អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ

Back to Pineeh Pinooh#4

សព្វ​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​។ កម្ពុជា​ បាន​ផ្លាស់​ប្តូរ​ពី​ប្រទេស​មិន​ទាន់​អភិវឌ្ឍ​​ ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ និង​​កំពុង​បោះ​ជំហាន​​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​នៅ​ត្រឹម​ឆ្នាំ​២០៣០​។ ស្ថិតិ​បាន​បង្ហាញ​ថា​ នៅ​ឆ្នាំ​២០០៧​ អត្រា​ភាព​ក្រីក្រ​មាន​ចំនួន​៤៧.៨%​ ហើយ​នៅ​ឆ្នាំ​២០១៤​ អត្រា​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​១៣.៥%​។ តួ​លេខ​ទាំង​នេះ​ បង្ហាញ​ពី​តថភាព​ជាក់ស្តែង​ និង​ការ​គិត​គូរ​ កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​​ការអភិវឌ្ឍ​។

បួន​ឆ្នាំ​បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​​លើ​គោល​ដៅ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​​ឆ្នាំ​២០៣០​ បញ្ហា​ប្រឈម​​សំខាន់​ៗ​នៅ​តែ​មាន​ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​បម្រែ​បម្រួល​អាកាសធាតុ​។ ការ​កើន​ឡើង​នៃ​អាស៊ីត​ក្នុង​ទឹក​សមុទ្រ​ សំណឹក​ឆ្នេរ​ គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់​ធ្ងរ​ ការ​ដួល​រលំ​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ កំពុង​ធ្វើ​ឱ្យ​សន្តិសុខ​ស្បៀង​អាហារ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។

ថ្មី​ៗ​នេះ​ អង្គការ​អុកស្វាម​ បាន​រៀប​ចំ​ផែន​ការ​សេណារីយ៉ូ​ជា​សកល​ ដែល​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់ព័ន្ធ​​ផ្សេង​ៗ​គ្នា​ និង​បាន​កំណត់​និន្នា​ការ​​គោល​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ភាព​អាសន្ន​នៃ​អាកាសធាតុ​ ការ​ធ្វើ​ចំណាក​ស្រុក​ពី​ជនបទ​ទៅ​ទី​ក្រុង​ បច្ចេកវិទ្យា​ សាកលភាវូបនីយកម្ម​ និង​ការ​ផ្លាស់​ប្តូរ​តុល្យភាព​ អំណាច​ពី​ប្រទេស​លោក​ខាង​លិច​ទៅ​លោក​ខាង​កើត​ និង​យុត្តិធម៌​យេនឌ័រ​។ ប្រទេស​កម្ពុជា​នៅ​តែ​ជាប់​ ចំណាត់​ថ្នាក់​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​១០​ ដែល​ងាយ​រង​ផល​ប៉ះ​ពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​​។​ នេះ​ក៏​ដោយ​សារ​តែ​ទី​តាំង​ភូមិសាស្ត្រ​ និង​សមត្ថភាព​សម្រប​ខ្លួន​នៅ​មាន​កម្រិត​​សម្រាប់​​ប្រជាពលរដ្ឋ​។ ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ​ អង្គការអុកស្វា​ម​បាន​វិនិយោគ​នៅ​ក្នុង​ក្រុម​ការងារ​សេវាកម្ម​កសិកម្ម​ដឹក​នាំ​ដោយ​ស្រី្ត​ ដែល​​ក្នុង​នោះ​ស្រ្តី​គ្មាន​ដី​ធ្លី​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ ដោយ​បច្ចេកទេស​ និង​ជំនាញ​កសិកម្ម​ ក្នុង​ការ​ផ្តល់​សេវាកម្ម​​ដល់​​សហគមន៍​របស់​ពួក​គេ​។ សេវា​កសិកម្ម​ទាំង​នេះ​ រួម​មានការធ្វើស្រែតាមបែបប្រពលវប្បកម្មប្រកបដោយចិរភាព​ ការ​ដាំ​បន្លែ​ កសិកម្ម​ក្នុង​ទឹក​ និង​ការ​ចិញ្ចឹម​សត្វ​។ ក្រុម​ការងារ​នេះ​ មិន​ត្រឹម​តែ​​​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​សត្វ​ និង​ប្រាក់​ចំណូល​របស់​កសិករ​ មាន​ភាព​ល្អ​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​កសិករ​ខ្នាត​តូច​ដទៃ​ទៀត​ឱ្យ​ប្រើ​ប្រាស់​ដី​ជា​អតិបរមា​សម្រាប់​ផលិតភាព​ទៀត​ផង​​។​

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ និង​ចេញ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​គ្រួសារ​ជា​ច្រើន​។ យើង​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​វឌ្ឍនភាព​នេះ​ ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ក្រប​ខ័ណ្ឌ​ច្បាប់​ និង​គោល​នយោបាយ​ ដោយ​ក្របខ័ណ្ឌ​ច្បាប់​មួយ​ចំនួន​​ទាមទារ​នូវ​ការ​បំភ្លឺ​ ហើយ​ពេល​ខ្លះ​អាជ្ញាធរ​មិន​សូវ​ច្បាស់​លាស់​ទាក់ទង​នឹង​ព្រំ​ដី​សម្បទាន​។

អង្គការ​អុកស្វាម​ កំពុង​ធ្វើ​ការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​ដូចជា​ រាជរដ្ឋាភិបាល​ ដៃ​គូ​អភិវឌ្ឍន៍​ វិស័យ​ឯកជន​ ធនាគារ​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ជូន​ដំណឹង​ ក៏​ដូចជា​បង្កើន​ និង​លើកកម្ពស់​​ការបញ្ចេញ​យោបល់​របស់​ជនជាតិ​ដើម​ភាគ​តិច​ និង​កសិករ​ខ្នាត​តូច​ ដើម្បី​ឱ្យ​ពួក​គេ​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ និង​គ្រប់​គ្រង​ដី​ធ្លី​ និង​ធនធាន​ធម្មជាតិ​។ វិធីសាស្រ្ត​របស់​យើង​ គឺ​លើក​កម្ពស់​យុត្តិធម៌​យេនឌ័រ​ ស្រ្តី​ក្នុង​ភាព​ជា​អ្នក​ដឹក​នាំ​ ការ​កសាង​​សមត្ថភាព​ ដោយ​ការស្រាវជ្រាវ​ផ្អែក​លើ​ភស្តុតាង​ ការចូលរួម​ដោយ​ផ្ទាល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ការកសាង​សម្ព័ន្ធភាព​ និង​បណ្តាញ​ទំនាក់ទំនង​​៕​