មតិចូលរួមក្នុងពិធីបង្កើតក្រុមការងារ “ស្តីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច”
ដោយ លោកស្រី សម្បត្តិ រតនា អ្នកសម្របសម្រួលកម្មវិធីយេនឌ័រ និងយុវជន អង្គការអុកស្វាម
២៧ មេសា ២០១៨
សូមគោរពគណៈអធិបតី ជាទីគោរព
- សូមគោរពលោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី
- កញ្ញា ប៉ែន រានី ប្រធានលេខាធិការដ្ឋាននៃកម្មវិធី និងលទ្ឋផល នៃអង្គការសហប្រជាជាតិ UNDP
- សូមគោរព ជំរាបសួរ និងស្វាគមន៍ចំពោះវត្តមានដ៏ថ្លៃថ្លាររបស់លោក លោកស្រី អ្នកនាង កញ្ញា ក្នុងកិច្ចប្រជុំប្រកាសជាផ្លូវការក្រុមការងារស្តីពីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ជាទីគោរព។
ជាបឋម នាងខ្ញុំសូមគោរព និងជម្រាបសួរលោកជំទាវ លោកស្រី លោក អ្នកនាង កញ្ញា ដែលបានចំណាយពេវេលាដ៏មានតម្លៃ ចូលរួមក្នុងកិច្ចប្រជុំនាថ្ងៃនេះ ព្រមទាំងបានរួមចំណែកអនុវត្តកិច្ចការដើម្បីស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។
នាងខ្ញុំ សូមអធ្យាស្រ័យដល់អង្គប្រជុំទាំងមូល ដោយលោកស្រីនាយិកា នៃអង្គការអុកស្វាម មិនអាចមកចូលរួមក្នុងប្រជុំនេះបាន។ លោកស្រីនាយិកា សូមថ្លែងអំណរគុណដល់ក្រសួងកិច្ចការនារី ជាពិសេសថ្នាក់ដឹកនាំរបស់ក្រសួង ដែលបានផ្តល់កិច្ចសហការជាមួយអង្គការអុកស្វាម ជាក្នុងនាមជាសហសម្របសម្រួលនៃក្រុមកាងារដ៏មានសារសំខាន់នេះ ជាមួយនឹង UNDP។
ទន្ទឹមនឹងនេះ នាងខ្ញុំផ្ទាល់មានកិត្តិយសយ៉ាងក្រៃលែងដែលបានចូលរួមប្រជុំនាថ្ងៃនេះ ។
អង្គការអុកស្វាម សូមធ្វើការកោតសរសើរដ៏ស្មោះដល់ក្រសួងកិច្ចការនារី ដែលបានបង្កើតនូវកម្មវិធីជាយុទ្ធសាស្រ្តរយះ៣ឆ្នាំស្តីពីដំណើរឆ្ពោះទៅរកសមភាពយេនឌ័រ ។ យើងមានការជឿជាក់យ៉ាងមុតមាំទៅលើទៅលើភាពដឹកនាំ និងការប្តេជ្ញាចិត្តរបស់មន្រ្តី នៃក្រសួងកិច្ចការនារីក្នុងការអនុវត្តកម្មវិធីជាយុទ្ធសាស្រ្តខាងលើនេះប្រកបដោយប្រសិទ្ធភាព។
ឆ្លៀតក្នុងឪកាសនេះ ខ្ញុំមានសេចក្តីសោមនស្ស ជម្រាបជូនអង្គពិធីទាំងមូលថា អង្គការអុកស្វាម បាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូរនានា ស្ថាប័នជាតិ អន្តរជាតិ រដ្ឋាភិបាល វិស័យឯកជន ទាំងក្នុង និងក្រៅប្រពន្ឋ័ ដើម្បីធ្វើឲ្យមានភាពប្រសើរឡើងនូវស្ថានភាពស្រ្តី ក្មេងស្រី និងក្រុមដែលងាយរងគ្រោះផ្សេងទៀត រួមបញ្ចូលទាំងជនដែលមានពិការភាព អ្នកប្តូរភេទ និងអ្នកស្រឡាញ់ភេទដូចគ្នា ក្រុមដែលមនុស្សចាស់ជរានិងយុវវ័យ និងក្រុមជនជាតិដើមភាគតិច ។ល។ ដើម្បីឲ្យស្ថានភាពរស់នៅរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។ យើងវិនិយោគសំដៅឆ្ពោះទៅរកសមាសភាពសំខាន់៣ រួមមាន ១-បង្កើនភាពអង់អាច និងភាពជាអ្នកដឹកនាំរបស់ស្រ្តីនិងក្មេងស្រី ២-បង្កើនអំណាចផ្នែកសេដ្ឋកិច្ច និង ៣-លុបបំបាត់អំពើហិង្សាផ្អែកលើយេនឌ័រ។
ដូចលោកជំទាវ លោកស្រី លោក អ្នកនាង កញ្ញា បានជ្រាបហើយថា វិសមភាពយេនឌ័រមិនមែនជាបញ្ហារបស់ស្ថាប័នមួយ ហើយក៏មិនអាចដោះស្រាយដោយស្ថាប័នតែមួយបាននោះទេ ។ យើងត្រូវការបន្តដំណើររួមគ្នាលើផ្លូវមួយនេះ ដើម្បីសិក្សាស្វែងយល់ឲ្យមានលក្ខណៈស៊ីជម្រៅ ពីបញ្ហាប្រឈម ចន្លោះខ្វះខាត ភាពខ្លាំង និងឪកាសនានា ដោយផ្អែកលើគោលដៅរួមគ្នាជាក់លាក់ ពេលវេលាជាក់លាក់ ផែនការរួមគ្នា ពង្រឹងកិច្ចការសហការ ដើម្បីសម្រេចលទ្ឋផលដែលរំពឹងទុក និងភាពជាដៃគូរដ៏យូរអង្វែង។
មុននឹងបញ្ចប់ តាងនាម ខ្លួនខ្ញុំផ្ទាល់ជាស្រ្តីមួយរូប និងជាអ្នកធ្វើការងារយេនឌ័រ និងយុវជន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងកិច្ចការនារី ដែលជានិច្ចជាកាល តែងតែផ្តល់ឧិកាសនិងកិច្ចសហការ ដល់ស្ថាបន័សង្គមស៊ីវិល ចូលរួមក្នុងការងារ ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចនេះ។
អង្គការអុកស្វាមប្តេជ្ញា នឹងបន្តកិច្ចសហការ និងធ្វើការជាមួយដៃគូរពាក់ព័ន្ធនានា ទាំងស្ថាប័នជាតិ ដៃគូរអភិវឌ្ឍ វិស័យឯកជន រាជរដ្ឋាភិបាល ទាំងផ្នែកបច្ចេកទេស និងមូលនិធិ ដើម្បីរួមចំណែកធ្វើឲ្យការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិ គោលវិធីនានាដើម្បីបង្កើនស្តី្រក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចឲ្យកាន់់តែមានភាពប្រសើរឡើង និងឆ្លើយតបទៅតម្រូវការ និងសិទ្ឋិរបស់គ្រប់ប្រភេទយេនឌ័រ និងសង្គម ។
ជាចុងបញ្ចប់ នាងខ្ញុំសូមគោរពជូនពរដល់លោកជំទាវ នាងកញ្ញា លោក លោកស្រី និងអ្នកចូលរួមទាំងអស់ ឲ្យមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ។