បញ្ហាខ្ញុំ ដំណោះស្រាយខ្ញុំ

my problem, my solution

តាមរយៈអង្គការដៃគូ អង្គការហ្វាពន្លឺសិល្បៈ អង្គការអុកស្វាម បានគាំទ្រក្រុមស្ត្រីចំនួន ១២រូប មកពីសហគមន៍ក្រីក្រ ឲ្យពួកគាត់ចេះប្រើប្រាស់សិល្បៈដើម្បីអប់រំ ចែករំលែកដល់ប្រជាជនងាយរងគ្រោះក្នុងសហគមន៍ក្រីក្រ ក្នុងខេត្តបាត់ដំបង។

«ខ្ញុំ​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ក្រុម​ល្ខោននេះ​ដោយ​សារ​ថា​រឿង​នេះ​ជា​រឿង​ជីវិត​របស់​ខ្ញុំ ហើយ​វា​ឆ្លុះ​បញ្ចាំង​ពីបញ្ហា​ដែល​ខ្ញុំ​កំពុង​តែជួបប្រទះ។

ព្រឹត្តិបត្រភាសាខ្មែរ

តាម​រយៈ​អង្គការ​ហ្វារពន្លឺសិល្បៈ អុកស្វាមបានគាំទ្រដល់​ស្ត្រី​១២​នាក់​​នៅ​ក្នុង​សហគមន៍​ក្រី​ក្រ ដោយ​ជួយ​ពួកគាត់​ឱ្យ​ចេះ​ប្រើ​សិល្បៈ​នៃការ​សម្តែង​ដើម្បី​លើក​កម្ពស់​ការ​រួម​បញ្ចូលជន​ងាយ​រង​គ្រោះ​បំផុត​ដែល​រស់​នៅតាម​តំបន់​ក្រីក្រ​តោក​យ៉ាក​ក្នុង​ខេត្ត​បាត់​ដំបង។

គ្រឿងញៀន ល្បែងស៊ីសង អំពើ​ហិង្សា​ក្នុង​គ្រួសារ … ការ​សម្តែង​ក្រោម​ចំណង​ជើងថា «បញ្ហា​របស់​ខ្ញុំ ដំណោះ​ស្រាយ​របស់​ខ្ញុំ» ដោយ​ក្រុម​ល្ខោន​ខេត្ត​បាត់​ដំបង ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ទូទៅ​ដែល​សហគមន៍​របស់​ស្ត្រី​ទាំង​១២​រូប​ជួ​បប្រទះ។

លោក ឈិត ចាន់​ភារៈ ប្រធានគម្រោង និងជាសិល្បៈករល្ខោននៃ​អង្គការ​ហ្វារពន្លឺសិល្បៈ មាន​ប្រសាសន៍ថា៖ «មុន​នឹង​ចូលរួម​ក្នុង​គម្រោងនេះ ស្ត្រី​ទាំងនេះស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ជាង​គេ​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន។ ពួកគាត់​អត់​មាន​ការ​ងារធ្វើ ហើយ​ត្រូវ​ដើរ​សុំ​ទាន​រាល់​ថ្ងៃ​ដើម្បីរស់។ យើង​បាន​ពិភាក្សា​ជាមួយ​គាត់ ហើយ​បណ្តុះ​បណ្តាល​គាត់​ឱ្យ​ប្រើ​​ល្ខោន​ជា​ឧបករណ៍មួយ​ដើម្បីកសាង​ភាព​ជឿជាក់​ក្នុង​ខ្លួន និង​បញ្ចេញ​មតិ។ ឥឡូវនេះ​ពួកគាត់​លែង​ខ្លាច​នឹង​និយាយ​ឱ្យ​ដឹង​អំពី​បញ្ហា​របស់​ខ្លួន​ទៀត​ហើយ។ តាម​ការ​និយាយ​ចេញមកក្រៅ និង​តាម​ការ​ឈ្វេង​យល់​អំពី​បញ្ហា​របស់​ខ្លួន ពួកគាត់​ដឹង​ខ្លួន​ថា​មាន​លទ្ធភាព​ស្វែង​រក​ដំណោះស្រាយ​​សម្រាប់​ឆ្លើយ​តប​ទៅនឹង​បញ្ហា​ទាំងនោះ។»

ម៉ុម​មាន​អាយុ ២៩​ឆ្នាំ ហើយ​កំពុង​មាន​ផ្ទៃពោះ​ជាមួ​យកូន​ទីបួន​របស់​នាង។ នាង​និយាយ​ថា៖ «ឆាក​ល្បែងស៊ីសង​នេះ​គឺ​ផ្អែកនៅលើ​រឿង​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ធ្លាប់​ជា​អ្នក​លេង​ល្បែង ហើយ​ប្តី​ខ្ញុំ​ធ្លាប់​ជា​ជន​ប្រមឹក។ យើង​អត់​មាន​​មុខ​របរ​ទេ ហើយ​តែង​តែ​បញ្ជូន​កូនរបស់​យើង​ឱ្យ​ទៅ​សុំទាន​តាម​ផ្លូវ។ ក្រោយ​មក​ខ្ញុំ​ចូល​រួម​ជា​មួយ​ក្រុម​ល្ខោន​បាត់​ដំបង សឹង​ថា​ដោយ​ចៃដន្យ​ទេ ហើយ​ពេលនេះ​ខ្ញុំ​ពិត​ជា​រីក​រាយ​ក្នុង​ការ​សម្តែង​ណាស់។ ខ្ញុំ​មាន​ភាព​ជឿ​ជាក់​ក្នុង​ខ្លួន​ជាង​មុន។ » ម៉ុម និង​ប្តី​របស់​នាង ពេល​នេះ​មាន​ការងារ​ធ្វើ​ខ្លះ​ហើយៗ​ក៏​ឈប់​បញ្ជូន​កូន​ឱ្យ​សុំ​ទាន​តាម​ផ្លូវ​ទៀតដែរ។ «ក្នុង​នាម​ជា​ឪពុកម្តាយ យើង​ទាំងពីរនាក់​មាន​អារម្មណ៍​ថា​មាន​ការ​ទទួល​ខុសត្រូវ​ជាងមុន​ក្នុង​ការ​ឧបត្ថម្ភ​ដល់​គ្រួសារ។ វា​ជួយ​ឱ្យ​យើង​គិត​អំពី​បញ្ហា​របស់​យើង និង​ធ្វើ​ឱ្យ​យើង​ចះ​អៀនខ្មាស​អំពីអាកប្បកិរិយា​របស់​យើង។»

កម្មវិធី Voice មាន​គោលដៅជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ និង​លើកកម្ពស់ជីវភាព​របស់​ក្រុម​ពល​រដ្ឋ​ដែល​ត្រូវ​បាន​គេ​មើល​រំលង​ និង​រង​ការ​រើស​អើង​ជាង​គេ តាម​រយៈការ​ប្រើ​គំនិត​បែបច្នៃប្រឌិត។ ក្រុមល្ខោនក្រៅ​​ផ្លូវ​ការ​មក​ពីខេត្ត​បាត់​ដំបងនេះ​ ​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​នោះដែរ។ នៅ​ពេល​ណា​គេ​សម្តែង​នៅ​តាម​សហគមន៍ ទស្សនិកជន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ឡើង​ឆាក​នៅ​ក្រោយ​ការ​សម្តែង ដើម្បីធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​ផ្ទាល់​ជាមួយ​អ្នក​សម្តែង។

សុផៃ ជានិស្សិត​សកលវិទ្យា​ល័យ​វិចិត្រ​សិល្បៈ ដែល​បាន​មក​ទស្សនា​ការ​សម្តែង​ល្ខោន​មួយនៅ​ភ្នំពេញ និយាយថា៖ «ការសម្តែងនេះ​ល្អណាស់​ពីព្រោះ​វា​បាបង្ហាញ​អំពី​បញ្ហា​ជាក់​ស្តែង​ដែល​កំពុង​តែកើតឡើងពេលនេះ ហើយ​វា​អាច​ជួយ​ប្រជាជន​ឱ្យ​ស្វែង​រក​ដំណោះស្រាយ។ ខ្ញុំ​ចង់​ជួយ​ដល់​ការ​សម្តែង​ប្រភេទនេះ ហើយ​ខ្ញុំ​ចាប់​អារម្មណ៍​ជា​ពិសេស​ចំពោះ​ក្រុមគោលដៅ​ដែល​មក​ពី​តាម​ខេត្ត។»

តាម​រយៈគម្រោងនេះ ស្ត្រី​ក៏​ទទួល​បាន​ផង​ដែរ​នូវ​ជំនាញ​កសិកម្ម​សម្រាប់​ប្រើ​រក​ចំណូល​បន្ថែម។ ម៉ាប់ ដែល​មាន​អាយុ​៤៤​ឆ្នាំ និង​ជា​ម្តាយ​មាន​កូន​ប្រាំនាក់ ជា​ជន​រងគ្រោះ​ម្នាក់​ដោយ​សារ​អំពោះ​ហិង្សា​ក្នុង​គ្រួសារ។ គាត់​មាន​ប្រសាសន៍ថា៖ «ខ្ញុំ​សម្រេច​ចិត្ត​ចូលរួម​ក្នុង​ក្រុម​ល្ខោននេះ​ដោយ​សារ​ថា​រឿង​នេះ​ជា​រឿង​ជីវិត​របស់​ខ្ញុំ ហើយ​វា​ឆ្លុះ​បញ្ចាំង​ពីបញ្ហា​ដែល​ខ្ញុំ​កំពុង​តែជួបប្រទះ។ ប្តី​របស់​ខ្ញុំ​ជា​អ្នក​រត់​ម៉ូតូឌុប ហើយ​គាត់​ពីមុន​តែង​តែ​ប្រើហិង្សា​ជា​និច្ច ហើយ​គាត់​មិន​ចង់​ឱ្យ​ខ្ញុំ​ទៅធ្វើ​ការ​នៅ​ក្រៅ​ផ្ទះទេ។ ដោយសារ​តែកម្មវិធីនេះ ខ្ញុំ​ចេះ​អំពីរបៀប​ដាំ​បន្លែ និង​ចិញ្ចឹម​មាន់​ដើម្បី​កែលម្អ​ការ​ចិញ្ចឹម​ជិវិត​របស់​ខ្ញុំ។»

បួនខែបាន​កន្លងទៅហើយ​បន្ទាប់​ពី​មូលនិធិ​គាំទ្រដល់​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ ប៉ុន្តែ​ស្ត្រី​ទាំង​១២រូប​នៅ​តែ​បន្ត​សម្តែង​នៅឡើយ។

ស្រី សុខា អ្នក​ឯកទេសភាព​ជា​ដៃគូ​និង​សម្រប​សម្រួល ​​គម្រោង Voice របស់​អុកស្វាម និយាយថា៖ «​នេះ​គឺ​ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើលមួយ ហើយ​ជា​រឿង​ជោគជ័យ​មួយ​ក្នុង​ចំណោម​រឿង​ជោគ​ជ័យ​ជា​ច្រើន​របស់​គម្រោង។ ស្ត្រី​ទាំងនោះ​និយាយ​ថា​ពួកគាត់​ចង់​បន្ត​ដាក់​ពាក្យ​សុំ​ជំនួយ​ជុំ​ទីពីរ​ពីកម្ម​វិធី Voice ដើម្បី​ឱ្យ​ពួក​គេ​អាច​បន្ត​ចូលរួមធ្វើ​កា​រពាក់​ព័ន្ធ​ជាមួយយើង និង​រៀន​ពីបទពិសោធន៍​ថ្មីថែម​ទៀត។ យើង​រីករាយ​ណាស់​ដោយ​បាន​ឃើញ​ពួកគាត់​មាន​លទ្ធ​ភាព​បន្ត​ដំណើរ​ទៅមុខ​បាន»។

ម៉ាប់ (ស្ត្រីដែលកំពុងឈរ) អាយុ៤៤ឆ្នាំ មានកូន៥នាក់ ។ រូបភា៖ អុកស្វាម