Remarks by Ms.Solinn Lim, Oxfam Country Director, during the launching and dissemination workshop on 2019 Open Budget Survey and Cambodian National Budget Website

សុន្ទរកថាស្វាគមន៍ និងបើក របស់លោក លោកស្រី លឹម សូលីន ប្រធានប្រចំាប្រទេសនៃអង្គការ អុកស្វាម កម្ពុជា

នៅសណ្ឋាគារ ឡឺរូយ៉ាល់ ភ្នំពេញ, ថ្ងៃទី ២៥ ខែ សីហា ឆ្នំា ២០២០

សូមគោរព៖

លោក Javier CASTILLO ALVAREZ, តំណាងសហភាពអឺរ៉ុបនៅកម្ពុជា

Ms. Sally Torbert, មន្រ្តីកម្មវិធីប្រចំាតំបន់អាស៊ី នៃអង្គការ International Budget Partnership (IBP),

លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា

លោក​ លោកស្រីតំណាងដៃគូ​អភិវឌ្ឍន៍នានា

លោក លោកស្រីតំណាងគ្រឹះស្ថានឧត្តម​សិក្សា

លោក លោកស្រីតំណាងសមាជិកសង្គមស៊ីវិល

បងប្អូន យុវជន តំណាងសហគមន៍ ជាទីគោរពរាប់អាន

ថ្ងៃនេះខ្ញុំមានកិតិ្តយស និងសេចក្តីរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល អង្កេតការផ្សព្វផ្សាយថវិកាជាតិនៅកម្ពុជាឆ្នាំ២០១៩ នាថ្ងៃនេះ។ ក្នុងនាមអង្គការអុកស្វាម ប្រចាំប្រទេសកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោក​ លោកស្រីដែលមានវត្តមាននៅក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល នៃការអង្កេតការផ្សព្វផ្សាយថវិកានៅកម្ពុជាឆ្នាំ២០១៩។

អង្គការអុកស្វាមមានសេចក្តីរីករាយយ៉ាងខ្លាំងដោយបានសហការ និងគាំទ្រទាំងបច្ចេកទេសក្នុងការពង្រឹងសមត្ថភាព ក៏ដូចជា ហិរញ្ញវត្ថុដល់ក្រុមការងារថវិកាជាតិ ជាពិសេសដល់​ NGOF ដែលជាលេខាធិការដ្ឋានសម្របសម្រួលដល់ក្រុមការងារផ្នែកថវិកាជាតិ ក្នុងគោលដៅរួមចម្បងគឺ ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពក្នុងសង្គម រួមទាំងវិសមភាពផ្នែកសេដ្ឋកិច្ច វិសមភាពផ្នែកសង្គម វិសមភាពផ្នែកយេនឌ័រ ក៏ដូចជាផ្នែកនយោបាយ តាមរយះគោលនយោបាយសារពើពន្ធ័ Inclusive and Pro-poor Fiscal Policy of Fiscal Justice) និងកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណះ ដែលមានលក្ខណះគ្រប់ជ្រោយ មានតម្លាភាព មានការចូលរួមពីសង្គមស៊ីវិល និងពលរដ្ឋ និងផ្តល់អាទិភាពនិងយកចិត្តទុកដាក់ចំពោះក្រុមជនដែលងាយរងគ្រោះ ក្រុមជនដែលស្ថិតជាប់នឹងខ្សែបន្ទាត់នៃភាពក្រីក្រ ជាពិសេសស្រ្តី និងក្មេងស្រី តាមរយះការបង្កើនការកៀងគរចំណូលប្រកបដោយប្រសិទ្ធភាព និងសមធ៌ម និងការវិនិយោគនិងចំណាយសាធារណះលើវិស័យសង្គម ដែលមានវិស័យសុខភាព អប់រំ ការគាំពារសង្គម ជាដើម។ ក្រុមការងារសូមកោតសរសើរដល់រដ្ឋា ភិបាល​និងស្ថាប័នពាក់ព័ន្ធដែលបានចូលរួម ក្នុងកំណែទម្រង់ដ៏សំខាន់នេះ ហើយមានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលកន្លងមក។​

ជាក់ស្តែង សិក្ខាសាលានាថ្ងៃនេះ ជាកិច្ចខិតខំប្រឹងប្រែងបន្តទៀតរបស់​​ក្រុមការងារថវិកាជាតិ ដើម្បីផ្សព្ធផ្សាយឲ្យបានទូលំទូលាយនូវលទ្ធផលនៃការអង្កេតពត៌មានថវិកា និងការផ្តល់ អនុសាសន៍សំខាន់ៗ សម្រាប់ប្រទេសកម្ពុជា និងការចែករំលែកនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពី ទិដ្ឋភាពច្បាប់ និងក្របខ័ណ្ឌគោលនយោបាយ ស្តីពីការចូលរួមជាសាធារណៈ ក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ក៏ដូចជាការបង្កើនការផ្សព្វផ្សាយពត៌មានថវិកាជាតិ តាមរយៈអ្នកសារ ពត៌មាន ជាដើម។

អង្គការអុកស្វាមជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធគ្រប់គ្នា ជាពិសេស រាជរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍន៏ជាតិ និងអន្តរជាតិ អ្នកផ្តល់ជំនួយ នឹងយកចិត្តដាក់រួមគ្នាឆ្លើយតបនឹងអនុសាសន៏ដែលបានស្នើឡើង រៀបចំគោលនយោបាយប្រកបដោយបរិយាបន្ន ដែលជាប្រយោជន៍ដល់ក្រុមងាយរងគ្រោះបំផុត ជាពិសេស ចំពោះស្រ្តី និងក្រុមជនដែលងាយរងគ្រោះ។

អុកស្វាមជាមួយនឹងក្រុមការងារផ្នែកថវិកាជាតិ នឹងបន្តកិច្ចពិភាក្សា ជាមួយស្ថាប័នពាក់ពន្ធ័ជាតិ និងអន្តរជាតិ និងសង្គមស៊ីវិល ដើម្បីរួមសហការគ្នាកាត់បន្ថយភាពក្រីក្រនិងគម្លាតនៅក្នុងសង្គម និងឈានទៅកិច្ចអភិវឌ្ឍន៏​ប្រកបដោយចីរភាព និងបរិយាបន្ន។​

លោក លោកស្រី បងប្អូន ជាទីរាប់អាន!

តាមរយៈសិក្ខាសាលា នេះនាងខ្ញុំសង្ឃឹម ថា​ លោក លោកស្រី និងបងប្អូនដែលមានវត្តមាននាថ្ងៃនេះនឹងបានរៀនសូត្រពីការអនុវត្តល្អ ក្នុងកម្មវីធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណះ គោលនយោបាយសារពើពន្ធ និងការរៀបចំថវិកាជាតិពីបណ្តាប្រទេសផ្សេងៗ ។​

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឱ្យអង្គ​សិក្ខាសាលា​នេះប្រព្រឹត្ដទៅដោយរលូននិងជោគជ័យ និងសូមប្រសិទ្ធិពរជូនឯកឧត្ដម​ លោកជំទាវ លោក លោកស្រី និងបងប្អូនទាំងអស់ប្រកបដោយសុខភាពល្អ​បរិបូណ៌ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។​