រស់នៅក្នុងភាពភ័យខ្លាច ជាតម្លៃមួយខ្ពស់ពេកសម្រាប់ប្រជាជនតាមដងទន្លេមេគង្គ

ស្ត្រីម្នាក់ពរកូនក្នុងភូមិដែលត្រូវបានបំផ្លិចបំផ្លាញ់ដោយសារទឹកជំនន់ ក្នុង Sanamxai ខេត្ត Attapeu ប្រទេសឡាវ ខែទី២៦កក្កដា។ រូបថតៈ Nhac Nguyen/AFP
ការបាក់ទំនប់របស់គម្រោងវារីអគ្គិសនី Xe Pian-Xe Namnoy បាននាំមកនូវសោកនាដកម្ម ដែលក្នុងនោះមនុស្សជាច្រើននាក់ស្លាប់ ហើយរាប់ពាន់នាក់ផ្សេងទៀតគ្មានផ្ទះសម្បែងរស់នៅ ជាមួយនឹងរបរចិញ្ចឹមជីវិតក៏ត្រូវបំផ្លិចបំផ្លាញអស់ដែរ។
ការប្រកាសរបស់រដ្ឋាភិបាលឡាវស្តីពីវិធានការបន្ទាន់ដែលត្រូវធ្វើ គឺជារឿងមួយគួរទទួលបានការកោតសរសើរ។ ប៉ុន្តែ សេចក្តីសម្រេចចិត្តនេះបានបាត់ពន្លឺនៃសេចក្តីសង្ឃឹមទៅវិញ ខណៈដែលវិធានការវាយតម្លៃ នៅតែបន្ត ទៅលើសំណើគម្រោងទំនប់វារីអគ្គិសនីប៉ាក់ឡាយ ត្រូវបានស្នើឡើង ហើយវាធ្វើឱ្យយើងទាំងអស់គ្នានៅតែមានក្តីព្រួយបារម្ភ ដោយសារថាការវាយតម្លៃជាច្រើនកន្លងមក មិនបានកំណត់អត្តសញ្ញាណហានិភ័យឱ្យបានត្រឹមត្រូវទេ។
អង្គការអុកស្វាមយល់ឃើញថា ការប្រែប្រួលជាវិជ្ជមានណាមួយអាស្រ័យលើលទ្ធភាពរបស់សហគមន៍មូលដ្ឋានដែលជាអ្នកទទួលផល បញ្ចេញសំឡេងរបស់ខ្លួននៅក្នុងដំណើរការនៃគម្រោងនោះ។ ក្នុងនាមជាប្រជាជននៅមូលដ្ឋាន ពួកគេគួរតែជាអ្នកដែលគម្រោងទាំងនេះចាត់ជាអ្នកទទួលផល។ ជារឿយៗ សហគមន៍ទាំងនេះ ជាអ្នករែកពន់នូវផលប៉ះពាល់អវិជ្ជមាននៅពេលណាមានហេតុការណ៍អាក្រក់កើតឡើង។ គោលនយោបាយ ឬទម្លាប់អនុវត្តដែល រៀបចំឡើងដោយអ្នកជំនាញ ច្រើនតែមិនសូវមាន លទ្ធផលល្អប្រសើរ ជាពិសេសនៅពេលដែលក្រុមអ្នកជំនាញភ្លេចគិត ឱ្យបានល្អិតល្អន់ពីអ្វីដែលជាសេចក្តីត្រូវការរបស់សហគមន៍។
ការបាក់ទំនប់កន្លងមកនេះ គឺជាមហន្តរាយបង្ករដោយមនុស្ស ដែលអាចបញ្ចៀសបាន តាមរយៈប្រព័ន្ធបញ្ជូនព័ត៌មានប្រកបដោយប្រសិទ្ធភាពមួយ។ អង្គការ ភូមិខ្ញុំ (My Village) ដែលជាដៃគូ របស់អង្គការអុកស្វាមនៅប្រទេសកម្ពុជា បានឱ្យដឹងថា ប្រជាជននៅតាមបណ្តាសហគមន៍យល់ឃើញថា មេរៀនដែលទើបនឹងកើតឡើងនេះ នឹងមិនធ្វើឱ្យអ្នកសិក្សាគម្រោងថ្មីរាងចាលទេ។
លោក ផេង ស៊ីវ៉ាត អនុប្រធានអង្គការមូលដ្ឋាននៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «យើងបារម្ភ និងខ្លាចលែងហ៊ានដាំបន្លែនិងដំណាំនានាឡើងវិញ ក្រោយពីដំណាំត្រូវបានទឹកជំនន់បំផ្លាញអស់មក។ អ្នកភូមិដែលមានសាច់ញាតិ រស់នៅក្នុងប្រទេសឡាវ អះអាង ថា ទឹកជំនន់ដែលបណ្តាលមកពីការបាក់ទំនប់នោះនឹងមានម្តងទៀត។»
ក្តីព្រួយបារម្ភរបស់ពួកគាត់គឺជាការត្រឹមត្រូវ ពីព្រោះថាតំបន់នោះអត់មានប្រព័ន្ធប្រកាសអាសន្នជាមុន ដែលដំណើរការទេ។
អង្គការអុកស្វាមរកឃើញថា តំបន់ដែល មានប្រព័ន្ធប្រកាសអាសន្នជាមុននៅថ្នាក់ សហគមន៍ អនុញ្ញាតឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានឆាប់រហ័ស និង មានប្រសិទ្ធភាពក្នុងការសង្គ្រោះជីវិត និងអស់ចំណាយអស់តិចតួចប៉ុណ្ណោះក្នុងការរៀបចំបង្កើតប្រព័ន្ថនេះឡើង។
ដើម្បីរៀនសូត្រពីគ្រោះមហន្តរាយនេះ យើងមិនអាចដើរតាមរបៀបវារៈអភិវឌ្ឍន៍ចាស់បានទេ តែត្រូវគិតគូរដោយប្រុងប្រយ័ត្នលើផ្នែកសុវត្ថិភាព។ គំនិតផ្តួចផ្តើមគម្រោងទំនប់វារីអគ្គិសនី ចាំបាច់ត្រូវពិចារណាអំពីទស្សនៈរបស់សហគមន៍ មិនថាពួកគេរស់នៅដើមខ្សែទឹកខាងលើ ឬខាងក្រោមខ្សែទឹកនោះទេ។ ការខកខានណាមួយក្នុងការពិចារណានេះ នឹងបន្សល់ទុកឱ្យយើងនូវការអភិវឌ្ឍន៍ដែលនាំផលប្រយោជន៍ឱ្យមនុស្សមួយក្តាប់តូចតែប៉ុណ្ណោះ ជាមួយនឹងការខាតបង់ដែលប្រជាជន ភាគច្រើនជាអ្នករាប់រង។ ហើយស្ថានភាពបែបនេះ គឺជាតម្លៃមួយខ្ពស់ក្រៃលែងសម្រាប់សហគមន៍មូលដ្ឋានជាអ្នកបង់ខាត។
សូមចុចតំណនេះ ដើម្បីអានអត្ថបទទាំងស្រុង