តើកញ្ញាយល់យ៉ាងណា ចំពោះការអភិវឌ្ឍនៅកម្ពុជា នាពេលបច្ចុប្បន្ន?
ខ្ញុំគិតថា កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺក្នុងវិស័យធុរកិច្ច ក៏ដូចជាឧស្សាហកម្មសេវាកម្មផងដែរ។ ជាក់ស្តែង យើងមើលឃើញថា មានជនបរទេសជាច្រើនចាប់អារម្មណ៍មកវិនិយោគទុននៅកម្ពុជា។
វិស័យដែលមានការរីកចម្រើនខ្លាំងជាងគេ គឺសំណង់។ ខ្ញុំមើលឃើញថា មានសំណង់អគារជាច្រើនត្រូវបានសាងសង់ ក៏ដូចជាការបណ្តាក់ទុនដ៏ច្រើនសន្ទឹកសន្ទាប់ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកដែលមានអាជីវកម្មផ្នែកសេវាកម្ម ដូចជារូបនាងខ្ញុំ គឺវាពិតជាឱកាសល្អមែនទែន ក្នុងការផ្តល់ជូននូវសេវាកម្មរបស់ខ្លួនឱ្យទៅក្រុមហ៊ុនទាំងនោះ ដែលមកវិនិយោគនៅកម្ពុជា។
ដោយសារតែកម្ពុជា អនុវត្តសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះទោះចង់ ឬមិនចង់ វាប្រាកដជាមានអ្នកឈ្នះ និងអ្នកចាញ់។ ប៉ុន្តែនៅពេលដែលមានការអនុវត្តទីផ្សារសេរី ដូច្នេះវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដទៃទៀត ដោយគ្រាន់តែវាទាមទារពេលវេលាប៉ុណ្ណោះ។
ដូច្នេះយើងត្រូវតែសួរខ្លួនឯង ក្នុងនាមជាយុវជនខ្មែរ ដែលរស់នៅក្នុងប្រទេសកម្ពុជា ថាតើ យើងអាចធ្វើយ៉ាងណា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការអភិវឌ្ឍបច្ចុប្បន្ន? តើភាសាអ្វី ដែលយើងត្រូវរៀនបន្ថែម ហើយតើជំនាញអ្វីដែលយើងត្រូវចេះ?
ម៉្យាងវិញទៀត កម្ពុជាក៏ជាសមាជិកមួយនៃបណ្តាប្រទេសអាស៊ានផងដែរ។ ខណៈអាស៊ានកំពុងតែមានកំណើនយ៉ាងខ្លាំង យុវជនកម្ពុជាត្រូវតែទាមទារឱ្យសិក្សាជំនាញថ្មី ដើម្បីប្រកួតប្រជែងជាមួយនឹងយុវជនក្នុងតំបន់ដែលមានសក្តានុពលលើវិស័យជាច្រើន ក៏ដូចក្នុងវិស័យធុរកិច្ចផងដែរ។ ទាំងនេះគឺជាអ្វីដែលយុវជនកម្ពុជាត្រូវតែដឹង និងត្រៀមខ្លួន។
ខ្ញុំប្រឈមនឹងបញ្ហាលំបាកមួយចំនួន ដូចជាការស្វែងរកនូវទេពកោសល្យខ្លួនឯង។ ធនធានមនុស្សរបស់យើង គឺនៅមានកម្រិតនៅឡើយ។ ជាងនេះទៅទៀត ខណៈវិស័យជំនួញនៅកម្ពុជាកំពុងមានសន្ទុះយ៉ាងខ្លាំង សម្រាប់អ្នកវិនិយោគដាច់ខាតត្រូវតែយកចិត្តទុកដាក់ខ្លាំង ទៅលើអនាគត។ ជារួម ខ្ញុំទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីស្ថានភាពស្ថេរភាពបច្ចុប្បន្ន។ បរិយាកាសមានលំនឹង ដែលជាកត្តា ជំរុញឱ្យជំនួញផ្ទាល់ខ្លួន របស់ខ្ញុំរីកចម្រើនទៅមុខ។
តើកញ្ញាមើលឃើញថា កម្ពុជានឹងអភិវឌ្ឍយ៉ាងណានៅពេលខាងមុខ?
យើងឃើញថា សន្ទុះនៃទីផ្សារឌីជីថលមានការរីកចម្រើនខ្លាំង គួរឱ្យកត់សម្គាល់។ ក្រុមហ៊ុនល្បីៗជាច្រើន ចាប់អារម្មណ៍ខ្លាំងលើផ្នែកឌីជីថល។ បច្ចុប្បន្ន ប្រជាជនដ៏ច្រើនលើសលប់ប្រើប្រាស់ទូរស័ព្ទដៃទំនើប (Smart Phone) ដើម្បីស្តាប់ ឬទទួលព័ត៌មាន ចែករំលែកព័ត៌មាន ក៏ដូចជា ដើម្បីថែរក្សាទំនាក់ទំនងជាមួយមិត្តភ័ក្ត និងដៃគូរជំនួញរបស់ពួកគេ។
ខ្ញុំគិតថា វិស័យដែលកម្ពុជាគួរផ្តោត ការយកចិត្តទុកដាក់ ក្នុងរយៈពេល៥ឆ្នាំទៅមុខ គឺផ្នែកសេវាកម្ម ពីព្រោះកម្ពុជាមានចំនួនប្រជាជនតែ១៥លាននាក់ប៉ុណ្ណោះ ខណៈដែលប្រទេសឥណ្ឌូនេស៊ី មានប្រជាជនរហូតដល់ទៅ២០០លាននាក់។ ដូច្នេះ វាមានចំនួនតិចមែនទែន ប្រសិនបើយើងធ្វើការប្រៀបធៀប។ ប៉ុន្តែក៏មានប្រទេសដែលចំនួនប្រជាជនតិចជាងយើងទៅទៀត ជាក់ស្តែងព្រុយណេ និងសិង្ហបុរីជាដើម។ ប៉ុន្តែសួរថា តើហេតុអ្វី បានជាសិង្ហបុរីរឹងមាំ និងរីកចម្រើនម្លេះ?
ដោយសារគេមានសន្ទុះសេដ្ឋកិច្ចរីកចម្រើន ជាក់ស្តែងគឺកំពង់ផែ។ កំពង់ផែផ្តល់ការរីកចម្រើនយ៉ាងខ្លាំង ដែលអំណោយផលដល់ការកើនឡើងនូវសេដ្ឋកិច្ចរបស់គេ។ ខ្ញុំមើលឃើញថា កម្ពុជាមានយុវជនច្រើន ដែលស្ទើរតែ៦០ ទៅ៧០ភាគរយ នៃចំនួនប្រជាជនសរុប មានអាយុក្រោម៣០ ទៅ៣៥ឆ្នាំ។ ដូច្នេះនេះគឺជាសក្តានុពលដ៏អស្ចារ្យមួយ។
យើងឃើញថា ពួកគាត់មានកម្លាំងពេញលេញ។ សួរថា តើពួកគាត់អាចធ្វើអ្វីបានខ្លះ? ដូចជាផ្នែកសេវាកម្ម យើងចេះភាសា យើងអាចផ្តោតសំខាន់លើសេវាកម្ម ដែលមិនត្រឹមតែផ្តល់សេវាកម្មក្នុងស្រុក ប៉ុន្តែយើងអាចធ្វើការក្នុងតំបន់អាស៊ាន ឬក៏យើងអាចទៅឆ្ងាយជាងហ្នឹងទៀត។
ខ្ញុំចង់សង្កត់ធ្ងន់កន្លែងហ្នឹង ពិសេសចំពោះកូនខ្មែរដែលកំពុងតែរៀនថ្នាក់វិទ្យាល័យ ឬក៏មហាវិទ្យាល័យ។ ពួកគេត្រូវតែពិចារណាឡើងវិញ ថាតើពួកគេចង់បានអ្វីទៅថ្ងៃអនាគត ហើយតើពួកគេចង់ឃើញកម្ពុជាដើរទៅផ្លូវណា? បច្ចុប្បន្ន ខ្ញុំអាចនិយាយបានថា ខណៈអាស៊ានកំពុងតែបើកជំហ មានការងារជាច្រើនកន្លែងផ្សេងគ្នា ដែលពួកគេអាចធ្វើបាន។ ប៉ុន្តែវាអាស្រ័យថាតើ ពួកគេមានសមត្ថភាពប្រកួតប្រជែងដែរ ឬអត់? យើងត្រូវតែពង្រឹងការអប់រំរបស់យើង ភាសារ ជំនាញបច្ចេកទេស។ បន្ទាប់មក គឺយើងអាចមានសមត្ថភាព ដូចអ្នកដទៃហើយ។ ប៉ុន្តែជាថ្មីម្តងទៀត យើងត្រូវដឹងថា វាផ្អែកទៅលើអ្វី ហើយវាខ្វះខាតអ្វី ហើយយើងត្រូវពង្រឹងត្រង់ចំនុចណា។ ជាងនេះទៅទៀត ប្រទេសយើងកំពុងអភិវឌ្ឍទៅយ៉ាងរលូន ពីព្រោះតែយើងបើកទូលាយ។ យើងអនុវត្តទីផ្សារសេរី ដែលវាផ្តល់ឱកាសដល់ប្រជាពលរដ្ឋយើង។ ដូច្នេះយើងអាចចាប់យកឱកាសទាំងនោះ ហើយយើងត្រូវរៀនឱ្យច្រើនពីពួកគេ៕
Photo supplied.