ពីអ្នកទិញអេតចាយ ក្លាយជាអ្នកដឹកនាំក្នុងសហគមន៍

ចាន់ឌី កំពុងចែករំលែកអ្នកភូមិអំពីការរៀបចំផែនការគ្រួសារ។ រូបភាព៖ Oxfam

English version

ជីវិត​របស់​អ្នកស្រី​ចាន់ឌី​ បាន​ផ្លាស់ប្តូរ​បន្ទាប់​ពី​អ្នកស្រី​​ចូលរួម​ក្នុង​សកម្មភាព​របស់​គម្រោង​ស្តី​ពី​ ការ​ផ្តល់​ភាព​អង់​អាច​ដល់​ប្រជាជន​​ដើម្បី​​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង (EPBL) និង​អនុវត្ត​មាគ៌ា​ឆ្ពោះ​ទៅរក​សមភាព​យេនឌ័រ (GALS)។ GALS គឺជា​វិធីសាស្ត្រ​ពង្រឹង​ភាព​អង់អាច​ដឹកនាំ​ដោយ​សហគមន៍ ដោយ​ប្រើប្រាស់​ដំណើរ​ការ និង​ឧបករណ៍​ដែល​មាន​ការ​ចូល​រួម ក្នុង​គោល​បំណង​ឲ្យ​បុរស និង​ស្ត្រី រៀបចំ​ផែនការ និង​គ្រប់គ្រង​ជីវិត​របស់​ពួក​គេ ក្នុង​កម្រិត​ផ្ទាល់​ខ្លួន កម្រិត​គ្រួសារ និង​កម្រិត​សហគមន៍។

គម្រោង​នេះ​បាន​ជួយ​ឲ្យ​​ជីវិត​ម្តាយ​ដែល​មាន​មុខរបរ​ជា​អ្នក​ទិញ​អេត​ចាយ ​ វ័យ ៣៤ ឆ្នាំ មានកូន ៤ នាក់ រូបនេះ រក​ឃើញ​នូវ​ទេពកោសល្យ​របស់​ខ្លួន ហើយ​បាន​ជម្រុញឲ្យ​អ្នកស្រី​ចង់​យល់​ដឹងំពី​យេនឌ័រ ចូលរួម​ក្នុង​ការអភិវឌ្ឍ​សហគមន៍ បង្កើន​ជំនាញ​ភាពជាអ្នក​ដឹកនាំ​របស់ខ្លួន និង​គាំទ្រ​ស្ត្រី​ដទៃ​ទៀត​នៅ​ក្នុង​សហគមន៍។

អ្នកស្រី​មាន​ការ​ស្ទាក់ស្ទើរ​នៅ​ពេល​គេ​ស្នើ​ឱ្យ​ចូលរួម​ក្នុង​ឱកាស​ប្រកួតពានរង្វាន់​ចូលជា​សមាជិក​ក្រុមសន្សំប្រាក់ និងជាហិរញ្ញញឹក GALS ប៉ុន្តែ​ចុងក្រោយ​អ្នកស្រី​ព្រម​ទទួល​យក​ដោយ​បង្ខំ ដោយសារ​មិនមាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង។

កសាង​ការជឿជាក់​លើ​ខ្លួនឯង

អ្នកស្រីចាន់ឌី​ទទួលបាន​ការបណ្ដុះបណ្ដាល ការហ្វឹកហាត់ និង​ការ​ណែនាំ។ អ្នកស្រី​រៀនធ្វើការ​ជាមួយ​ក្រុម​មួយ។​ សមាជិក​ទាំងអស់​របស់​ក្រុម​នេះ ទទួល​បាន​ការ​គាំទ្រ​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ចំណេះ​ដឹង និង​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​របស់​ពួកគេ ក្នុង​ការអនុវត្ត​វិធីសាស្ត្រ GALS។

អ្នកស្រីចាន់ឌី​និយាយថា «ខ្ញុំគិតថា​ខ្ញុំខ្លាំង​ជាង​មុន ហើយ​មាន​ទំនុកចិត្ត​ច្រើន​ជាង​មុន ក្នុងការ​សម្រេច​ចិត្ត​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ និង​គ្រួសារ ហើយ​ក្លាយជា​គ្រូ​បង្ហាត់ GALS សម្រាប់​សហគមន៍​របស់​ខ្ញុំ។»​

អ្នកស្រី​ចាន់ឌី ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង លើ​តុល្យភាព​អំណាច និង​បាន​រួម​ចំណែក​ជា​ច្រើន​ដល់​ការ​លើក​កម្ពស់ការ​យល់​ដឹង​ពី​តួនាទី​យេនឌ័រ ទាំង​នៅ​ក្នុង​គ្រួសារ និង​សហគមន៍។ កាល​ពី​មុន​ អ្នកស្រី​បាន​ចាត់​ទុក​ខ្លួន​ឯង​ត្រឹម​តែជា​ស្ត្រីសាមញ្ញ​ម្នាក់​ ដែល​ធ្វើការងារ​ថែទាំ​ផ្ទះ​ដោយ​គ្មាន​ប្រាក់​កម្រៃ​ប៉ុណ្ណោះ។ បច្ចុប្បន្ននេះ អ្នកស្រី​ដឹងថា​អ្នកស្រី​មានលទ្ធភាព​ក្នុង​ការ​ជួយ​សហគមន៍​​របស់​អ្នកស្រី ដោយ​ធ្វើការ​ជា​អ្នក​ស្ម័គ្រចិត្ត ក្នុង​ការគាំទ្រ​ដល់​សហគមន៍ និង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​អ្នក​ដឹកនាំ​សហគមន៍​ថែម​ទៀត​ផង។

អ្នកស្រី​ចាន់ឌី បាន​បញ្ជាក់​ថា «ខ្ញុំមាន​បំណង​ចង់ឈរ​ជា​បេក្ខជន នៅ​ក្នុង​ការបោះឆ្នោត​លើក​ក្រោយ សម្រាប់​តំណែង​មេឃុំ នៅឃុំ​បឹង​ខ្នារ ខេត្តពោធិ៍សាត់ ដើម្បី​ជួយ​អ្នកភូមិ​របស់ខ្ញុំឱ្យ​រួចផុត​ពី​អំពើហិង្សា​ក្នុង​គ្រួសារ និង​លើកកម្ពស់​សមភាពយេនឌ័រ។»

ហេង ចាន់ឌី គឺជា​បេក្ខនារី​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ពានរង្វាន់ GALS ចំនួន ១៣នាក់ ក្នុង​គម្រោង EPBL ដែល​បាន​អនុវត្ត ដោយ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា ​​ (GADC) និង អង្គការ​អុកស្វាម។ ម្ចាស់ពានរង្វាន់​ស្ត្រីទាំងនេះ​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ដំណាក់​កាល​សាកល្បង​គម្រោង EPBL ដោយ​បាន​បង្កើត​សៀវភៅ​ណែនាំ ឯកសារ​ការយល់​ដឹង​ស្តីពី​ភាពជា​អ្នកដឹកនាំ និង​បង្កើន​ការ​យល់​ដឹង​ស្តីពី​យេនឌ័រ ព្រម​ទាំង​​ភាព​​​​ជា​អ្នក​ដឹកនាំ។