កសិកម្មប្រកបដោយការច្នៃប្រឌិត នាំមកនូវសន្តិសុខស្បៀង និងហិរញ្ញវត្ថុ

ព្រឹត្តិបត្រភាសាខ្មែរ

ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្កើតឱ្យ​មាន​ភាព​រាំង​ស្ងួត​មិន​ទៀង​ទាត់ និង​ភ្លៀង​និង​ទឹក​ជំនន់​ខុស​រដូវ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​កសិករ។ អង្គការអុកស្វាម សហការជា​មួយ​អង្គការ​ក្នុង​ស្រុកមួយ​ឈ្មោះ រចនា បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​បច្ចេកទេស​កសិកម្ម​ធន់​នឹង​អាកាសធាតុ ដើម្បី​ជួយ​កសិករ​ឱ្យ​ត្រៀម​ខ្លួន​ធ្វើ​យ៉ាង​ណា​បង្កើត​ប្រភព​ស្បៀង​ច្រើន​និងមុខ​ប្រកបដោយ​ចីរភាព​សម្រាប់​ការ​ចិញ្ចឹម​ជីវិត​ទៅថ្ងៃអនាគត។

កសិករ​ស្ត្រី គឺជា​គោលដៅដ៏ចម្បង​របស់​គម្រោង​នេះ។ ក្នុង​ឆ្នាំ​២០១៥ អុកស្វាម​បាន​ធ្វើ​ការ​ជាមួយ​អង្គការ​ រចនា និង​អង្គការ ស្រែខ្មែរ ​បង្កើត​គម្រោង​មួយដែលមាន​ឈ្មោះថា ក្រុម​សេវា​កសិកម្ម​ដឹក​នាំដោយស្ត្រី (Women-led Agriculture Service Team (WLAS)​) ដើម្បី​ពង្រឹង​សិទ្ធិ​អំណាច​​ស្ត្រី​នៅ​ក្នុង​វិស័យ​កសិកម្ម។ គោលបំណង​របស់​គម្រោងនេះ គឺ​ធ្វើ​យ៉ាង​ណា​ ​ធានាឱ្យបាននូវ​សន្តិសុខ​ស្បៀង និង​បង្កើន​ចំណូល​ដល់​គ្រួសារ តាម​រយៈការ​ប្រើប្រាស់​គោលការណ៍​បច្ចេកទេសដែលធន់នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ និង​គ្រោះ​មហន្តរាយ និង​ផ្សារ​ភ្ជាប់​សេវា​របស់​ពួកគេ​ទៅ​នឹង​ទីផ្សារ។ រូបថត៖ Chiy Van Dim/RACHANA

វគ្គបណ្តុះបណ្តាលស្តី​ពី​បច្ចេកទេស​កសិកម្ម​ធន់នឹង​​អាកាសធាតុ

ជាសមាជិក​មួយ​រូប​នៃក្រុម​សេវា​កសិកម្ម​ដឹក​នាំដោយស្ត្រី ប្រចាំ​ស្រុក​ទ្រាំង ខេត្ត​តាកែវ លោកស្រី ប៉ុក ចន្ទវាសនា បាន​ចូល​សិក្សា​វគ្គ​​បណ្តុះ​បណ្តាលផ្តោតទៅលើ​ផលិតកម្មដំណាំ​ស្រូវ​ និងការ​ចិញ្ចឹម​មាន់។ បច្ចុប្បន្ន គាត់​អាច​ប្រមូល​ផល​ស្រូវ​ពីរ​​ដង​ក្នុង​មួយ​ឆ្នាំ ហើយ​ឆ្នាំ​ខ្លះ​រហូត​ដល់​ទៅ​បីដង​ផង។ ក្រៅ​ពី​ស្រូវ គាត់​ដាំ​ឪឡឹកបង្វិលលើដីស្រែ​បន្ទាប់ពីច្រូត​ស្រូវ​​​បន្ថែមទៀត។ មិន​ត្រឹម​តែប៉ុណ្ណោះ គាត់​ចេះ​ចាក់​ថ្នាំ​វ៉ាក់​សាំង​ឱ្យ​មាន់​របស់​គាត់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ និងចេះ​​អំពី​របៀប​ផ្សំចំណីដែលធ្វើអោយមាន់ឆាប់ធំធាត់លឿន និង​រក្សា​មាន់ដាក់​ក្នុង​ទ្រុង​ឱ្យ​បាន​​ត្រឹម​ត្រូវផង​ដែរ។

ដោយ​អនុវត្ត​នូវ​បច្ចេកទេសថ្មី​ដែល​គាត់​បាន​រៀនចេះខាងលើនេះ លោកស្រី​ ចន្ទវាសនា​​អាច​រក​ចំណូល​បាន​ជិត ១ ០០០ដុល្លារ​អាមេរិក​ ពី​ការបម្រូល​ផល​ស្រូវ​មួយ​ដង និង​ការ​​លក់​មាន់​របស់​គាត់ ហើយ​ថ្មី​ៗ​នេះគាត់​​មាន​លទ្ធ​ភាព​ទិញដី​បី​ហិកតា​បន្ថែម​ទៀត។ ប្រៀបធៀប​​ទៅ​នឹង​ការ​​រស់​នៅ​កាល​ពីបីឆ្នាំមុន គុណភាពនៃ​ជីវភាព​របស់គ្រួសារ​​គាត់​មាន​ភាព​ប្រសើរ​ជាង​មុន​គួរ​ឱ្យ​កត់​សម្គាល់​។ ដោយ​ឃើញ​ថា​គ្រួសារ​របស់​គាត់​មាន​សន្តិ​សុខស្បៀងហើយ លោកស្រី ចន្ទវាសនា ​ឥឡូវនេះ​អាច​ផ្ចង់​ការ​យក​ចិត្ត​ទុកដាក់​ទៅលើ​ការ​ទំនុកបម្រុង​កូន​របស់​គាត់​ ​​ឱ្យ​​ឈាន​ទៅ​ទទួល​បាន​ការ​អប់រំកម្រិតខ្ពស់។

លោកស្រី សយ សុខុម និង​ប្តី​របស់​គាត់ ធ្លាប់​បាន​ចូលរួម​វគ្គបណ្តុះ​បណ្តាល​របស់​អង្គការ​រចនា​ តាំង​ពី​ឆ្នាំ​២០១៦​ មក។ លោក​ស្រី​មាន​ប្រសាសន៍ថា៖ «មុន​នឹង​ទទួល​ការ​បណ្តុះ​បណ្តាល​នេះ ខ្ញុំ​អត់​ចេះ​ទេ​ថា​តើ​គួរ​ដាំ​បន្លែ​របៀប​ណា​នៅ​ក្នុង​រដូវ​ប្រាំង។ កាល​នោះ​ខ្ញុំ​អាច​ដាំ​បន្លែ​បាន​តែ​មួយដង ឬពីរដង​ទេ ក្នុង​មួយ​ឆ្នាំ ដោយ​សារ​អត់​មាន​ទឹក​គ្រប់​គ្រាន់។»

ប្រភពស្បៀង និង​ការ​ចិញ្ចឹម​ជីវិត​កាន់​តែ​មាន​ចីរភាព​

ឆ្លង​តាម​ការ​បណ្តុះ​បណ្តាល គូ​ស្វាមីភរិយា​នេះ ​សព្វថ្ងៃ​ចេះ​របៀប​ជ្រើស​រើស​ប្រភេទ​បន្លែ​យក​មក​ដាំ​ឱ្យ​ត្រូវ​តាម​លក្ខខណ្ឌ​ធាតុ​អាកាស។ ពួកគាត់​ដឹង​ថា​អាច​ដាំ​ត្រកួន​បាន​ពេញ​មួយ​ឆ្នាំ​ដោយ​សារ​បន្លែប្រភេទ​នេះ​មិន​ត្រូវ​ការ​ទឹកច្រើន​ទេ។ សម្រាប់​ផល​ដំណាំ​មួយ​មុខៗ ឥឡូវ​នេះ​លោក​ស្រី​អាច​លក់​បាន​ប្រាក់​ជិត ៥០០ ០០០រៀល (​ប្រហែល ១២៥ដុល្លារ)។ ក្រៅពីនោះ គាត់​ និង​ប្តី​របស់​គាត់​ចិញ្ចឹម​មាន់​ថែម​ទៀត​ ដើម្បី​បំពេញ​ឱ្យ​ប្រភព​ស្បៀង ដោយ​អាច​រក​លុយ​បាន​ ពី ៥០​ដុល្លារ ទៅ ១០០ដុល្លារ ថែម​ទៀត។

លោកស្រី​ ចេង ស្រីម៉ាច និង​ប្តីរបស់គាត់ សម សារី បាន​ប្តូរ​ពី​ការ​ចិញ្ចឹម​ជ្រូកមកចិញ្ចឹម​មាន់​វិញ​ ក្រោយ​ពី​បាន​ទទួល​ការ​បណ្តុះ​បណ្តាលពីអង្គការ​រចនា។ នាង ស្រីម៉ាច​ បាន​បង្រៀន​គ្រួសារ​របស់​គាត់​ឱ្យ​ជាន់​ជើង​លើកំបោរសជាមុនសិន មុន​នឹង​ឈាន​ជើង​ចូលទ្រុង​មាន់ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​ដល់​មាន់ដែលនៅក្នុងទ្រុង។

ជាផ្នែកមួយនៃគម្រោងនេះដែរ ក្រុមសន្សំប្រាក់ដើម្បីផ្លាស់ប្តូរ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ភូមិ ក្នុងគោលបំណងដើម្បី​ជួយ​ធានា​ឱ្យ​មាន​សន្តិសុខ​ស្បៀង​ និង​ហិរញ្ញវត្ថុ។ អ្នក​ភូមិ​អាច​សន្សំ​ប្រាក់​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ករណី​ត្រូវការ​បន្ទាន់ ព្រម​ទាំង​សម្រាប់​វិនិយោគ​ទៅលើ​ការ​ទិញ​ពូជស្រូវមាន​គុណភាពល្អ​ ពូជមាន់ និង​ជីសរីរាង្គ​ ដើម្បី​ទប់​ទល់​ជាមួយ​នឹងឥទ្ធិពលនៃ​ការ​ប្រែប្រួល​អាកាស​ធាតុ។

ការ​ធ្វើ​កសិកម្ម​ខ្នាត​តូច​ដែល​ដឹក​នាំដោយ​ស្ត្រី មាន​ភាព​ប្រសើរ​ជាង​មុនគួអោយកត់សំគាល់​ ដោយ​សារ​តែគម្រោង និង​គោលការណ៍​នប្រកបដោយការច្នៃប្រឌិត ព្រមទាំងបានជំរុញ​ឱ្យ​កសិករ​កាន់​តែ​មាន​សមត្ថភាពធន់​ជាងមុន​ទល់​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​គ្រោះ​មហន្តរាយ។

រូបថត៖ អុកស្វាម

វីដេអូខាងក្រោមនេះ បង្ហាញអំពីការផ្លាស់ប្តូររបស់ លោកស្រី ប៉ុក ចន្ទវាសនា បន្ទាប់ពីចូលរួមក្នុងគម្រោង កសិកម្មប្រកបដោយនិរន្តរភាពសម្រាប់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ ដែលគាំទ្រដោយអង្គការរចនា និងអុកស្វាម។