អនាគតថាមពលស្អាត

Ol កំពុងបង្ហាញ ស្នប់សូឡា ដែលយកតាមខ្លួនបាន របស់ EcoSun ទៅកាន់អ្នកចូលរួម ក្នុងថ្ងៃដំបូងរបស់ កម្មវិធី សប្តាហ៍ថាមពលស្អាត។

Ol កំពុងបង្ហាញ ស្នប់សូឡា ដែលយកតាមខ្លួនបាន របស់ EcoSun ទៅកាន់អ្នកចូលរួម ក្នុងថ្ងៃដំបូងរបស់ កម្មវិធី សប្តាហ៍ថាមពលស្អាត។ Photo: Bridget McIntosh

អង្គការអុកស្វាម​ប្រចាំនៅ​កម្ពុជា​មាន​មោទនភាពណាស់​ដែល​បានគាំទ្រថវិកា ដល់​ការរៀបចំកម្មវិធី «សប្តាហ៍ថាមពលស្អាត» ជា​លើកដំបូង ដែល​បាន​រៀបចំឡើងដោយ Energy Lab រយៈពេលមួយអាទិត្យ ដើមខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងគោលបំណង​លើកកម្ពស់​ការយល់ដឹងជុំវិញ​លទ្ធភាព​ច្រើន​របស់​ថាមពលកកើតឡើងវិញ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយមានការចូលរួមពី​យុវជន និង​កៀរគរតួអង្គ​សំខាន់​ៗមក​ជុំគ្នា។

កញ្ញា យីង ស្រីពៅ ដែល​ដឹកនាំក្រុម​អគ្គរាជទូតស្ម័គ្រចិត្ត១២នាក់​ធ្វើ​កា​រផ្សព្វផ្សាយ​នៅ​តាម​សាកល​វិទ្យាល័យ និយាយថា៖ «ក្នុងនាមជា​អគ្គរាជទូតស្ម័គ្រចិត្ត យើង​ចង់​ឃើញនិស្សិត​ទាំង​អស់​យល់ពីតម្រូវការចាំបាច់នៃ​ថាមពលស្អាតក្នុង​ប្រទេសកម្ពុជា និង​នៅ​ទូទាំង​ពិភពលោក។ ខ្ញុំជឿថា នៅសាលា​រៀន ពួកគេ​ពិតជា​ធ្លាប់​បានឮខ្លះ​ហើយ​អំពីថាមពល​ស្អាត ប៉ុន្តែនៅ​មិន​ទាន់​មាន​មនុស្ស​ច្រើន​នាក់​ទេ​ដែល​បង្ហាញចំណាប់​​អារម្មណ៍​អំពីប្រធាន​បទនេះ។ ប្រហែល​ជា​ពួកគេគិត​ថា​វា​មិន​មាន​សារៈសំខាន់​ដូច​ជា​វិស័យ​ផ្សេងៗ​ទៀត។»

មនុស្ស​ជាង ១២៥០​នាក់ ចូលរួម​កម្មវិធីថាមពលស្អាត!

សប្តាហ៍​ព្រឹត្តិការណ៍ថាមពលស្អាត ​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​ឱ្យមាន​ការ​ចូលរួម​ពីអ្នក​ពាក់​ព័ន្ធ​ឲ្យបានច្រើន​ ដើម្បី​លើកកម្ពស់​ថាមពល​ស្អាតនៅក្នុង​ប្រទេសកម្ពុជា សម្រាប់​ការ​អភិវឌ្ឍ​ ផលិតភាពសេដ្ឋកិច្ច និង​នវានុវត្តន៍ ប្រកបដោយចីរភាព។ សន្និសីទ​កម្រិត​ខ្ពស់មួយ​បាន​​ផ្តោតទៅលើ​អនាគត​នៃ​ថាម​ពល​ស្អាត នៅ​ក្រោម​ប្របទមានចំណងជើងថា “ជំរុញ​ស្មារតីអាស៊ាន” ដោយ​ប្រមូលតួ​អង្គ​សំខាន់ៗ​ជា​ច្រើនក្នុង​វិស័យ​ថាមពលកកើតឡើងវិញ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឱ្យ​មក​ជួប​ជុំគ្នា​នៅ​ទីក្រុងភ្នំពេញ ដោយ​មាន​និស្សិតជាង ៦០០នាក់​ចូលរួម សន្និសីទនេះ​មាន​គោលដៅ​ដាស់​ស្មារតី​យល់ដឹង​របស់​សាធារណជន​អំពីភាពចាំបាច់​របស់​ថាមពលស្អាត នៅ​ថ្ងៃ​អនាគត។ សប្តាហ៍ថាមពលស្អាតជាលើកដំបូងនៅកម្ពុជា​ ជា​កម្មវិធី​ជួបជុដែលទទួល​បាន​ការ​ចាប់​អារម្មណ៍ពីមនុស្ស​ជា​ច្រើន។

កម្មវិធី​ជា​សារធារណៈជា​ច្រើន​ទៀត​ត្រូវ​បាន​រៀបចំធ្វើ​ឡើង​ដែរ ដូច​ជា​ការ​ចុះទស្សនកិច្ច​ដល់​កន្លែងផ្ទាល់ និង​ថ្ងៃទំនេរ​សម្រាប់​ឱ្យ​ភ្ញៀវ​ចូលរួម​បាន​ឃើញ​ផ្ទាល់​នូវ​គំនិតផ្តួចផ្តើម​នានា​ដែលកំពុង​អនុវត្ត​នៅ​ក្នុង​ប្រទេ​សកម្ពុជា មាន​ដូច​ជា ជីវឧស្ម័ន ការ​ទាញយកថាមពល​ព្រះអាទិត្យ និង​រោងចក្រ​ផលិត​ធ្យូង​មាន​ចីរភាព ជាដើម។

កម្មវិធី​បិទសប្តាហ៍​ថាមពលស្អាត​ត្រូវ​បាន​ប្រព្រឹត្ត​ទៅនៅ​រោងចក្រ​ភ្នំពេញ ដែល​ពេលនោះ​អ្នក​ចូលរួម​បាន​អំពាវនាវ​ទ្រហឹងអឺងកង​ឱ្យ​មាន​កម្មវិធីនេះជាលើកទីពីរទៀត។ អ្នក​ចូលរួម​ម្នាក់​និយា​ថា៖ «សប្តាហ៍​នេះ​ពិត​ជា​បាននាំមក​នូវ​កម្លាំងចលករមួយ។ អស្ចារ្យណាស់! ខ្ញុំ​ជឿ​​ថា កម្មវិធីឆ្នាំក្រោយ​នឹង​កាន់​តែ​មាន​សភាពខ្លាំងក្លា និង​ជះឥទ្ធិពល​កាន់​តែខ្លាំងថែម​ទៀតជា​មិន​ខាន!»