សិក្ខាសាលាផ្សព្វផ្សាយ និងសន្ទនាលើរបាយការណ៍ស្តីពីរបកគំហើញ និងអនុសាសន៍នៃការសិក្សាពីការអនុវត្តក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិ ទាក់ទងនឹងការអនុវត្តគោលនយោបាយហរិញ្ញប្បទានបៃតងនៅក្នុងព្រះរាជាណាចក្រកម្ពុជា
មតិសំណេះសំណាល លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
-ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ.
-បណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា
-ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងមកពី ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា សមាគមធនាគារកម្ពុជា
-ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងមកពីស្ថាប័នរដ្ឋ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ធនាគារផ្សេងៗ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ដែលបានចូលរួមផ្ទាល់ និងពីចម្ងាយ។
តាងនាមអង្គការអុកស្វាម នាងខ្ញុំមានកិត្តិយសដែលបានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ និងសន្ទនាលើរបាយការណ៍ស្តីពីរបកគំហើញ និងអនុសាសន៍ នៃការសិក្សា ពីការអនុវត្ត ក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិ ទាក់ទងនឹងការអនុវត្តគោលនយោបាយហរិញ្ញប្បទានបៃតងនៅកម្ពុជា។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា អង្គការអុកស្វាម និងសម្ពន្ធហិរញ្ញវត្ថុយុត្តិធ៌មកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយរបាយការណ៍ ស្តីពី ការអនុវត្តគោលនយោបាយហរិញ្ញប្បទានបៃតងនៅកម្ពុជា។
អង្គការអុកស្វាម និងអង្គការដៃគូបានរួមគ្នារៀបចំបង្កើត សម្ព័ន្ធហិរញ្ញវត្ថុយុត្តិធ៌មកម្ពុជាក្នុងឆ្នាំ ២០១៩ ដែលមានអង្គការសមាជិកចំនួនប្រាំ ដូចជា អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា អង្គការតម្លាភាពកម្ពុជា អង្គការអាក់សិន អេតកម្ពុជា និងអង្គការអុកស្វាម ក្រោមការអនុវត្តគម្រោងមួយឈ្មោះថា ហិរញ្ញវត្ថុយុត្តិធ៌មកម្ពុជា។ សម្ពន្ធហិរញ្ញវត្ថុយុត្តិធ៌មកម្ពុជា ក៍ជាសមាជិកសម្ពន្ធហិរញ្ញវត្ថុយុត្តិធ៌មអាស៊ី ដែលជាបណ្តាញអង្គការសង្គមស៊ីវិល នៅប្រទេសចំនួនប្រាំបីក្នុងតំបន់អាស៊ី ដើម្បីចូលរួមចំណែកជាមួយ ស្ថាប័នហិរញ្ញវត្ថុ លើការសម្រេចចិត្តក្នុងការផ្តល់ហិរញ្ញប្បទានក្នុងតំបន់ ប្រកបដោយការទទួលខុសត្រូវដល់សង្គម បរិដ្ឋាន និងសុខមាលភាពរបស់ប្រជាជន និងសហគមន៍។
អង្គការអុកស្វាម មានកិត្តិយស និងមានមោទនភាពក្នុងការគាំទ្រ និងធ្វើការជាមួយដៃគូ ជាមួយ
ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា សមាគមធនាគារកម្ពុជា ធនាគារ ស្ថាប័នស្រាវជ្រាវ វិស័យឯកជន ជាពិសេសស្ថាប័នហិរញ្ញវត្ថុ និងធនាគារ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ក្នុងការចូលរួមលើកម្ពស់ដល់វិស័យហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព តាមរយៈគម្រោងនានារបស់ខ្លួន ដូចជាគម្រោងហិរញ្ញវត្ថុយុត្តិធ៌មកម្ពុជា ។
ជាមួយនឹងសន្ទុះនៃការរីកចម្រើនសេដ្ឋកិច្ច កម្ពុជាបានសម្លឹងមើលការរីកចម្រើនលើវិស័យ ហិរញ្ញវត្ថុ ដែលកំពុងលូតលាស់ខ្លាំង ទៅតាមនិន្នាការតំបន់ និងពិភពលោក ដើម្បីសម្របខ្លួន ឆ្ពោះទៅ រកហិរញ្ញវត្ថុបៃតងនិងនិរន្តរភាពសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។ ក្នុងនោះ ហិរញ្ញប្បទានបៃតង ជាឧបករណ៍សំខាន់មួយ ជាសំនុំធាតុរង នៃហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ ដើម្បីជួយជម្រុញដល់ការ ផ្តល់ហិរញ្ញប្បទាន លើសកម្មភាពទាំងឡាយ ដែលរួមចំណែកយ៉ាងមានប្រសិទ្ធិភាពដល់ការកាត់បន្ថយផលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ ឬសកម្មភាពក្នុងគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពផ្សេងទៀត យើងជឿជាក់ថា នឹងមានតម្រូវការលើក្របខណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តិផ្សេងៗ ដែលកំណត់និយមន័យ បទដ្ឋានច្បាស់លាស់ ដល់សកម្មភាព ដែលពាក់ព័ន្ធទាំងឡាយ ជាឧទាហរណ៍ដូចជាគោលនយោបាយ ហិរញ្ញប្បទានបៃតង ដើម្បីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។ យើងក៍បានឃើញផងដែរ នៅបណ្តាប្រទេសមួយចំនួនក្នុងតំបន់ មានដូចជាប្រទេស សិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសឥណ្ឌូនេស៊ី ដែលបានចាប់ផ្តើមរៀបចំសេចក្តីព្រាងច្បាប់ បទបញ្ញត្តិ ដើម្បីកំណត់និយមន័យ ស្តីពីសកម្មភាពប្រកបដោយនិរន្តរភាព និងបៃតង ដែលអាចទទួលយកបានដោយស្របច្បាប់។ ប្រព័ន្ធបែងចែកការកំណត់នេះ ត្រូវបានហៅថា ថាក់សូណូមី ឬថាក់សូណូមីបៃតង ដោយកំណត់ការបែងចែក សកម្មភាពប្រកបដោយនិរន្តរភាព និងបៃតង ទៅតាមវិស័យ ដោយផ្អែកលើគោលការណ៍ និងលក្ខខណ្ឌវិនិច្ឆ័យដែលបានកំណត់ច្បាស់លាស់។ សម្រាប់ធនាគារពិភពលោក យើងក៍បានឃើញផងដែរ នូវការដាក់ចេញ គោលការណ៍ណែនាំដល់ប្រទេសលើពិភពលោក ក្នុងការរៀបចំ ថាក់សូណូមីបៃតង នៅកម្រិតថ្នាក់ជាតិ។
តាមរយៈការសិក្សាស្រាវជ្រាវនេះ យើងពិតជាបានរៀនសូត្របន្ថែមផងដែរថា គោលការណ៍ការពារសង្គម និងបរិដ្ឋាន ក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ ពិតជាមានសារៈសំខាន់ខ្លាំង ក្នុងការរួមចំណែកដល់ការរីកចម្រើនបៃតងនៅកម្ពុជា។ កម្ចី ការផ្តល់ហិរញ្ញប្បទានពីវិស័យនេះ បានរួមចំណែកយ៉ាងធំធេង ដល់គម្រោងវិនិយោគ និងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលគម្រោងខ្លះ មានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានធម្មជាតិ និងបរិដ្ឋាន។ យើងសង្ឃឹមថា របាយការណ៍សិក្សានេះ នឹងរួមចំណែក ផ្តល់ជាព័ត៌មានបន្ថែម ដល់ភាគីពាក់ព័ន្ធ ដែលកំពុងធ្វើការរួមគ្នាយ៉ាងសកម្ម ក្នុងការជម្រុញនិងលើកកម្ពស់ហិរញ្ញវត្ថុបៃតងប្រកបដោយនិរន្តរភាព ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិដ្ឋាន និងសង្គម។
ក្នុងពេលជាមួយគ្នានេះដែរ អាស៊ានថាក់សូណូមី សម្រាប់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បានដាក់ចេញនូវគោលការណ៍ណែនាំ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ សម្រាប់រដ្ឋជាសមាជិក ដើម្បីកំណត់ភាសារួមអាស៊ានមួយ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងដើម្បីគោលដៅទាំងអន្តរជាតិ និងតម្រូវការជាក់ស្តែង របស់រដ្ឋជាសមាជិករបស់អាស៊ានលើបញ្ហាហិរញ្ញប្បទានបៃតង។ អាស៊ានថាក់សូណូមី ត្រូវបានដាក់ចេញ ដើម្បីបំពេញបន្ថែម នូវរាល់ការផ្តួចផ្តើមនៃនិរន្តរភាពទាំងឡាយក្នុងបណ្តាប្រទេស និមួយៗក្នុងអាស៊ាន។ ការសិក្សានេះ បានបង្ហាញនូវរូបភាព ក្របខណ្ឌច្បាប់ និងការអនុវត្តគោលនយោបាយទាក់ទងនឹងហរិញ្ញប្បទានបៃតង ដែលជួយផ្តល់ការយល់ដឹងបន្ថែម និងកាន់តែស៊ីជម្រៅ អំពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។
អង្គការអុកស្វាម នឹងបន្តចូលរួមគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាលចំពោះវិស័យធនាគារ និងហិរញ្ញវត្ថុដ៏មានសក្តានុពល ដើម្បីរួមចំណែកដល់ការលូតលាស់សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ យើងនៅមានរឿងជាច្រើនដែលត្រូវធ្វើ ហើយរឿងទាំងអស់នេះត្រូវពឹងផ្អែកច្រើនទៅលើគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាល លើវិស័យធនាគារនិងហិរញ្ញវត្ថុនេះ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម និងបរិដ្ឋាន។ តាមរយៈការសន្ទនាអំពី បញ្ហា និងអនុសាសន៍ ដែលបានរកឃើញក្នុងការសិក្សានេះ វានឹងផ្តល់ឱកាសអោយមានជាការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរទស្សនៈបន្ថែមនៅថ្ងៃនេះ និងដោយមានការចូលរួមពីសំណាក់តួអង្គសំខាន់ៗនៅក្នុងការ អនុវត្តគោលនយោបាយថ្នាក់ជាតិ និងទទួលបានជាធាតុចូលដ៏សំខាន់សម្រាប់បន្តពង្រឹង ក្របខណ្ឌច្បាប់ គោលនយោបាយ ការអនុវត្តបន្ថែមទៀតលើប្រធានបទហរិញ្ញប្បទានបៃតងនៅកម្ពុជា។
នាងខ្ញុំសង្ឃឹមថាសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍នេះនឹងក្លាយទៅជាយន្តការពហុភាគីសម្រាប់កិច្ចពិភាក្សាគោលនយោបាយដែលមានចិរភាពមួយ ដែលអាចអោយយើងអបអរសាទរនូវជោគជ័យរួម ពីគ្រប់តួអង្គ និងភាគីពាក់ព័ន្ធ បើយើងចង់ឃើញវឌ្ឍនភាព និងការរីកចម្រើនបៃតងសម្រាប់សង្គមជាតិយើងទាំងមូល។
ជាទីបញ្ចប់ នាងខ្ញុំសូមជូនពរគណអធិបតី ភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមសិក្ខាសាលាថ្ងៃនេះសូមប្រកបតែសុខ សុវត្ថិភាព ជៀសផុតពីជម្ងឺគ្រប់ៗគ្នា។
សូមអរគុណ!