តើលោកយល់ឃើញយ៉ាងណាដែរ ចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុង ពេលថ្មីៗនេះ?
ចំពោះការអភិវឌ្ឍក្នុងប្រទេសកម្ពុជានាពេលថ្មីៗ ខ្ញុំយល់ឃើញថា វាមានភាព រីកចម្រើនច្រើន លើវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ សាលារៀន ស្ពាន ថ្នល់ ជាដើម។ តួយ៉ាង ដូចជាការបោះឆ្នោតថ្មីៗនេះ គឺបានប្រព្រឹត្តទៅយ៉ាងល្អ។ ចំពោះប្រជាជនមួយចំនួន ហាក់មានភាពរីករាយក្នុងការរស់នៅ ជាមួយការរីកចម្រើន ផ្សារទំនើប កន្លែងកម្សាន្តនានា។ ការអភិវឌ្ឍមួយនេះមានន័យណាស់ សម្រាប់ប្រជាជនទាំងមូល រួមទាំងខ្ញុំផងដែរ ព្រោះមនុស្សទាំងអស់គ្នា តែងតែចង់បានអ្វីដែលថ្មី ឃើញអ្វីដែលថ្មីប្លែក ឃើញសេដ្ឋកិច្ចជាតិរីកចម្រើនដើរទៅមុខ និងមានភាពរស់រវើកស៊ីវិល័យ និងទាន់សម័យក្នុងការរស់នៅ។
ការអភិវឌ្ឍនេះទៀតសោត ក៏បានផ្ដល់ឱកាសការងារជាច្រើន ដល់ប្រជាជនខ្មែរ ដែលនឹងអាចផ្ដល់បាននូវការគាំពារ ដល់មនុស្សចាស់ជរា កុមារ និងស្រ្តីមេម៉ាយជាដើម។
តើលោកចង់ឱ្យមានការរីកចម្រើនផ្នែកអ្វី សម្រាប់រយៈពេល៥ឆ្នាំទៅមុខ?
ឥឡូវនេះ ប្រជាជនខ្មែរមានការយល់ដឹងច្រើន ដោយមួយផ្នែកធំបានលុបបំបាត់នូវការរើសអើង ការប្រើអំពើហិង្សា និងភាពអសន្តិសុខ។ ទោះបីពេលខ្លះ វានៅតែកើតមាន តែវាគ្រាន់តែជាផ្នែកមួយតូច នៃមនុស្សមួយចំនួនប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលខ្ញុំចង់បានបំផុតនោះគឺ ចង់ឱ្យមនុស្សមួយចំនួនបើកចិត្តគំនិតឱ្យទូលំទូលាយ មកទទួលយក និងបោះបង់ចោលការប្រើអំពើហិង្សា និងការរើសអើងលើគ្រប់ផ្នែក ជាពិសេស ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។ មនុស្សទាំងអស់គ្នាគួរគប្បីចូលរួមជួយសង្គម មនុស្សធម៌ និងឱ្យតម្លៃគ្នាទៅវិញទៅមក។ សំខាន់ជាងនេះទៅទៀត អ្វីដែលជាអទិភាព សម្រាប់អភិវឌ្ឍ ប្រទេសកម្ពុជា នៅ៥ឆ្នាំខាងមុខទៀតគឺ ការទទួលបានការងារ កំណើននៃប្រាក់កម្រៃ ភាពធានារ៉ាប់រងផ្សេងៗ ជាពិសេសមានការបញ្ចេញយោបល់ដោយបើកចំហរ មានភាពស្មើគ្នា ក្នុងការរស់នៅរវាងអ្នកមានអំណាច និងប្រជាជនសាមញ្ញ និងមានការគាំទ្រក្នុងផ្លូវច្បាប់ នូវការរៀបការរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា៕