ការផ្សព្វផ្សាយគម្រោង “ការទទួលបានមូលធិនិរ៉ែសម្រាប់អភិវឌ្ឍន៍
សហគមន៍ដែលរងផលប៉ះពាល់នៅក្នុងប្រទេសកម្ពុជា”
នៅអំឡុងឆ្នាំ២០១៥ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែ និងថាមពល បានបង្កើតឲ្យមានមូលនិធិអភិវឌ្ឍន៍ធនធានរ៉ែសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ តាមរយៈចំណូលដែលបានមកពីសារពើពន្ធរួមមាន មូលនិធិសួយសារអាករ ប្រាក់ពិន័យ និងចំណូលបានមកពីការផ្តល់សេវាជាដើម ។ តាមរយៈយន្តការដែលបានដាក់ចេញនេះ មូលនិធិទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីបម្រើឲ្យការអភិវឌ្ឍន៍សាធារណៈនៅតាមសហគមន៍ ដូចជាផ្លូវគមនាគមន៍ សាលារៀន និងអណ្តូងទឹកជាដើម ដែលត្រូវរងផលប៉ះពាល់ ពីការវិនិយោគធនធានរ៉ែនេះ។
ក្នុងឆ្នាំ២០២១នេះ អង្គការអុកស្វាម សហការជាមួយអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា(ANSA) បាននឹងកំពុងអនុវត្តគម្រោងឈ្មោះថា «ការទទួលបានមូលធិនិរ៉ែសម្រាប់អភិវឌ្ឍន៍សហគមន៍ដែលរងផលប៉ះពាល់នៅក្នុងប្រទេសកម្ពុជា»។
គម្រោងនេះមានគោលបំណងពីរទី១ គឺរួមចំណែកដល់រដ្ឋាភិបាលក្នុងការបង្កើត និងស្នើនីតិវិធីប្រតិបត្តិការស្តង់ដា (Standard Operational Procedure)ដើម្បីជួយដល់សហគមន៍ដែលទទួលរងផលប៉ះពាល់ពីការវិនិយោគអាជីវកម្មរ៉ែ ដែលនឹងធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវ ការពិគ្រោះយោបល់ជាមួយស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល និងសហគមន៍ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការទទួលបានមូលនិធិរ៉ែសម្រាប់ អភិវឌ្ឍន៍សហគមន៍ ដែលជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ដែលរងផលប៉ះពាល់ពីការវិនិយោគអាជីវកម្មរ៉ែ។ ទី២គឺសហគមន៍ដែលរងផលប៉ះពាល់ពីអាជីវកម្មរ៉ែអាចមានលទ្ធភាពទទួលបានមូលនិធិអភិវឌ្ឍន៍ធនធានរ៉ែ តាមរយៈការលើកឡើងពីបញ្ហាប្រឈមផ្សេងៗ តម្រូវការនៃការអភិវឌ្ឍន៍សហគមន៍ និងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។
បើទោះជាបែបនេះក្តី យើងសង្កេតឃើញថា តាមរយៈចំណូលដែលបានមកពីសារពើពន្ធទាំងនេះ ហាក់មិនទាន់បានឆ្លើយតបទៅលើបញ្ហាជាក់ស្តែង និងជួយដល់សហគមន៍ដែលរងផលប៉ះពាល់ក្នុងសហគមន៍គួរអោយកត់សំគាល់នោះទេ។
លោកស្រី លឹម សូលីន នាយិកាអង្គការ OXFAM មានប្រសាសន៍ថា «ការវិនិយោគទៅលើវិស័យឧស្សាហកម្មនិស្សារណកម្ម បានលូតលាស់យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសកម្ពុជា។ អង្គការអុកស្វាមចង់ឃើញ វិស័យនេះត្រូវបានវិនិយោគប្រកបដោយចីរភាព រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយផលប៉ះពាល់ដល់សង្គម និងបរិស្ថាន ហើយប្រាក់ចំណូលដែលប្រមូលបាននឹងត្រូវបានគ្រប់គ្រងដោយមានការទទួលខុសត្រូវ»។
ក្រសួងរ៉ែ និងថាមពល បានបើកផ្លូវឲ្យក្រុមហ៊ុននានា ទាំងក្រុមហ៊ុនក្នុងស្រុក និងបរទេសវិនិយោគដំណើរការអាជីវកម្មធនធានរ៉ែ របស់ខ្លួនជាបន្តបន្ទាប់មក។ ជាក់ស្តែងនៅចុងខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងបានផ្តល់អាជ្ញាប័ណ្ណថ្មីចំនួន ១៦ អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនដើម្បីរុករករ៉ែ នៅក្នុងតំបន់គោលដៅនៃខេត្តទាំង ៦រួមមាន ខេត្តមណ្ឌលគិរី ព្រះវិហារ ក្រចេះ ស្ទឹងត្រែង សៀមរាប និងខេត្តកំពង់ធំ។ នៅក្នុងសន្និសិទស្តីពីសមិទ្ធផលប្រចាំឆ្នាំរបស់ក្រសួងរ៉ែ និងថាមពលកាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងរ៉ែ និងថាមពលបានធ្វើបច្ចុប្បន្នភាពថាមានក្រុមហ៊ុនដែលបានផ្តល់អាជ្ញាប័ណ្ណក្នុងធ្វើអាជីវកម្មរ៉ែមានចំនួន១៧ ក្រុមហ៊ុនដែលបានផ្តល់អាជ្ញាប័ណ្ណក្នុងការរុករករ៉ែមានចំនួន៣៧ និងក្រុមហ៊ុន ដែលបានផ្តល់អាជ្ញាប័ណ្ណសម្រាប់ធ្វើអាជីវកម្មរ៉ែសំណង់មាន ៣២៣ ក្រុមហ៊ុន។
ជាមួយនឹងគម្រោងនេះ អង្គការសម័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) សង្ឃឹម យ៉ាងមុតមាំថា ក្នុងភាពជាដៃគូជាមួយអង្គការអុកស្វាម អង្គការសង្គមស៊ីវិលជាដៃគូផ្សេងៗទៀត និងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត និងស្នើនីតិវិធីប្រតិបត្តិការស្តង់ដា (Standard Operational Procedure)ដើម្បីជួយដល់សហគមន៍ដែលរងផល ប៉ះពាល់ពីការវិនិយោគវិស័យរ៉ែ មានលទ្ធភាពទទួលបាននូវមូលនិធិរ៉ែសម្រាប់អភិវឌ្ឍសហគមន៍ ប្រកបដោយសមភាព តម្លាភាព និងគណនេយ្យភាព។
Photo: ASNA
លោក សន ជ័យ
នាយកប្រតិបត្តិអង្គការ ANSA
០១២៤៤៥៦៤២ | sanchey@ansa-eap.net
លោកស្រី កេក ណារ៉ាទេវី អង្គការអុកស្វាម
០២៣ ៨៨៥ ៤២៤ | Naratevy.Kek@oxfam.org