ទស្សន៖ ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសមភាពយេនឌ័រ

លោកស្រី រស់ សុភាព
នាយកប្រតិបត្តិ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
 
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ធ្វើការ ទៅលើ ការ បញ្ឈប់ អំពើ ហិង្សា លើស្ត្រី​ និង លើក កម្ពស់ស្ត្រី ជាអ្នក ដឹក នាំ​ ជាពិសេស ស្ត្រីវ័យ ក្មេង។ កន្លង មកយើង​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ និង​ការ​គិត​របស់មនុស្ស​ដើម្បី​ពួកគាត់​ស្វែង​យល់​បន្ថែម​នូវ​សក្តានុពល​របស់​ស្ត្រី ដែល​ជាអ្នក​រួម​ចំណែក​ដ៏សំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម។​
 
សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​ផ្នែក​ចាំបាច់​មួយ​ទៀត ដែល​ជម្រុញ​ឱ្យ​ស្ថានភាព​ស្ត្រី​មាន​ការ​វិវត្ត​បាន​ល្អ​ប្រសើរ​ ដែល​អាចឈាន​ទៅរក​សមភាពយេនឌ័រ។ ដើម្បី​អោយ​ស្រ្តីមាន​ភាព​រឹងមាំ​ផ្នែក​សេដ្ឋកិច្ច យើងចាប់​ផ្តើម​អនុវត្ត​គម្រោង​មួយឈ្មោះថា “ការពង្រឹង​អំណាច​របស់​ស្រ្តី​តាមរយៈ​គម្រោង​ពង្រឹង​ផ្នែកសេដ្ឋកិច្ច​ខ្នាតតូច” ដែល​យើងធ្វើ​នៅ​លើ​ខេត្តបី ក្នុង​នោះ​មាន​ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និង​ព្រៃវែង។ ក្រុមគោលដៅ​ដែល​គម្រោង​បាន​បញ្ចូល​រួមមាន ទាំងប្ដី និងប្រពន្ធ ដោយ​យើង​គិតថា​ប្រសិន​បើ​យើង​មិនយកចិត្តទុកដាក់​ទៅ​លើ​ការ​យល់ដឹង​របស់​ស្វាមី ឬដៃគូ​ពួកគាត់​អំពីការ​ចូលរួម​របស់​ស្រ្តី​ក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​គ្រួសារទេ​ វាអាច​ធ្វើ​ឲ្យ​ភាគី​ម្ខាង​មិនបាន​ទទួល​ព័ត៌មាន​ ឬមិនមាន​យល់ដឹង​នូវ​តួនាទី​របស់​ខ្លួននោះ ​ដែល​បណ្តាល​អោយ​ពួកគាត់​មិន​អាច​ជួយ​ស្រ្តី ដែល​យើង​កំពុង​ពង្រឹងសមត្ថភាព និង​រក​ប្រាក់​ចំណូល។ លើសពីនេះ​ទៅទៀត យើង​ក៏​មើល​ទៅលើ​ដៃគូ​អ្នក​ដែល​ស្រលាញ់​ភេទដូចគ្នា​ផងដែរ ព្រោះ​ជីវិត​អ្នក​ស្រឡាញ់ភេទ​ដូចគ្នា​ក៏​ត្រូវការ​សមភាព យុត្តធម៌ និង​ការទទួលស្គាល់​ពី​សង្គម​ដូចគ្នា​ដែរ។
 
នៅក្នុង​គម្រោង​នេះ​យើង​បាន​ប្រើ​ឧបករណ៍​របស់​អុកស្វាម ដែល​ហៅថា “មាគ៌ា​ឆ្ពោះ​ទៅ​រក​សមភាព​យេនឌ័រ (GALS)”។ ក្នុង​ឧបករណ៍នេះ ​យើង​បញ្ចូល​ទាំងបុរស​ និង​ស្រ្តី​ដើម្បី​អោយ​គាត់​គិត​ថា​តើ​គោលដៅ​ឆ្នាំទី១ និង​ឆ្នាំ​បន្តបន្ទាប់​នៃមុខរបរ​រកស៊ីខ្នាតតូច​របស់គាត់​ជា​អ្វី​និងឆ្ពោះ​ទៅ​ណា។ កន្លងមក​យើង​ឃើញ​ថា​ការ​ចូលរួម​ទាំង​បុរស ទាំងស្ត្រីដែលជា​ដៃគូ​មិនអាច​ខ្វះបាន​ក្នុងកិច្ចអភិវឌ្ឍន៍​នេះ បាន​ធ្វើឲ្យ​គម្រោង​យើងទទួល​បាន​ជោគជ័យ។ ដោយ​សារ​ភាពជោគជ័យ​នៃ​គម្រោង​សាកល្បង​ក្នុង​ឆ្នាំ២០១៨ ឥឡូវនេះ​យើង​បានចាប់​ផ្តើម​គម្រោង​ពេញលេញ​ក្នុង​ឆ្នាំ​២០១៩ និង​២០២០។ ក្នុង​គម្រោង​ចុង​ឆ្នាំ ២០២០ យើង​រំពឹង​ទុក​ថា​ស្ត្រី​នឹង​មាន​សេដ្ឋកិច្ច​រឹង​មាំ មាន​សិទ្ធិ​សម្រេច​ចិត្ត​ក្នុងគ្រួសារ គ្មាន​ការ​រំលោភ​បំពាន ជាពិសេស​គឺការ​លុបបំបាត់​អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​បន្ត​បង្ហាញ​គម្រូ​ល្អ​នៅ​ក្នុងគ្រួសារ​ទៅកូនៗ​របស់ពួក​គាត់។ នៅពេល​ដែល​គ្រួសារ​មួយ​ទទួល​បាន​ជោគជ័យ គាត់​អាច​បង្ហាញ​សមិទ្ធិផលទៅ​កាន់​សហគមន៍ ហើយ​យើង​សង្ឃឹមថា​យើង​នឹងបន្ត​ការងារ​នេះ ដើម្បី​សហគមន៍​ផ្សេងទៀត​យក​គម្រូរ​តាម។
 
នៅពេល​ស្រី្ត​ទទួល​បាន​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច ពួកគាត់​ទទួល​បាន​នូវ​ការគោរព​ពីគ្រួសារ និង​សហគមន៍​ ដែល​ធ្វើឱ្យសក្តានុពល​របស់​គាត់​ត្រូវបាន​មើល​ឃើញ​ពី​សហគមន៍​គឺអាច​នាំពួក​គាត់ឈាន​ទៅ​រក​តួនាទី​ដឹកនាំ​ក្នុង​សហគមន៍​នោះ។ ក្នុងនេះ​ដែរយើង​ផ្តោតទៅ​លើ​ស្ត្រីវ័យក្មេង​ដែល​មាន​សក្តាពល​យ៉ាងខ្លាំង​ក្នុងការ​ធ្វើការ​ជាមួយ សហគមន៍ដើម្បី លុបបំបាត់​អំពើ​ហិង្សា។ នៅពេល​មានការលុប​បំបាត់​អំពើ​ហិង្សា គ្រួសារ​មាន​ភាពសុខដុមរមនា សហគមន៍មាន​ភាពសុខសាន្ត ធ្វើឱ្យសង្គម​មាន​ភាពរីកចំរើន៕