ប័ណ្ណដាក់ពិន្ទុសហគមន៍សម្រាប់គណនេយ្យភាពសង្គម

ប្រជាជនកំពុងដាក់ពិន្ទុ សេវាសហគមន៍ នៅភូមិព្រិច ខេត្តស្វាយរៀង។ រូបថត៖ STARKampuchea

ខ្លួន​ខ្ញុំផ្ទាល់​យល់​ឃើញថា​មាន​ការផ្លាស់​ប្តូរ​នៅ​ក្នុង​មណ្ឌល​សុខ​ភាព​របស់​យើង តាំង​ពីពេល​យើ​ង​ចាប់​ផ្តើម​អនុវត្តក្របខណ្ឌគណនេយ្យភាព​សង្គមមក។
លោកស្រី សឿង រជ្ជនី

ព្រឹត្តិបត្រភាសាខ្មែរ

ប័ណ្ណដាក់ពិន្ទុសហគមន៍ គឺជាឧបករណ៍មួយត្រូវបានយកមកប្រើនៅក្នុងក្របខណ្ឌគណនេយ្យភាពសង្គម នៅប្រទេសកម្ពុជា។ វាជាការវាស់វែងគណនេយ្យភាព ដែលមានពលរដ្ឋជាកត្តាកំណត់ សម្រាប់ការស្ទង់មើល ការរៀបចំផែនការ ការតាមដាន និងការវាយតម្លៃលើការផ្តល់សេវា។

អង្គការ ស្តារកម្ពុជា (STAR Kampuchea) ប្រើប្រាស់តារាងពិន្ទុសហគមន៍នៅតាមតំបន់គោលដៅរបស់ខ្លួន សម្រាប់ឱ្យពលរដ្ឋធ្វើការវាយតម្លៃលើការផ្តល់សេវា នៅតាមមណ្ឌលសុខភាព ឃុំ និងសាលារៀន។ វាផ្តល់ឱកាសឱ្យប្រជាពលរដ្ឋផ្តល់មតិត្រលប់មកវិញ ដើម្បីយកទៅកែលម្អការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង ស្របតាមសេចក្តីត្រូវការរបស់ពួកគេ។

អង្គការ អុកស្វាម បានសហការជាមួយអង្គការ ស្តារកម្ពុជា តាំងពីឆ្នាំ២០១៦មក ក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (ISAF) នៅក្នុងខេត្តស្វាយរៀង។ អុកស្វាមមានជំនឿថា ក្របខណ្ឌគណនេយ្យភាពសង្គម នេះនឹងលើកកម្ពស់ប្រជាធិបតេយ្យនៅមូលដ្ឋាន និងបង្កើនការផ្តល់សេវាសំខាន់ៗដល់ជនក្រីក្រ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ដើម្បីសម្រេចឱ្យបានជោគជ័យ ក្របខណ្ឌនេះចាំបាច់តម្រូវឱ្យមានការប្តេជ្ញាចិត្តយូរអង្វែង និងកិច្ចសហការក្នុងចំណោមបណ្តាក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិ អ្នកផ្តល់សេវា តួអង្គពាក់ព័ន្ធដែលត្រូវការសេវា និងអង្គការសង្គមស៊ីវិល។

ការកែលម្អការផ្តល់សេវា

លោកស្រី សឿង រជ្ជនី រស់នៅឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ លោកស្រីរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ ហើយសព្វថ្ងៃមានកូនប្រុសមួយ។ និយាយទៅកាន់អ្នកសម្របសម្រួលគណនេយ្យភាពឃុំនៅឯមណ្ឌលសុខភាព លោកស្រីមានប្រសាសន៍ថា៖ «កាលពីមុន មានការលំបាកខ្លាំងមែនទែន ក្នុងការស្វែងរកសេវាពីមណ្ឌលសុខភាពនេះ។» នៅក្នុងអំឡុងពេលដែលគាត់មានផ្ទៃពោះ លោកស្រីរជ្ជនី ប្រើប្រាស់សេវានៅមណ្ឌលសុខភាព។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ។ ផ្លូវដែលត្រូវឆ្លងកាត់ក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាពនោះមានសភាពលំបាករួចទៅហើយ លើសពីនោះទៅទៀត មណ្ឌលសុខភាពក៏មិនសូវមានថ្នាំដែរ។ បុគ្គលិកក៏មិនមានចំនួនគ្រប់គ្រាន់ សម្រាប់បម្រើការងារពេញមួយថ្ងៃៗ។ អនាម័យក៏ជាបញ្ហាធំមួយដែរសម្រាប់អ្នកភូមិ។ យ៉ាងណាក៏ដោយ អ្នកភូមិនៅតែប្រើប្រាស់មណ្ឌលសុខភាពនោះ ពីព្រោះពួកគេគ្មានថវិកាសម្រាប់ចំណាយក្នុងការស្វែងរកការព្យាបាលនៅគ្លីនិកឯកជនទេ។

នៅក្នុងអំឡុងពេលជំនួបមួយជាមួយប្រធាន និងបុគ្គលិករបស់មណ្ឌលសុខភាព និងតំណាងពលរដ្ឋមកពីឃុំផង បញ្ហាទាំងអស់នេះត្រូវបានលើកឡើង ហើយដាក់ចូលទៅក្នុងផែនការសកម្មភាពគណនេយ្យភាពរួម (JAAP)។ លោកស្រី រជ្ជនី មានប្រសាសន៍ថា៖ «ខ្លួនខ្ញុំផ្ទាល់យល់ឃើញថា មានការផ្លាស់ប្តូរនៅក្នុងមណ្ឌលសុខភាពរបស់យើង តាំងពីពេលយើងចាប់ផ្តើមអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមមក។ ខ្ញុំសង្កេតឃើញថា ថ្នាំមានច្រើនជាងមុន គិលានុបដ្ឋាយិកាក៏មានមកធ្វើការច្រើនជាងមុនដែរ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺអនាម័យត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង។ ខ្ញុំគិតថានេះប្រហែលជាមកពីលទ្ធផលនៃការប្រើប្រាស់ ក្របខណ្ឌអនុវត្តគណនេយ្យភាពសង្គមហើយ។»