ខ្ញុំគិតថាអ្នកគ្រប់គ្នាប្រាកដជាធ្លាប់ឮពាក្យមួយឃ្លាថា “អតិថិជនគឺជាស្តេច” ។
នេះគឺជាគន្លឹះក្នុងការធ្វើអាជីវកម្មមួយដ៏សំខាន់។ តើមុខជំនួញមួយអាចដំណើរការទៅមុខបានយូរប៉ុណ្ណា ប្រសិនបើមិនអាចផ្គត់ផ្គង់អ្វីដែលអតិថិជនចង់បាននោះ?
គ្រប់អាជីវកម្មទំាងអស់ត្រូវតែស្តាប់តាមអតិថិជនរបស់ខ្លួន ហេតុនេះហើយ អតិថិជនមានឥទ្ធិពលលើសពីអ្វីដែលពួកគេដឹង។
អតិថិជនអាចតម្រង់ទីផ្សារបច្ចុប្បន្នឱ្យកាន់តែមាននិរន្តរភាព និងប្រកបដោយការពិចារណាវែងឆ្ងាយ។ ក្នុងពេលជាមួយគ្នានេះ ពួកគេក៏អាចធ្វើឱ្យអាជីវកម្មមានភាពច្នៃប្រឌិតថ្មីផងដែរ។
កន្លងមកយើងបានឃើញការបង្កើតថ្មីទាក់ទងនឹងរឿងនេះជាច្រើនដូចជា ការកើនឡើងនៃអាជីវកម្មបៃតង ឬអាជីវកម្មដែលមិនប៉ះពាល់បរិស្ថាន។ ទាំងនេះឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីបម្រែបម្រួលអាកាសធាតុ និងការបំពុលនៃសារធាតុប្លាស្ទិកមកលើដែនដី និងសមុទ្រ។
ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញពីឥទ្វិពលអវិជ្ជមាន ដែលអាជីវកម្មអចិរភាពមានលើមនុស្ស និងសត្វ។ យើងមិនត្រូវការសារព័ត៌មានមកប្រាប់យើងបន្ថែមទៀតនោះទេថាសត្វបក្សី មច្ឆា និងជីវិតជាច្រើនទៀតក្នុងសមុទ្រកំពុងទទួលរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ ឬទាក់ជាប់ក្នុងវត្ថុប្លាស្ទិកនោះទេ។
ដូច្នេះ កុំភ្លេចថាអ្នកគឺជា “ស្តេច”។ អ្នកមានអំណាចទាមទារឱ្យសង្គម និងបរិស្ថានមានលក្ខណៈប្រសើរជាងមុន។
ប្រើប្រាស់អំណាចរបស់អ្នកឥឡូវនេះ ដោយធ្វើការងារងាយៗចំនួនប្រាំខាងក្រោម៖
- ស្វែងយល់ពីបញ្ហាប្រឈមរបស់សង្គម ឬបរិស្ថាន
- សិក្សាអំពីទំនិញមុនពេលទិញ
- គាំទ្រអាជីវកម្មដែលប្រកបរបរដោយសីលធម៌ និងមិនប៉ះពាល់ដល់បរិស្ថាន ឬអាជីវកម្មទាំងឡាយណាដែល កំពុងតែងាកទៅរកទំនោរនេះ។
- កុំខ្លាចក្រែងក្នុងការតវ៉ាក្នុងនាមជាអតិថិជន! ក្នុងនាមជា “អតិថិជន”» មានន័យថាអ្នកមានសម្លេង។ កាលណាអ្នកប្រើប្រាស់សម្លេងអ្នកកាន់តែច្រើន នោះអ្នកនឹងជម្រុញឱ្យអ្នកផ្សេងទៀតចូលរួមផងដែរ!
- ការសរសេរសំបុត្រតែមួយសន្លឹកមិនគ្រប់គ្រាន់នោះទេ។ សូមប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមផងដែរ!
លោកអ្នកអាចចុច Like Share ឬ Comment ផ្ទាល់ទៅកាន់ម្ចាស់អាជីវកម្មអំពីក្តីកង្វល់របស់អ្នក៕