ដោយ Chris Hufstader
លោកស្រី សល់ ព្រែង ចាំយ៉ាងច្បាស់ថា ថ្ងៃមួយក្នុងឆ្នាំ២០១២ នៅពេលដែលគ្រឿងចក្រឈូសឆាយបានចូលមកដល់ចម្ការគ្រួសាររបស់លោកស្រីដោយមិននឹកស្មានដល់។ លោកស្រីនិយាយថា "ក្រុមហ៊ុនបានមកដល់ ហើយកាប់ដើមស្វាយចន្ទីរបស់យើងភ្លាមៗមុនពេលប្រមូលផល" ។ ខ្ញុំបានបាត់បង់ដី ៤ហិកតា និងដើមស្វាយចន្ទីទាំងអស់។"
រដ្ឋាភិបាល បានផ្តល់សម្បទានដីសេដ្ឋកិច្ចចំនួន ១៨ ៩៥២ ហិកតា ដល់ក្រុមហ៊ុនវៀតណាមឈ្មោះ Hoang Anh Gia Lai (HAGL) ដើម្បីដាំដើមកៅស៊ូ។ ស្ទើរតែគ្រប់គ្នា នៅម៉ាលិក ដែលជាភូមិជនជាតិដើមភាគតិចទំពួន ក្នុងខេត្តរតនគិរី ទទួលរងផលប៉ះពាល់។
អ្នកជិតខាងរបស់លោកស្រី ព្រែង លោកស្រី ក្វាស ប្លូច អាយុ ៤៨ ឆ្នាំ ក៏បានបាត់បង់ចម្ការស្វាយចន្ទីរបស់គាត់ ដែលមានទំហំ ១ហិកតាកន្លះ រួមទាំងដើមចេកជាច្រើន មាន់ និងសូម្បីតែផ្ទះរបស់គាត់។ ក្រុមហ៊ុននេះ បានបំផ្លាញស្រែ ព្រៃសហគមន៍ និងទីបញ្ចុះសព ដោយគ្មានការជូនដំណឹង ឬការពិគ្រោះយោបល់អ្វីនោះទេ។
ស្ត្រីទាំងនេះបានស្វែងរកជំនួយ។ ពួកគេបានជួបអង្គការសមាគមខ្មែរលើ ជាដៃគូររបស់អង្គការអុកស្វាម ដែលមានជំនាញក្នុងការបណ្តុះបណ្តាលជនជាតិដើមភាគតិចអំពីសិទ្ធិមនុស្ស ច្បាប់ជាតិ និងអន្តរជាតិ និងបទប្បញ្ញត្ដិទាក់ទងនឹងដីធ្លីនិងធនធានធម្មជាតិ។ នាយិកាអង្គការនេះ គឺលោកស្រី ដាំ ចន្ធី ដែលលោកស្រីផ្ទាល់ គឺជាជនជាតិដើមភាគតិចទំពួន។
បន្ទាប់ពីបានទទួលចំណេះដឹងតាមរយៈវគ្គបណ្ដុះបណ្ដាល និងកិច្ចប្រជុំ ដែលរៀបចំដោយអង្គការសមាគមខ្មែរលើ ស្ត្រីនៅម៉ាលិក បានប្រមូលស្ត្រីដទៃទៀតធ្វើការរួមគ្នាដើម្បីទាមទារដីរបស់ពួកគេមកវិញ។ "
ពួកគេបានចូលរួមជាមួយភូមិចំនួន ១៦ ផ្សេងទៀត ដើម្បីដាក់ពាក្យបណ្តឹងទៅកាន់ក្រុមអ្នកតាមដានអនុលោមច្បាប់ (Compliance Advisor Ombudsman) នៃធនាគារពិភពលោក/IFC ។
នៅចុងខែមីនាឆ្នាំ ២០១៩ រដ្ឋបាលខេត្តរតនគិរី បានប្រកាសថាក្រុមហ៊ុននឹងប្រគល់ដី ទំហំ ៧៤២ហិកតា បន្ថែមទៀតដែលមាន ភ្នំអារក្ស ទីបញ្ចុះសព និងប្រភពទឹកផ្សេងទៀតដែលកំពុងតែមានការប្រឈមនឹងបរិស្ថានមកអោយសហគមន៍វិញ។
យោងតាមស្ត្រីអ្នកដឹកនាំម្នាក់បានអោយដឹងថា អង្គការសមាគមខ្មែរលើ និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត បានផ្តល់វគ្គបណ្តុះបណ្តាលសំខាន់ៗ ដល់លោកស្រី និងស្ត្រីដទៃទៀត ដូចជា៖ “ការអនុវត្តការគ្រប់គ្រងដីធ្លីតាមបែបប្រពៃណី ជំនាញចរចា វិធីសាស្រ្ដបញ្ចុះបញ្ចូល វិធីសាស្រ្ដទំនាក់ទំនង និងចូលរួមប្រកបដោយប្រសិទ្ធភាពជាមួយក្រុមហ៊ុន សិទ្ធិស្ត្រី សិទ្ធិដីធ្លី និងសិទិ្ធទទួលព័ត៌មាន និងមានការយល់ព្រមជាមុន (FPIC) ជាដើម ទាំងនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការយល់ដឹង។”
លោកស្រី ចន្ធី និយាយថា ស្ត្រីនៅម៉ាលិក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាតាមរយៈការប្រើវិធីសាស្រ្តមិនប្រឈមមុខ ចំពោះទំនាក់ទំនងទៅវិញទៅមករបស់ពួកគេជាមួយរដ្ឋាភិបាល និងក្រុមហ៊ុន។ ពួកគេនៅតែរឹងមាំ និងមានទស្សនៈវិស័យវែងឆ្ងាយ។ លោកស្រីបន្តទៀតថា "ស្ត្រីទាំងនេះយល់ពីសារៈសំខាន់នៃដីធ្លី និងសារៈសំខាន់នៃការមានដីធ្លី សម្រាប់កូនចៅជំនាន់ក្រោយ" ។