អង្គការអុកស្វាម៖ មេរោគកូវីដ រុញច្រានប្រជាជន ជាង៥០០លាននាក់ ទៅក្នុងភាពក្រីក្រ

សំអឿន ជាម្តាយដែលមានកូនស្រី៥នាក់ រស់នៅក្បែរស្ថាននីយ៍រទេះភ្លើង ជាមួយកម្មករក្រីក្រជាច្រើនទៀត នៅសង្កាត់បឹងកក២។ រូបថតៈ អុកស្វាម

“ពិភពលោក​កំពុង​​តក់ស្លុត​ ចំពោះការធ្លាក់ចុះ​ផ្នែកសេដ្ឋកិច្ច​ដោយសារ​មេរោគកូវីដ។ ប៉ុន្តែ​សម្រាប់ប្រជាជនក្រីក្រ​ក្នុងប្រទេសក្រីក្រ ដែលបានកំពុងប្រឹងប្រែងតស៊ូដើម្បី​រស់រានមាន​ជីវិត សឹងតែ​មិនមានសំណាញ់សុវត្ថិភាពជួយទប់​ពួកគេ​កុំឲ្យធ្លាក់​ក្នុង​ភាពក្រីក្រ"
José María Vera
នាយកប្រតិបត្តិស្តីទី​អន្តរជាតិ អង្គការអុកស្វាម

អង្គការអុកស្វាមបានលើកឡើងថា ប្រជាជនជាង​៥០០លាននាក់ អាចនឹង​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ប្រសិនបើមិនមាន​វិធានការ​បន្ទាន់​ណាមួយ ​ដើម្បី​ជួយ​ដល់ប្រទេស​ក្រីក្រ​ជាច្រើន​ដែល​ទទួលរង​ផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច ដោយសារ​ការរីករាល​ដាល​នៃ​មេរោគកូវីដ១៩។​

មុនជំនួបប្រជុំ​លក្ខណៈអន្តរជាតិ​នាសប្តាហ៍​ក្រោយនេះ អង្គការអុកស្វាមបាន​លើកឡើង​ពីផលប៉ះពាល់​នៃ​ការបិទសេដ្ឋកិច្ចក្នុងទិសដៅចការពារ​ការរីករាលដាល​មេរោគកូវីដ ដែលនេះគឺជាភាពប្រថុយ​ប្រថានក្នុងការ​ដើរថយក្រោយ​នៃការលប់បំបាត់នូវភាពក្រីក្រ​ ដែលទូទាំងពិភពលោក​បានប្រឹងប្រែងជាច្រើន​ទស្សវត្សកន្លងមក ក៏ដូចជាការប្រយុទ្ធ​ប្រឆាំង​ទៅនឹងភាពក្រីក្រអស់រយៈពេល ៣០ឆ្នាំ នៃ​ប្រទេស​ដែល​លំបាកខ្លាំង​ដូចជា អនុតំបន់សាហារានៅ​អាហ្វ្រិក អាហ្វ្រិកខាងត្បូង និងមជ្ឈឹមបូពា៍។

របាយការណ៍របស់​អង្គការអុកស្វាម ដែល​បានចេញផ្សាយ​មុនពេល​កិច្ចប្រជុំរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ មកពីប្រទេស​រីកចម្រើន និងកំពុងរីកចម្រើនទាំង២០ មូលនិធិហិរញ្ញវត្ថុអន្តរជាតិ និងធានាគារ​ពិភពលោក បានលើកឡើងថា នៅពេល​ដែល​ការរីករាលដាល​នៃមេរោគកូវីដចប់ ប្រជាជនពាក់កណ្តាល​ពិភពលោក ស្មើនឹង ៧ពាន់៨រយលាននាក់ អាចនឹងត្រូវរស់នៅ​ក្នុង​ភាពក្រីក្រ។

ការស្រាវជ្រាវ​ដែលធ្វើឡើង​ដោយសាកលវិទ្យាល័យ King’s College London និងសាកលវិទ្យាល័យ Australian National University លើកឡើងថា ការធ្លាក់ចុះចំណូល ២០% ពីការធ្លាក់ចុះដោយសារមេរោគកូវីដ១៩ អាចរុញ​ប្រជាជន ៥៤៨លាននាក់​ថែមទៀត​ឲ្យធ្លាក់ក្នុងក្នុងកម្តិត​ចំណូល​ក្រោម ៥.៥ ដុល្លា ក្នុងមួយថ្ងៃ ដែលជាកម្រិតរង្វាស់មួយ ក្នុងចំណោមកម្រិតរង្វាស់ភាពក្រីក្រ​របស់​ធនាគារ​ពិភពលោក។

នៅក្នុងកិច្ចប្រជុំប្រទេសទាំង ២០ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារ​ពិភពលោក នឹងពិភាក្សា​អំពីផែនការ​បន្ធូរ​បន្ថយ​បំណុល ដល់​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក និងពិភាក្សា​អំពី​ថា​តើគួរ​ត្រូវ​បង្កើន​មូលនិធិ​សម្រាប់​មូលនិធិហិរញ្ញវត្ថុ​អន្តរជាតិ តាមរយៈទម្រង់​រូបិយវត្ថុអន្តរជាតិ (special drawing rights (SDRs)) ដែល​អាច​ត្រូវ​បានប្រើប្រាស់​ដើម្បី​ជួយដល់​ប្រទេសដែល​កំពុង​លំបាក។ អង្គការសហប្រជាជាតិបានលើកឡើងថា ការងារជិតពាក់កណ្តាលអាចត្រូវបានបាត់បង់​នៅអាហ្វ្រិក ហើយក៏បានលើកឡើងដែរថា ត្រូវ​ការ​ថវិកាចំនួន ២.៥ ទ្រីលាន ដើម្បី​ជួយ​ប្រទេស​កំពុងអភិវឌ្ឍក្នុងគ្រាមានគ្រោះអាសន្ន​នេះ។

អង្គការអុកស្វាម បានអំពាវនាវ​ឲ្យ​មានកញ្ចប់​សង្គ្រោះបន្ទាន់ ដែលអាច​ជួយ​ឲ្យ​ប្រទេស​ក្រីក្រ មាន​លទ្ធភាព​ផ្តល់មូលនិធិ​ជាសាច់ប្រាក់ ដល់អ្នក​ដែល​បាត់បង់​ប្រាក់ចំណូល និងដើម្នីជួយដល់អ្នកប្រកបអាជីវកម្ម​ខ្នាតតូច​ដែល​ងាយរងគ្រោះ។ អង្គការអុកស្វាម បានបញ្ជាក់ថា ថវិកាសម្រាប់កញ្ចប់សង្គ្រោះបន្ទាន់នេះ ​អាច​មកពីវិធានការ​ផ្សេងៗគ្នា ដោយ​រួមទាំងការ​លប់ចោលនូវ​បំណុល ១ទ្រីលាន ពីបណ្តាប្រទេសកំពុង​អភិវឌ្ឍ និងការបង្កើត​យ៉ាងហោច​ណាស់ ១ទ្រីលាន នៃរូបិយវត្ថុអន្តរជាតិ (SDRs) ។

សំណើរបង្កើត ៥០០ប៊ីលាន SDRs រាំងស្ទះដោយ​សហរដ្ឋអាមេរិក​ ដោយសំអាងថាថវិកា​មួយចំនួន​ធ្លាក់ទៅ​ប្រទេសអ៊ីរ៉ង់។ ផែនការ​បន្ធូរបន្ថយ​បំណុល​ច្រើនទៀត ដោយ​មិនរាប់​បញ្ចូលការបង់ប្រាក់​ដែល​ជំពាក់​ឥណទាន​វិស័យឯកជន គឺសម្រាប់​យក​ទៅពិភាក្សា។

លោក José María Vera នាយកប្រតិបត្តិស្តីទី​អន្តរជាតិរបស់​អង្គការអុកស្វាម បាននិយាយថា “ពិភពលោក​កំពុង​​តក់ស្លុត​ ចំពោះការធ្លាក់ចុះ​ផ្នែកសេដ្ឋកិច្ច​ដោយសារ​ការរីករាលដាល​នៃមេរោគកូវីដ។ ប៉ុន្តែ​សម្រាប់ប្រជាជនក្រីក្រ​ក្នុងប្រទេសក្រីក្រ ដែលបានកំពុងប្រឹងប្រែងតស៊ូដើម្បី​រស់រានមាន​ជីវិត សឹងតែ​មិនមានសំណាញ់សុវត្ថិភាពជួយទប់​ពួកគេ​កុំឲ្យធ្លាក់​ក្នុង​ភាពក្រីក្រឡើយ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ​មក​ពី​ប្រទេស​ទាំង ២០ មូលនិធិរូបិយវត្ថុ​អន្តរជាតិ និងធនាគារពិភពលោក ត្រូវ​ផ្តល់​ថវិកា​ជាបន្ទាន់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ ដើម្បី​ជួយប្រទេស​ទាំងនេះឈាន​ចេញ​ពី​ភាពក្រីក្រ និងភាពងាយរងគ្រោះ”​ ។

ប្រទេស​អ្នកមានជាច្រើន​ ដូចជា​ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានដាក់ចេញនូវកញ្ចប់​លើកទឹកចិត្ត​ផ្នែកសេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ ជួយដល់​សហគ្រាស និងនិយោជិក ប៉ុន្តែ​អង្គការអុកស្វាម​បាននិយាយថា ប្រទេស​កំពុងអភិវឌ្ឍ​ភាគច្រើន​ខ្វះអំណាច​ផ្នែកហិរញ្ញវត្ថុដែលមិនអាចធ្វើដូច្នេះ។

Note: This is an unofficial translation from the article published by The Guardian. The English version is here: Coronavirus could push half a billion people into poverty, Oxfam warns.