សន្ទរកថាស្វាគមន៍របស់ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម
សិក្ខាសាលាផ្សព្វផ្សាយ «គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម»
សៀមរាប, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣
- សូមគោរព ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការ និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក វិទ្យាស្ថានជាតិសង្គមកិច្ច
- សូមគោរព លោក ជា បុល្លិកា ប្រធាននាយកដ្ឋានផ្សះផ្សាវិវាទ និងការពារអ្នកទទួលផល តំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម
- សូមគោរព លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម
- សូមគោរព លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប
- សូមគោរព លោកស្រី អ៊ូ ទេពផល្លីន តំណាងអង្គការសង្គមស៊ីវិល និងសហជីព
- សូមគោរព លោក, លោកស្រី, និងសមាជិក- សមាជិកា នៃអង្គពិធី!
តាងនាមឱ្យអង្គការអុកស្វាម និងអន្តរការដៃគូ នាងខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមនិងថ្លែងសន្ទរកថាស្វាគមន៍ក្នុង សិក្ខាសាលាផ្សព្វផ្សាយ «គណនេយ្យភាពសង្គមក្នុងប្រព័ន្ធគាំពារសង្គម» នាទឹកដីអង្គរដ៏ពិសិដ្ឋនៃយើង។
ធ្វើដំណើរតាមដងផ្លូវកាលពីថ្ងៃម្សិលមិញ ខ្ញុំបានឆ្លងកាត់ «មណ្ឌលសុខភាពទឹកវិល» ដែលកំពុងផ្តល់សេវាសុខភាពដល់បងប្អូនប្រជាពលរដ្ឋយើងយ៉ាងមម៉ាញឹក។ ខាងមុខខ្លោងទ្វារចូលមន្ទីរពេទ្យ នាងខ្ញុំឃើញស្លាកព័ត៌មានប័ណ្ណសមាជិក ប.ស.ស. ដែលមានព័ត៌មានលម្អិតស្តីពីសេវា ជាពិសេសនោះ គឺលេខទួរសព្ទទាក់ទងទាន់ហេតុការ ១២៨៦។ នេះជាផ្នែកមួយនៃយន្តការគណនេយ្យភាពសង្គម ក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ដែលបានបង្កលក្ខណៈងាយស្រួលដល់អតិថិជន (ឬដែលយើងហៅថា អ្នកមានប័ណ្ណសមាជិកប.ស.ស.) ដើម្បីទាក់ទងសួរនាំព័ត៌មាន ឬផ្តល់មតិយោបល់ផ្សេងៗ មកបេឡាជាតិសន្តិសុខសង្គម។ ហើយខ្ញុំជឿជាក់ថាបងប្អូនតំណាងកម្មករនិយោជិត និងសិក្ខាកាមនៅក្នុងបន្ទប់នេះមួយចំនួន គឺធ្លាប់ប្រើប្រាស់យន្តការនេះ ដើម្បីសួរនាំសេវា និងផ្តល់មតិយោបល់ផ្សេងៗកន្លងមក។ នាងខ្ញុំលើកទឹកចិត្ត ឱ្យបងប្អូនបន្តប្រើប្រាស់យន្តការនេះ ដើម្បីជួយផ្តល់ព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធនានា។
ពិតណាស់បើទោះបីជាកម្ពុជាចាប់ផ្តើមអនុវត្តន៍គោលនយោបាយគាំពារសង្គម ក្រោយប្រទេសក្នុងតំបន់ក្តី ក៏ប៉ុន្តែកម្ពុជាបានបន្តបោះជំហ៊ានទៅមុខជាលំដាប់ និងបានខិតខំដាក់ឱ្យអនុវត្តន៍របបសន្តិសុខសង្គម និងជំនួយសង្គមជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងពង្រឹងប្រព័ន្ធ និងលទ្ធភាពរបស់ពលរដ្ឋ និងស្ថាប័នរដ្ឋក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នានាដែលបណ្តាលពីគ្រោះធម្មជាតិ វិបត្តិសេដ្ឋកិច្ច និងជំងឺរាតត្បាតសកល ដូចជាវីរ៉ុសកូវីដ-១៩ ជាដើម។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិសន្តិសុខសង្គម និងមូលនិធិជាតិជំនួយសង្គម ។ល។ បានផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលនយោបាយ និងរបបគាំពារសង្គមមួយចំនួន ជាពិសេសរបបសន្តិសុខសង្គម ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ។ តាមរយៈគោលនយោបាយនេះ កម្មករនិយោជិតអាចទទួលបាននូវសេវាថែទាំសុខភាព និងត្រូវបានគាំពារពីគ្រោះថ្នាក់ការងារ ដែលមានសារៈសំខាន់ណាស់ចំពោះសុខុមាលភាព និងភាពធន់របស់ពួកគេ។ ជាក់ស្តែងរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គម (២០២០) បានកត់សម្គាល់ឃើញថា ៖ «កម្មការិនីកាត់ដេរសរុបចំនួន ៨ ម៉ឺននាក់បានទទួលប្រាក់ឧបត្ថម្ភមាតុភាពពីរដ្ឋាភិបាលដែល មានទឹកប្រាក់សរុបប្រមាណជា ៧,៩ លានដុល្លារអាមេរិក»។ តាមរយៈរបាយការណ៍របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម (២០២២) ក៏បានបញ្ជាក់ផងដែរថា ៖ «កម្មការិនីប្រមាណជា ៣០០,០០០ នាក់ ដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានសម្រាលកូនក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ (ចន្លោះខែមករា ឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២២) ទទួលបានអត្ថប្រយោជន៍ជាជំនួយសាច់ប្រាក់ប្រមាណជា ៣០.១ លានដុល្លារអាមេរិក»។ បន្ថែមលើនេះទៀត គ្រាន់តែក្នុងឆ្នាំ២០២០ មានពលរដ្ឋមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណជា ៥៦០០,០០០គ្រួសារ ដែលទទួលបានអត្ថប្រយោជន៍ និងការគាំពារតាមរយៈប័ណ្ណសមធម៌ (ឬប័ណ្ណក្រីក្រ)។ ទាំងនេះសរបញ្ជាក់ឲ្យឃើញថាកម្ពុជាបាននឹងកំពុងដើរលើមាគ៌ាដ៏ត្រឹមត្រូវមួយ ឆ្ពោះទៅរកការកសាងភាពធន់ និងបរិយាបន្ននៅក្នុងប្រព័ន្ធគាំពារសង្គម។
ឯកឧត្តម, លោក, លោកស្រី, និងសមាជិក- សមាជិកា នៃអង្គពិធី!
ការវិនិយោគលើគោលនយោបាយគាំពារសង្គម និងការវិនិយោគក្នុងការជំរុញស្តារឡើងវិញនូវខឿនសេដ្ឋកិច្ច គឺមានសារសំខាន់ដូចគ្នា។ តាមប្រសាសន៍បញ្ជាក់ជូនរបស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងពេលបើកកម្មវិធី «សប្តាហ៏គាំពារសង្គម» កាលពីដើមឆ្នាំនេះ បានបង្ហាញថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចំណាយថវិកាជាតិប្រមាណជា ៤៦៥ លានដុល្លារអាមេរិក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យ នៅក្នុងឆ្នាំ២០២៣ នេះ។ ក្នុងស្ថានភាពដូចកម្ពុជាបច្ចុប្បន្ន និងក្នុងបរិបទវីរ៉ុសកូវីដ-១៩ គោលនយោបាយគាំពារសង្គមនឹងបន្តដើរតួរយ៉ាងសំខាន់ និងជាកម្លាំងចលករចូលរួមចំណែកជំរុញការ រីកចម្រើន និងលូតលាស់នៃសេដ្ឋកិច្ចកម្ពុជាស្របទៅតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ហើយយន្តការគណនេយ្យភាពសង្គម ដើរតួរនាទីយ៉ាងសំខាន់ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការវិនិយោគនេះ។
ឯកឧត្តម, លោក, លោកស្រី, និងសមាជិក- សមាជិកា នៃអង្គពិធី!
អនុញ្ញាតឱ្យនាងខ្ញុំជម្រាបជូន ពីសារៈសំខាន់ចម្បងៗមួយចំនួននៃយន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គម ចំពោះការអភិវឌ្ឍន៍ និងទំនុកចិត្តសាធារណៈ៖
- ទី១) បង្កើនប្រសិទ្ធភាព ចីរភាព និងភាពជោគជ័យនៃការអនុវត្តន៍គោលនយោបាយគាំពារសង្គម ត្បិតមានការពង្រឹងឱ្យប្រសើឡើងនូវតម្លាភាព ប្រព័ន្ធអភិបាលកិច្ច និងអធិការកិច្ច។
- ទី២) ពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើស្ថាប័នសាធារណៈ ដោយមានយន្តការតាមដាន ត្រួតពិនិត្យ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទូលំទូលាយ។
- ទី៣) ពង្រឹងភាពធន់ និងការឆ្លើយតបទៅនឹងគ្រោះអាសន្ននានា ឬវិបត្តិសេដ្ឋកិច្ច ត្បិតកម្ពុជាបានធានាពីចីរភាព និងលទ្ធភាពឆ្ពោះទៅរកការអនុវត្តន៍ប្រព័ន្ធគាំពារសង្គមជាសកល។
ខៈណៈដែលគោលនយោបាយ និងកម្មវិធីគាំពារសង្គមនៅកម្ពុជា បាននិងកំពុងបោះជំហានទៅមុខយ៉ាងរលូននោះ យើងសង្កេតឃើញថានៅមានការងារសេសសល់មួយចំនួន ដែលទាមទារឱ្យមានការសហការគ្នាដោះស្រាយ ដើម្បីឈានទៅការពង្រីកវិសាលភាព និងចីរភាពនៃគោលនយោបាយគាំពារសង្គមដូចជា៖ យន្តការជំរុញ និងតាមដានការចុះបញ្ជី, ការពង្រីកការទទួលបានប័ណ្ណសមធ៌ម ប្រព័ន្ធគាំពារសង្គមឌីជីថល, ការពង្រឹងការយល់ដឹងរបស់ប្រជាពលរដ្ឋ ការពង្រីកយន្តការគណនេយ្យភាពសង្គម យន្តការផ្តល់យោបល់ជាដើម ។
ការងារជាអាទិភាពទាំងនេះ តម្រូវឲ្យមានការចូលរួម សហការ យ៉ាងជិតស្និទពីគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល សហជីព និងតំណាងកម្មករនិយោជិត និងសហគមន៍។ អង្គការអុកស្វាម និងអង្គការដៃគូ នឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិរបបសន្តិសុខសង្គម, មូលនិធិជាតិជំនួយសង្គម និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជាប្រកបដោយបរិយាបន្ន ក្រោមជំនួយផ្នែកបច្ចេកទេស ការងារស្រាវជ្រាវ កិច្ចសន្ទនាគោលនយោបាយ និងកិច្ចសហការផ្សេងៗទៀត។ល។
ចុងបញ្ចប់ នាងខ្ញុំសូមគោរពថ្លែងអំណរគុណដល់ការចូលរួមរបស់អ្នកទាំងអស់គ្នា នៅក្នុងកម្មវិធីនេះ និងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់យន្តការគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ នាងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រុមប្រឹក្សាជាតិគាំពារសង្គម, បេឡាជាតិសន្តិសុខសង្គម មូលនិធិជាតិជំនួយសង្គម និងតំណាងអង្គការសង្គមស៊ីវិល-សហជីព ដែលតែងតែផ្តល់កិច្ចសហការ និងជួយជ្រោមជ្រែងលើកកម្ពស់កិច្ចសន្ទនា ការផ្សព្វផ្សាយ និងតស៊ូមតិដើម្បីការសម្រេចបាននូវប្រព័ន្ធគាំពារសង្គមសកលនៅកម្ពុជា។ ច្បាស់ណាស់នេះជាវិថីដ៏វែងឆ្ងាយ និងពិបាកមួយ ប៉ុន្តែនាងខ្ញុំមានសុទិដ្ឋិនិយមថាកម្ពុជានឹងអាចធ្វើបានដូចប្រទេសជឿនលឿនដទៃទៀតដែរ។ ហើយបេសកកម្មនេះ គឺទាមទារឱ្យមានការចូលរួមពីយើងទាំងអស់គ្នា៕
សូមអរគុណ!