លោកជំទាវ ជា សិរី
ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា
“ខ្ញុំដឹងថា ខ្ញុំត្រូវបានគេចាត់ទុកថាជាស្ត្រីម្នាក់ក្នុងចំណោមស្រ្តីដែលទទួលបានជោគជ័យនៅកម្ពុជា។ បើនិយាយទៅ ការទទួលបានតំណែង និងចេញមុខនៅក្នុងសារព័ត៌មានសម្រាប់បុគ្គលក្នុងវ័យរបស់ខ្ញុំ គឺជាការណ៍មួយដែលកម្រ ហើយរឹតតែកម្រទៀតសម្រាប់ស្រ្តី។ ខ្ញុំដឹងច្បាស់ពីតម្លៃ និងការគោរពដែលខ្ញុំសមនឹងទទួលបាន។ ខ្ញុំមានមោទនភាពចំពោះសមិទ្ធផលនេះ ហើយខ្ញុំមានកិត្តិយសដែលត្រូវបានចាត់ទុកជាគំរូ និងត្រួសត្រាយផ្លូវដល់យុវជនជំនាន់ក្រោយ ជាពិសេស ស្ត្រីនៅក្នុងគ្រួសាររបស់ខ្ញុំ ដូចជា កូនស្រី និងក្មួយស្រីរបស់ខ្ញុំ”។
ជំរុញដោយភាពសុទិដ្ឋិនិយម
សេចក្ដីផ្ដើមខាងលើនេះបានបង្ហាញថា ខ្ញុំជាស្ត្រីមានអំណួត ប្រកាន់ខ្លួនថាគ្រាន់បើនិងពូកែជាងគេ ក៏ដូចជាមានមោទនភាពនូវជោគជ័យរបស់ខ្លួន។ ត្រង់នេះហើយដែលជាបញ្ហានៅក្នុងសង្គមរបស់យើង។ សង្គមយើងឱ្យតម្លៃលើការចេះដាក់ខ្លួន ប៉ុន្តែហាក់ដូចជ្រុលបន្តិច។ ខ្ញុំចាំបានថា ខ្ញុំបានតស៊ូមតិជាមួយមេដឹកនាំស្ត្រីមកពីប្រទេសលោកខាងលិច ដែលបានលើកឡើងថា ក្នុងនាមជាស្ត្រី យើង ត្រូវទាមទារអ្វីដែលយើងចង់បាន និងអ្វីដែលយើងសមនឹងទទួលបាន។ ខ្ញុំបានប្រាប់គាត់ថា នៅក្នុងសង្គមរបស់ខ្ញុំ ការទាមទារនេះនឹងត្រូវបានគេយល់ថាជាការអួតអាង និងមិនត្រូវបានគេសាទរឡើយ។ ស្ត្រីជាច្រើនដែលខ្ញុំស្គាល់នៅក្នុងប្រទេស មិនត្រឹមតែមិនហ៊ានឱ្យតម្លៃពីគុណសម្បត្តិរបស់ខ្លួនប៉ុណ្ណោះទេ ពួកគេខ្លះក៏មិនឱ្យតម្លៃដល់អ្នកដទៃថែមទៀតផង ជាពិសេសអ្នកដែលមិនសម្របតាមបទដ្ឋានសង្គម ឬការរំពឹងទុករបស់សង្គម។ ស្ត្រីនៅក្នុងប្រទេសកម្ពុជាគឺគោរពតាមគ្រួសារ វប្បធម៌ និងប្រពៃណី។ នេះមិនមែនជាការធ្វើខុសអ្វីទេ ដរាបណាវាមិនកម្រិតនូវលទ្ធភាពក្នុងការរីកចម្រើនលូតលាស់របស់បុគ្គលម្នាក់ឱ្យក្លាយខ្លួនជាបុគ្គលដែលខ្លួនប្រាថ្នា។ ករណីនេះអាចកើតឡើង នៅពេលដែលពួកគេចាប់ផ្តើមអបអរចំពោះខ្លួនឯង ទទួលស្គាល់ទាំងភាពជោគជ័យនិងបរាជ័យរបស់ខ្លួន និងអ្នកដទៃ។ អ្វីដែលសំខាន់បំផុតនោះ សេចក្តីថ្លៃថ្នូររបស់ស្ត្រីគឺមិនគួរផ្អែកលើប្រភេទការងារ ឬមុខតំណែងដែលគាត់កំពុងកាន់នោះទេ ប៉ុន្តែផ្អែកលើការជះឥទ្ធិពលវិជ្ជមានរបស់គាត់ទៅលើអ្នកដទៃ នៅពេលគាត់បំពេញកិច្ចការរបស់គាត់។ ស្ត្រីមេផ្ទះសមនឹងទទួលបានកិត្តិយសដូចស្ត្រីដែលទៅធ្វើការនៅខាងក្រៅដែរ។ ការលះបង់របស់គាត់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗឱ្យក្លាយជាពលរដ្ឋល្អសម្រាប់ប្រទេសជាតិ និងសង្គមគឺជាទង្វើមួយដែលគួរឱ្យកោតសរសើរ។
ស្ត្រីត្រូវគាំទ្រគ្នា អបអរសាទរចំពោះជោគជ័យគ្នា និងទទួលស្គាល់ការចូលរួមចំណែករបស់គ្នាទៅវិញទៅមក។ យើងមិនគួរប្រកួតប្រជែងគ្នា ឬរិះគន់គ្នាឡើយ។ លើសពីនេះ យើងត្រូវរួបរួមគ្នា និងទាមទារសិទ្ធិរបស់យើងនៅក្នុងសង្គម ព្រមទាំងបញ្ជ្រាបវប្បធម៌សេរីដោយគ្មានការរើសអើងយេនឌ័រសម្រាប់យុវជនជំនាន់ក្រោយ។
“ស្ត្រីត្រូវគាំទ្រគ្នា អបអរសាទរចំពោះជោគជ័យគ្នា និងទទួលស្គាល់ការចូលរួមចំណែករបស់គ្នាទៅវិញទៅមក។ យើងមិនគួរប្រកួតប្រជែងគ្នា ឬរិះគន់គ្នាឡើយ។ យើងត្រូវរួបរួមគ្នា និងទាមទារសិទ្ធិរបស់យើងនៅក្នុងសង្គម ...”