ការប្តេជ្ញាចិត្តឆ្នាំថ្មី ឆ្នាំ២០១៩៖ លោក ឱម សាវ៉ាត នាយកប្រតិបត្តិ អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល

2019 resolution, FACT Director, Pineeh Pinooh 2
“ផែនការជាក់ស្តែងថ្មីរបស់យើងនឹងផ្តោតសំខាន់ទៅលើអភិបាលកិច្ចល្អ និងរបរចិញ្ចឹមជិវិត ការកែច្នៃផលនេសាទ និងខ្សែច្រវាក់ផលិតកម្មជលផល”

អង្គការសម្ព័ន្ធភាពដើម្បីអភិរក្ស​ធនធានជលផល (FACT) ត្រូវ​បាន​បង្កើតឡើងនៅ​ឆ្នាំ​២០០០ និងធ្វើការ​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ ​នៅខែធ្នូ​ ឆ្នាំ២០០៣​ ដោយ​ធ្វើ​ការ​ផ្តោត​ទៅ​លើវិស័យជលផល និងបរិស្ថាន​នៅ​ជុំវិញ​បឹងទន្លេសាប ទន្លេមេគង្គ និង​តំបន់ឆ្នេរ​​នៃប្រទេ​សកម្ពុជា។ FACT ធ្វើការ​ទាក់ទង​ទៅ​លើ​ការ​ចងក្រង និង ពង្រឹងសមត្ថភាព​សហគមន៍​នេសាទ ការ​តស៊ូមតិ​ និង​តាម​ដានលើ​កំណែ​ទម្រង់​នៃគោលនយោបាយ​ដែល​ទាក់ទង​លើវិស័យ​ជលផល។

ក្នុង​ឆ្នាំ​២០១៩នេះ អង្គការ FACT នឹង​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្រ្ត​ប្រាំឆ្នាំ​ (២០១៥-២០១៩) របស់​ខ្លួន ដោយ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ​ដើម្បី​ឈាន​ទៅសម្រេចឱ្យ​បាននូវ​សកម្មភាព​សំខាន់ៗ​ដូចខាងក្រោម៖

១. បន្ត​ពង្រឹង​អង្គការ​សហគមន៍មូលដ្ឋាន តាមរយៈការ​រៀបចំ​សិក្ខា​សាលា​ និង​វគ្គបណ្តុះ​បណ្តាល ហើយ​ជា​ពិសេស​ជម្រុញ​ដល់​អ្នក​ជំនាញ​ថ្នាក់​ជាតិ​ទទួល​ស្គាល់​អង្គការ​សហគមន៍​មូលដ្ឋាន។

២. ពង្រឹងបណ្តាញជាមួយ​អង្គការសង្គមស៊ីវិល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ដៃគូ ដែល​ធ្វើ​ការ​ក្នុង
​វិស័យ​ជលផល (បច្ចុប្បន្ន​មាន​អង្គការ​មិន​មែនរដ្ឋាភិបាល​ចំនួន ៤៥)។

៣. ​ផ្តោតទៅលើ​សកម្មភាពផ្សព្វ​ផ្សាយ និងការងារអភិរក្ស​របស់ខ្លួន ​នៅលើ​ទីតាំងចំនួន៨៤កន្លែង ជាមួយ​ដៃគូពាក់​ព័ន្ធ និង​មាន​ការ​គាំទ្រ​មូលនិធិ​ពី​សហភាព​អឺរ៉ុប និង​ម្ចាស់​ជំនួយ​នានា​ទៀត។

៤. ពង្រឹង​អភិបាលកិច្ច​ល្អនៅ​ក្នុង​វិស័យ​ជលផល​ ដើម្បី​ជម្រុញលើក​ទឹកចិត្ត​ប្រជា​នេសាទ ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​កាន់តែ​ច្រើន​ឡើង នៅ​ក្នុង​សហគមន៍​នេសាទ​របស់​ខ្លួន។

៥. ធ្វើការ​បោះពុម្ពផ្សាយ ចែករំលែកករណីសិក្សា​អំពីជលផល និង​ផល​ប៉ះពាល់​បណ្តាលមកពី​ការ​ប្រែប្រួល​អាកាស​ធាតុ ក៏​ដូច​ជា​ការ​បញ្ជ្រាបភាពធនទ្រាំពីការ​ប្រែប្រួលអាកាស​ធាតុផងដែរ។

៦.​ ពង្រឹងសិទ្ធិអំណាច​របស់​សហគមន៍​មូលដ្ឋាន លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ពួកគេ តាម​រយៈការ​ផ្តល់​វគ្គបណ្តុះបណ្តាល វគ្គអប់រំវិជ្ជាជីវៈតម្រង់ទិស ដូច​ជា​ការបង្កើតរមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ ឬ​ ការ​បង្កើត​មធ្យោបាយ​សម្រាប់​ធានា​ដល់​ការ​ស្តុកទុក​ផលិតផល​នេសាទ​បាន​យូរ។ គោលបំណង​សំខាន់ គឺ​ជួយ​ដល់​ប្រជានេសាទ​មូលដ្ឋាន​ឱ្យ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើរបរ​នេសាទ​តែ​មួយ​មុខ។

៧. លើកកម្ពស់គុណភាព​នៃផលិតផលនេសាទ ដោយគោរពតាម​ស្តង់​ដា​ដែល​មាន​ការ​ទទួលស្គាល់​ត្រឹម​ត្រូវ។ សហគមន៍នេសាទមូលដ្ឋាន​នឹង​ទទួល​បាន​ការគាំទ្រ នៅពេលណា​ផលិតផល​របស់​ពួកគេ​បំពេញ​បាន​តាម​ស្តង់ដា ហើយ​ដូច្នេះ ចំណូល​របស់​ពួកគេ​ក៏​នឹង​កើន​ទៅ​តាម​នោះ​ដែរ។

៨. ដោយផ្តោត​ទៅលើ​សមភាព​យេនឌ័រ ​ធ្វើ​ការ​ពិភាក្សា​អំពីការអភិវឌ្ឍ​សង្គម​ប្រកប​ដោយ​យុត្តិធម៌​ត្រឹម​ត្រូវ និង​មានចីរភាព នៅ​ក្នុង​គ្រប់​គម្រោង​ទាំង​អស់​របស់​យើង។

៩. លើកកម្ពស់សម្ព័ន្ធភាពផ្ទៃក្នុង​ ដោយ​ពង្រឹង​សមត្ថភាព​បុគ្គលិក បង្កើតគណៈគ្រប់​គ្រងមួយ​សម្រាប់​សមាជិក​ក្រុម ហើយ​ធ្វើការ​បង្កើន និង​ពង្រឹងសមត្ថភាព​របស់​ក្រុម​​តាម​ដាន និង​វាយ​តម្លៃហិរញ្ញវត្ថុ ដើម្បី​ធានា​ឱ្យ​មាន​តម្លាភាព និង​ភក្តីភាព។