម ជាឳកាសមួយដ៏ល្អប្រសើរ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងឆ្លើយតបទៅនឹងផលប្រយោជន៍ និងតម្រូវការរបស់កម្មករនិយោជិត ជាពិសេសស្ត្រីដែលកំពុងធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ហេតុដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធទាំងអស់ និងកម្មករនិយោជិត ត្រូវសិក្សាស្វែងយល់ឲ្យបានច្បាស់អំពីខ្លឹមសារ និងនិតិវិធីនានា ហើយត្រូវចូលរួមតាមដាន និងផ្តល់ព័ត៌មានត្រឡប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឲ្យការអនុវត្តនៃក្របខ័ណ្ឌគោលនយោបាយជាតិទាំងមូលរឹតតែមានប្រសិទ្ធភាពខ្ពស់។

“ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ” ដូច្នេះការទទួលបាននូវកិច្ចគាំពារសង្គម និងសុខមាលភាពត្រូវគិតគូរជាពិសេសដល់ក្រុមនិយោជិតជាស្ត្រី។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ស្ត្រីឲ្យមានប្រសិទ្ធិភាព វាជាការចាំបាច់បំផុតដែលទាមទារឲ្យមាន ការចូលរួមវិភាគឲ្យបានល្អិតល្អន់អំពីស្ថានភាពនិងតម្រូវការជាក់លាក់របស់ស្ត្រី ផ្តល់ឪកាសក្នុងការចូលរួមបង្កើតគោលនយោបាយដែលឆ្លើយតបទៅនឹងតម្រូវការជាពិសេសសម្រាប់ស្ត្រី ការចូលរួមអនុវត្តគម្រោងដោយស្ត្រី ការចូលរួមធ្វើសេចក្តីសម្រេច និងការដឹកនាំដោយស្ត្រី។ ជាមួយគ្នានេះផងដែរ ខ្ញុំសូមសំណូមពរដល់ស្ថាប័នទាំងអស់គិតគូរជាពិសេសក្នុងការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់ស្ថានភាពរបស់ស្រ្តីទៅក្នុងគម្រោង និងការអនុវត្តគម្រោងទាំងអស់។

អង្គការអុកស្វាម នឹងបន្តសហការ និងធ្វើការជាមួយដៃគូពាក់ព័ន្ធនានា ព្រមទាំងស្ថាប័ន​ជាតិ ដើម្បី​ចូលរួមចំណែកធ្វើឲ្យការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងបេឡាជាតិរបបសន្តិសុខសង្គមឲ្យរឹតតែមានភាពប្រសើរឡើង។

ជាចុងបញ្ចប់ ខ្ញុំសូមគោរពជូនពរដល់នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ។​