ជីវិតកម្មករក្រៅប្រព័ន្ធក្នុងប្រទេសកម្ពុជា

Back to Pineeh Pinooh#4

កាល​ពី​ពាក់​កណ្តាល​ខែ​តុលា​នេះ​ អង្គការ​អុកស្វាម​ និង​ដៃ​គូ​បានរៀបចំ​ដំណើរ​ទស្សនកិច្ច​​សម្រាប់​អ្នក​កាសែត​​ពី​ប្រទេស​បែលហ្ស៊ិក​។ ពួក​គេ​បាន​ជួប​ជាមួយ​កម្មករ​​​ក្រៅ​​ប្រព័ន្ធ​ ដែល​ទទូច​សុំ​ឱ្យ​មាន​កិច្ច​គាំពារ​សង្គម​ឱ្យ​បាន​ប្រសើរ​ជាង​មុន​។​ ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​​ស្វែង​រក​មូលនិធិ​​ ដើម្បីជួយ​ដល់​ការងារ​កិច្ចគាំពារ​សង្គម​ប្រកប​ដោយ​បរិយាប័ន្ន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ Nicolas Van Nuffel ប្រធាន​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ និង​ការអភិវឌ្ឍន៍​ (CNCD) ដែល​បាន​អម​ដំណើរ​ក្រុម​អ្នកសារព័ត៌មាន​បាន​និយាយ​ថា​ ដំណើរ​ទស្សនកិច្ច​ប្រចាំ​ឆ្នាំ​មក​កម្ពុជា​នេះ​ ​គឺ​ជា​ឱកាស​សំខាន់​​ក្នុង​ការ​​ជួប​​ប្រជាពលរដ្ឋ​ និង​ដៃគូ​សហការ​នៅ​ថ្នាក់​មូលដ្ឋាន​ មិន​មែន​ត្រឹម​តែ​អង្គការ​អុកស្វាម​នោះ​ទេ​ ប៉ុន្តែ​អង្គកា​រ​​ដទៃ​​ទៀត​​​ដែល​ទទួលបាន​មូនិធិ​​ពី​​ CNCD និង​កំពុង​ធ្វើការ​លើ​វិស័យ​កសិកម្ម​ សន្តិសុខ​ស្បៀង​ និង​បរិស្ថាន​ប្រកប​ដោយ​ចីរភាព​​ផង​ដែរ​។

ក្រុម​អ្នកសារព័ត៌មាន​ដែល​មក​​ទស្សនកិច្ច​នេះ​មក​ពី​ស្ថានីយ​វិទ្យុ​ ទូរទស្សន៍​​ជាតិ​ និង​កាសែត​ Le Soir និង​ L’Avenir នៅ​ប្រទេស​បែលហ្ស៊ិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន​ពីរ​ថ្ងៃ​នេះ​ ពួក​គេ​បាន​ជួប​ជាមួយ​អ្នកគ្រប់គ្រង​រោង​ចក្រ​​កាត់ដេរ​នៅ​​ខ័ណ្ឌ​ចោមចៅ​ កម្មករ​កាត់ដេរ​ដែល​កំពុង​ធ្វើ​ការងារ​ក្នុង​រោងចក្រ​ និង​នៅ​ផ្ទះ​ជួល​ សហជីព​​ អ្នក​ប្រកបរបរ​សេវា​កម្សាន្ត​ អ្នក​រត់​តុក តុក​ ក្រុមការងាររបស់ក្រុមប្រឹក្សាជាតិដើម្បីកិច្ចគាំពារសង្គមនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ​​ជា​ច្រើន​ទៀត​។

លោក​ Nicolas​ ​និយាយ​ថា​ “ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់​នៅ​ពេល​ដែល​បាន​ឃើញ​ស្ថានភាព​រស់​នៅ​របស់​កម្មករ​​នៅ​​ក្នុង​ក្រុង​ភ្នំពេញ​។ អ្នក​​ផលិត​​សំលៀកបំពាក់​ដែល​យើង​កំពុង​ពាក់​នៅ​អឺរ៉ុប​ កំពុង​រស់​ក្នុង​សភាព​​តោកយ៉ាក​​ ប៉ុន្តែ​ជាមួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គការ​អុកស្វាម​ ដៃ​គូ​​សហការ​ សហជីព​ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ ក្នុង​ស្រុក​​បាន​​​ផ្តល់​ក្តីសង្ឃឹម​ដល់​ខ្ញុំ​ ពី​ព្រោះ​​ខ្ញុំ​គិត​ថា​​ការ​ធ្វើ​ការងារ​ជាមួយ​ប្រជាជន​ និង​គាំទ្រ​ពួកគេ​ឱ្យ​​ចេះ​​រៀប​ចំ​ជា​ក្រុម​ ​គឺ​ជា​​វិធីសាស្រ្ត​ដ៏​ល្អ​បំផុត​ដើម្បី​ផ្លាស់​ប្តូរ​ស្ថានការណ៍​ និង​សម្រេច​បាន​លទ្ធផល​ជា​ដុំ​កំភួន​ក្នុង​រយៈយូរ​អង្វែង​។ វា​អាច​ប្រើ​ពេល​​វេលា​​យូរ​បន្តិច ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​កំពុង​ដើរ​លើ​គន្លង​ដែល​ត្រឹម​ត្រូវ​” ។

អង្គការ​អុកស្វាម​ និង​ដៃគូ​បាន​នឹង​​កំពុង​អនុវត្ត​​កម្មវិធី​កិច្ចគាំពារ​សង្គម​នៅ​ប្រទេស​កម្ពុជា​តាំង​ពី​​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ​។​ រហូត​មក​​ដល់​​បច្ចុប្បន្ន​ យើង​ធ្វើ​ការ​ក្នុង​ ខេត្ត-ក្រុង​ចំនួន​ ១៥​ ទូទាំង​ប្រទេស​កម្ពុជា​។

លោកស្រី​ សុខ​ ច័ន្ទ​ឆវី​ ប្រធាន​គ្រប់​គ្រង​កម្មវិធី​របស់​អង្គការ​អុកស្វាម​ មាន​ប្រសាសន៍​ថា​ «អង្គការ​អុកស្វាម​ និង​ដៃ​គូ​នឹង​បន្ត​​សហប្រតិបត្តិការ​ និង​ជួយ​ជម្រុញ​ និង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​បន្ត​គាំទ្រ​ និង​ពង្រីក​​វិសាល​ភាព​​នៃ​កិច្ចគាំពារ​សង្គម​ដល់​​កម្មករ​ក្រៅ​ប្រព័ន្ធ​ឱ្យ​បាន​គ្រប់​វិស័យ​។»​៕

អ្នកស្រី​ ស​ សារ៉ា​ កំពុង​បោកគក់​សំលៀកបំពាក់​នៅ​មុខ​ផ្ទះ​។ អ្នកស្រី​ជា​កម្មករ​កាត់ដេរ​តាម​ផ្ទះ​។ អ្នកស្រី​និយាយ​ថា​ “ខ្ញុំ​ចង់​​ធ្វើ​ការ​ពេញ​ម៉ោង​ ទើប​ខ្ញុំ​អាច​មាន​ចំណូល​ច្រើន​ជាង​នេះ​ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ ដោយ​សារ​ខ្ញុំ​អត់​មាន​អត្តសញ្ញាណប័ណ្ណ​។​”

Nicolas Van Nuffel ប្រធាន​ផ្នែក​គម្រោង​របស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ និង​ការអភិវឌ្ឍន៍​ (CNCD) កំពុង​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​មក​ពី​ L’Avenir ។

អាជីវករ​រត់​តុក-តុក​ ចែក​រំលែក​អំពី​បញ្ហា​ប្រឈម​ដែល​ពួកគេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​ការងារ​ ខណៈ​ដែល​​មាន​​ការ​ប្រកួតប្រជែង​ជា​ច្រើន​ក្នុង​ទី​ផ្សារ​។ សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ប័ណ្ណ​សមធម៌​សុខភាព​ ប៉ុន្តែ​ពួកគេ​ទទួល​រង​ការរើសអើង​នៅ​ពេល​ទៅ​ទទួល​សេវា​​សុខាភិបាល​។

បទសម្ភាសន៍​ជាមួយ​គ្រួសារ​ ដែល​​ម្តាយ​ (ស្ត្រី​ពាក់​អាវ​ស​កំពុង​យោល​កូន​) ឈប់​ពី​ការងារ​មុន​ពេល​សម្រាល​កូន​។ ពេល​នេះ​ ទារក​មាន​អាយុ​ ៨​ ខែ​ហើយ​។ អ៊ំស្រី​អង្គុយ​ក្បែរ​នោះ​ គឺ​ជា​ម្តាយមីង​របស់​នាង​។ អ្នក​ទាំង​ពីរ​មិន​ទាន់​អាច​ទៅ​​ធ្វើ​ការងារ​បាន​​នៅ​ឡើយ​ទេ​ ដោយសារ​ពួកគេ​​ត្រូ​វ​​នៅ​​​មើល​​ថែទាំ​ទារក ​និង​ក្មេង​ដទៃ​ទៀត​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​។

ដំណើរ​ទស្សនកិច្ច​បាន​បញ្ចប់​ បន្ទាប់​ពី​ជំនួប​ប្រជុំ​ជាមួយ​ក្រុមការងារ​របស់​ក្រុម​ប្រឹក្សា​ជាតិ​ដើម្បី​កិច្ចគាំពារ​សង្គម​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ​