គម្រោង “លើកកម្ពស់យេនឌ័រ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យកសិកម្មនៅតំបន់អាស៊ីអាគ្នេយ៍” ហៅកាត់ GRAISEA គឺជាកម្មវិធីមូយដ៏សំខាន់របស់អង្គការអុកស្វាម ដែលគាំទ្រដល់កសិករឱ្យទទួលបានជំនាញ និងកសាងភាពជឿជាក់លើខ្លួនឯង ដើម្បីឈានទៅសម្រេចសក្តានុពលរបស់ខ្លួនជាអ្នកដឹកនាំ។
“ខ្ញុំអានអក្សរខ្មែរមិនបានល្អ ប៉ុន្តែខ្ញុំនឹងខិតខំឱ្យអស់លទ្ធភាព”។ ក្រុមការងារយើងតែងតែឮស្ត្រីនិយាយដូច្នេះនៅពេលណាយើងជួបពួកគាត់នៅទីជនបទ ទោះជាពួកគាត់កំពុងកាន់ការងារទទួលខុសត្រូវនៅក្នុងសហគមន៍របស់ខ្លួនក៏ដោយ។ ពួកគាត់មានសមត្ថភាព មាន ទឹកចិត្ត ហើយរៀនឆាប់ចេះ។ ប៉ុន្តែ ភាពជឿជាក់លើខ្លួនឯងរបស់ពួកគាត់ តែងតែស្ថិតក្រោមឥទ្ធិពលរបស់ផ្នត់គំនិតសង្គម និងពេលខ្លះឥទ្ធិពលរបស់ក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន ដែលតែងនិយាយថាពួកគាត់មិនទាន់បានបញ្ចប់ការអប់រំផ្លូវការ ឬចប់បឋមសិក្សានៅឡើយទេ។
ឧបសគ្គ និងសេចក្តីត្រូវការ
ពេលវេលាដែលស្ត្រីត្រូវចំណាយម្តងៗទៅលើកិច្ចការក្នុងផ្ទះ និងការថែទាំគ្រួសារ គឺជាកត្តាធំមួយប៉ះពាល់ទៅលើលទ្ធភាពរបស់ពួកគាត់ក្នុងការយកចិត្តទុកដាក់ដល់កិច្ចការសហគមន៍របស់ខ្លួន។ ប៉ុន្តែភាគច្រើនលើសលុប ពួកគាត់បានបញ្ចេញអារម្មណ៍របស់ខ្លួនឱ្យគេបានដឹងថា កម្រិតអប់រំទាប និងកង្វះជំនាញជាក់លាក់មួយចំនួន គឺជាមូលហេតុរារាំងពួកគាត់ក្នុងការសម្រេចបានអ្វីមួយដែលដែលពួកគាត់អាចធ្វើបានច្រើនជាងនេះ។ ពួកគាត់បានស្នើឱ្យមានការឧបត្ថម្ភគាំទ្រដល់ស្ត្រីឱ្យទទួលបានជំនាញដែលអ្នករស់នៅទីក្រុងភាគច្រើនមាន ដូចជាជំនាញប្រើកុំព្យូទ័រ របៀបកត់ត្រាកិច្ចប្រជុំ និងរបៀបរៀបចំបទបង្ហាញ ជាដើម។
ដោយមានមូលនិធិគាំទ្រពីស្ថានទូតប្រទេសស៊ុយអែតប្រចាំនៅទីក្រុងបាងកក ក្រុមហ៊ុន Sano Rice នៅប្រទេសហូឡង់ និងក្រុមហ៊ុន Axfood នៅប្រទេសស៊ុយអែត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការអុកស្វាម និងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព ដែលជាដៃគូរបស់អុកស្វាម នឹងធ្វើការកំណត់អត្តសញ្ញាណ និងជ្រើសរើសស្ត្រីអ្នកដឹកនាំបច្ចុប្បន្ន និងជាកសិករដែលចង់ឈ្វេងយល់អំពីសក្តានុពលភាពជាអ្នកដឹកនាំ ចំនួន៣៥នាក់ យកមកបណ្តុះបណ្តាលកសាងសមត្ថភាព។
មុននឹងឈានទៅបញ្ចប់គម្រោងនេះ យើងសង្ឃឹមថាគម្រោងនេះនឹងបានរួមចំណែកជួយដល់ថ្នាក់ដឹកនាំស្ត្រីជំនាន់ថ្មី ដែលប្រាថ្នាដឹកនាំសហគមន៍របស់ខ្លួនឆ្ពោះទៅកាន់ភាពរីកចម្រើន ជាមួយនឹងភាពជឿជាក់លើខ្លួនឯង និងក្តីសង្ឃឹមសម្រាប់អនាគត។