ទស្សនៈ លោកស្រី ដាំ ចន្ធី ជនជាតិទំពួន និងនាយិការ អង្គការសមាគមន៍ខ្មែរលើ អំពីការភិវឌ្ឍនាពេលថ្មីៗនេះ

Dam Chanthy, Cambodia's latest development

តើអ្នកមីងមានទស្សនៈយ៉ាងណាទៅលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងរយៈកាលថ្មីៗនេះ?

ទស្សនៈរួមរបស់ខ្ញុំទៅលើ ការអភិវឌ្ឍនក្នុងតំបន់ជនជាតិដើមហាក់ដូចជាលឿនមែនទែន ជាពិសេសការផ្ដល់ដីសម្បទានដល់ក្រុមហ៊ុនធំៗ។​ ខ្ញុំមិនជំទាស់នឹងការអភិវឌ្ឍននោះទេ រដ្ធាភិបាល អភិវឌ្ឍអោយមានការរីកចម្រើន។ ប៉ុន្តែពួកខ្ញុំជនជាតិដើមភាគតិច ពុំទាន់ទទួលបានចំណេះដឹង ស៊ីជម្រៅអំពីការអភិវឌ្ឍនៅឡើយទេ។

បញ្ហាចំបង គឺមិនបានធ្វើការបែងចែកថាតំបន់ណាគួរអភិវឌ្ឍ តំបន់ណាគួរទុកសម្រាប់ទំនុក សក្ការៈ ឲ្យជនជាតិដើមភាគតិចប្រើប្រាស់ តាមប្រពៃណី…ជាក់ស្តែងតំបន់ព្រៃធម្មជាតិមានទំហំធំ ពោរពេញទៅដោយព្រៃអរក្ស កន្លែងប្រមូលផលអភិរក្សព្រៃឈើរបស់សហគមន៍​ និងកន្លែងប្រមូលផល បន្លែធម្មជាតិ។​

ជនជាតិដើមភាគតិចពុំទាន់ទទួលបានទទួលបានព័ត៌មានគ្រប់គ្រាន់​ ក្នុងការពិគ្រោះយោបល់ និងការព្រមព្រៀងក្នុងផ្លូវច្បាប់។ ដូចពួកយើងដឹងហើយពួកខ្ញុំជនជាតិដើម ភាគតិចចំណេះដឹង​ នៅមានកម្រិតទាក់ទងទៅនឹងការប្រើប្រាស់ភាសាខ្មែរ ច្បាប់ និងគោលការណ៍ផ្សេងៗ។​ ការផ្សព្វផ្សាយនៅថ្នាក់ជាតិមានមានភាពទូលំទូលាយ ប៉ុន្ដែថ្នាក់មូលដ្ឋាននៅមានកម្រិតខ្លាំង។

តើអ្នកមីងគិតថា៥ឆ្នាំទៅមុខទៀត វិស័យអ្វីដែលសំខាន់សំរាប់ប្រទេសកម្ពុជា?

ផ្នែកអប់រំជាបង្គោលធំ។ កាលណាមនុស្សចេះអក្សររៀនបានជ្រៅជ្រះ ពួកគាត់អាចការពារ វប្បធម៌ប្រពៃណី ជួយលើកស្ទួយជីវភាពរស់នៅរបស់ពួកគាត់ឲ្យបានសមរម្យ និងជួយអ្នកដទៃផងដែរ។ អង្គការសមាគមន៍ខ្មែរលើក៏ធ្វើការជាមួយយុវជន ច្រើនក្នុងរឿងនេះផងដែរ ដោយមានការបណ្តុះបណ្ដាល សិស្សជនជាតិដើមភាគតិចពីថ្នាក់ទី៧ដល់ទី១២ ដោយផ្ដល់ជាកន្លែង ស្នាក់នៅដល់ពួកគេ។ តាំងពីឆ្នាំ២០០៨មក សិស្សនៅក្នុងអង្គការពួកយើង ដែលប្រឡងជាប់ បាក់ឌុបមានចំនួនប្រមាណ ៣០០នាក់​។ ដូច្នេះពួកយើងស្នើរសុំរដ្ឋាភិបាល អង្គការដៃគូ សប្បរសជនផ្សេងៗទៀតឲ្យជួយជាអាហារូបករណ៍ ដើម្បីឲ្យក្មួយៗបានបន្ដការសិក្សារទៅថ្នាក់សាកលវិទ្យាល័យទៅភ្នំពេញ។

ហេតុដូចនេះហើយ បើអភិវឌ្ឍក្នុងតំបន់របស់ពួកគាត់ ការសម្បទានដីក៏ដោយ​ ដាំកៅស៊ូក៏ដោយ សំនូមពរឲ្យអញ្ញាធរពាក់ព័ន្ធឲ្យមានការពិភាក្សាឲ្យបានស៊ីជម្រៅ ហើយគួរធ្វើការសិក្សាពីវប្បធម៌ប្រពៃណីរបស់គាត់ និងធ្វើឡើងក្នុងភាសារបស់គាត់ ដើម្បីឲ្យពួកគាត់ងាយស្រួលយល់ និងមានការទំនាក់ទនងល្អ នេះជាបទពិសោធន៍របស់ខ្ញុំដែលបានធ្វើការជាមួយគាត់។

ក្នុងការអភិវឌ្ឍ សូមឲ្យមានការចូលរួមពិគ្រោះយោបល់ ធ្វើការឯកភាពគ្នាជាមុន ឲ្យមានការរក្សាទុកតំបន់ សក្ការៈបូជា តំបន់ប្រពៃណី តំបន់ព្រៃឈើ ព្រៃកប់ខ្មោច ព្រៃបំរុងទុកមួយចំនួន។ បើសិនណាមានភាពស្មោះត្រង់ជាមួយគ្នា និយាយឲ្យច្បាស់ជាមួយគ្នា វាអាចកាត់បន្ថយបញ្ហាទៅអនាគតជាច្រើន ខាងក្រុមហ៊ុនក៏ចំនេញ ខាងសហគមន៍ក៏ចំណេញដែរ។

រូបថត៖ Savann Oeurm/Oxfam