ឯកអគ្គរដ្ឋទូតប្រទេសបែលហ៊្សិកអញ្ជើញសួរសុខទុក្ខ កម្មករកម្មការនីដែលរងការរើសអើង

Visit of Belgium Ambassador to Informal workers

នៅ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៨ លោក Philippe Kridelka ឯក​អគ្គរដ្ឋ​ទូត​ប្រទេស​បែលហ៊្សិក​ បានអញ្ជើញ​ធ្វើ​ទស្សនកិច្ច​ ​ការ​ងារ​អង្គការ​ដៃគូរបស់​អុកស្វាម​ ដែល​ធ្វើ​ការ​ក្នុង​កម្មវិធី កិច្ចគំាពារសង្គមប្រកបដោយបរិយាប័ន្ន និងសមធម៍ សម្រាប់កម្មករ​កម្មការិនី នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅតំបន់អាស៊ាន ជា​កម្មវិធី​មាន​រយៈពេល​ប្រាំឆ្នាំ (២០១៧-២០២១) ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​ពី​ទីភ្នាក់​ងារ​អភិវឌ្ឍន៍​បែលហ៊្សិក។

ដៃគូ​ចំនួនបីដែលបានជួបក្នុងពេលនោះរួមមានអង្គការ បណ្តាញការងារស្ត្រីរួបរួមគ្នា (WNU) សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ​ (C.CAWDU) ពួកគេបាន​ចែករំលែក​អំពីកម្មវិធី​របស់​គេ បញ្ហា​ប្រឈម ​នានា​ដែល​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​​ជួប​ប្រទះ។

លក្ខខណ្ឌ​ការ​ងារ​ និង​លក្ខខណ្ឌ​រស់​នៅ​នៅមានកម្រិត

តាម​ការ​ប្រមាណមើល​ កម្ពុជា​មាន​​អ្នកប្រកបរបរផ្លូវភេទ ​ដោយ​ផ្ទាល់ចំនួន ៦​.០០០​នាក់ និង​ដោយ​ប្រយោល ​២៦.០០០​នាក់ ដែល​ក្នុង​ចំណោម​នោះ​ ៨០%​នៅ​ភ្នំ​ពេញ។ ដោយ​សារ​តែ​ពួកគេ​ងាយ​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ មណ្ឌល​ជួប​ជុំ​​គ្នារបស់​អង្គការបណ្តាញការងារស្ត្រីរួបរួមគ្នា ​ ផ្តល់​ឱ្យ​អ្នក​ទាំងនោះ​នូវ​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជួបគ្នា​ និង​ចែក​រំលែក​បទ​ពិសោធន៍​ជាមួយ​គ្នា។ លោកស្រី ចាន់ សុភ័ណ អ្នកសម្រប​សម្រួលផ្នែកការគាំទ្រមតិ​ និង​យុទ្ធនាការ​របស់​អង្គការ​នេះ បានលើកឡើងថាថា៖ «មណ្ឌល​នេះ​ប្រៀប​បាន​នឹង​ជម្រក​មួយ​សម្រាប់​ពួកគេ​នៅ​ពេល​មាន​ហានិភ័យ។ ក្រៅពីនេះ​ យើង​ផ្តល់​វគ្គ​រៀនសូត្រ និង​វគ្គបណ្តុះ​បណ្តាល​ស្តី​ពី​សិទ្ធិ ច្បាប់ ការ​ពិគ្រោះ​យោបល់​ផ្នែក​ច្បាប់ និង​បញ្ហា​ពាក់​ព័ន្ធ​សុខភាព​ដែរ។»

អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ កម្មករ​អូស​រទេះ កម្មករ​ធ្វើ​ការ​តាម​ផ្ទះ អ្នក​បើក​រ៉ឺម៉ក និង​តាក់ស៊ី សុទ្ធ​តែ​ជា​កម្មការ​ក្រៅប្រព័ន្ធ។ សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួយ​ដល់​សមា​ជិក​ជាង ១៤.០០០នាក់ ដែល​បានប្រមូលផ្តុំគ្នា រៀប​ចំ និង​ទទួល​ការ​ពង្រឹង​សមត្ថភាព​ឱ្យ​ចេះលើកឡើង និងជជែកពិភាក្សា​ដោយ​ប្រសិទ្ធ​ភាព​នូវ​លក្ខខ័ណ្ឌ​ការ​ងារល្អ ដើម្បី​កែលម្អ​លក្ខខ័ណ្ឌ​រស់​នៅ​របស់​ពួកគេ​ឱ្យ​កាន់​តែប្រសើរឡើង។

ម៉្យាងវិញទៀត នៅ​ពេល​ដែល​រដ្ឋា​ភិបាលដាក់​ឱ្យ​អនុវត្ត​ប្រាក់​កម្រៃ​អប្ប​បរមា​ ១៧០​ដុល្លារ​ ក្នុង​មួយ​ខែ សម្រាប់​កម្មករ​រោង​ចក្រ ​ម្ចាស់​រោង​ចក្រ​បានដាក់​កម្មករ​ទៅ​ក្នុង​កិច្ច​សន្យា​រយៈពេល​ខ្លីវិញ ដើម្បី​គេច​វេស​ពីការ​បង់​ប្រាក់​កម្រៃ ​និង​អត្ថ​ប្រយោជន៍​ការ​ងារ​ពេញ និង​ពី​ការ​បង់​វិភាគ​ទាន​ដល់​ការ​ធានាផ្នែក​សុខ​ភាព ឬ​ការ​ផ្តល់​ការ​សម្រាក​មាតុភាព។ ​ទាំង​នេះ​គឺ​ជា​បញ្ហា​ដែល​តំណាង​កម្មករ​លើក​យក​មក​ពិភាក្សា​ជាមួយ​លោក​ឯក​អគ្គរដ្ឋ​ទូត Kridelka

កា​ររើស​អើង

លោកស្រី សុភ័ណ បន្តទៀតថា៖ «មណ្ឌល​នេះ​ក៏​ផ្តល់​ការ​អប់​រំ​ជា​មូល​ដ្ឋាន​ផង​ដែរ​ដល់​កូន​របស់​អ្នកប្រកបរបរផ្លូវភេទ ដោយ​សារ​តែ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រៀន​នៅ​សាលា ឬ​ចូល​មណ្ឌល​សុខភាព។» ជា​និច្ច​ជា​កាល អ្នកប្រកបរបរផ្លូវភេទ​ទទួល​រង​ការ​រើស​អើង​ខ្លាំង​ណាស់​ពី​សំណាក់​សហគមន៍ និង​ពី​ក្នុ​ងគ្រួសារ​របស់​ខ្លួន​តែម្តង។

លោក វ៉ន ពៅ ប្រធានសមាគម ប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាន​រំលេច​ជូន​លោក​ឯក​អគ្គរដ្ឋ​ទូត​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន នៅ​ពេល​ដែល​សមាជិក​ខ្លះ​របស់​សមាគម​របស់លោក​ត្រូវ​បានរារាំង​ពី​ការ​ទទួល​អត្ថ​ប្រយោជន៍​ពី​បេឡាជាតិរបប​​សន្តិសុខ​សង្គម (NSSF) ។ លោកបានលើកឡើងថា៖ «ពួកគាត់​អាចនៅ​​ក្រោម​ការ​តាម​មើល ដោយ​សារ​តែ​ពួកគាត់​ជា​សមា​ជិក​របស់​ សមាគមប្រជាធិបតេយ្យ ឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ យើង​ស្វែងរកការគំាទ្រមតិ​ឱ្យ​សមាជិក​របស់​យើង​ឱ្យ​គេ​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ និងគាំពារសង្គម​ដូច​កម្ម​ករ​ក្នុង​ប្រព័ន្ធ​ដែរ។»

បេឡាជាតិរបប​​សន្តិសុខ​សង្គម ក៏​ជា​បញ្ហា​មួយ​ដែរ​សម្រាប់​កម្មកររោងចក្រកាត់​ដេរ និង​កម្មករ​រោង​ចក្រ​ស្បែកជើង ដោយ​សារ​តែ​ម្ចាស់​រោង​ចក្រ​បាន​ធ្វើ​អនុកិច្ច​សន្យា​ផ្នែក​មួយ​ចំនួន​នៃ​ផលិត​កម្ម​ទៅ​ឱ្យ​រោង​ចក្រ​ខ្នាត​តូច​នៅ​តាម​ផ្ទះ ដែល​នៅ​ទីនោះ​កម្មករ​ជា​អ្នក​ធ្វើ​ការ​ក្រៅ​ប្រព័ន្ធ​ ហើយ​មិន​ស្ថិត​ជាប់​ក្រោម​បន្ទុក​របស់​ក្រប​ខណ្ឌ​បេឡាជាតិរបប​​សន្តិសុខ​សង្គម ទេ។