ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន គឺជាចំណែកដ៏សំខាន់សម្រាប់ភាពជាដៃគូរវាងកម្ពុជា និងបែលហ្ស៊ិក។ ភាពជាដៃគូនេះ កើតឡើងជាមួយនឹងសសរគ្រឹះពីរ៖ ទីភ្នាក់ងារកិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍បែលហ្ស៊ិកដែលជាកម្មវិធីមួយដ៏ល្អ និងគួរឱ្យចាប់អារម្មណ៍ ជាមួយនឹងអាជ្ញាធរកម្ពុជា។ កម្មវិធីនេះមានទឹកប្រាក់ប្រមាណ ២០លានអឺរ៉ូសម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៧-២០២១។
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការបែលហ្ស៊ិកកំពុងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ដូចជា អង្គការអុកស្វាម អង្គការក្រៅរដ្ឋាភិបាលខ្មែរក្នុងស្រុក និងសាកលវិទ្យាល័យបែលហ្ស៊ិក។ ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន គឺជាផ្នែកមួយយ៉ាងសំខាន់សម្រាប់កម្មវិធីនេះ និងការងាររបស់អុកស្វាម។
ក្រុមហ៊ុនវិនិយោគបែលហ្ស៊ិកសម្រាប់ប្រទេសកំពុងអភិវឌ្ឍ
ក្រុមហ៊ុនវិនិយោគបែលហ្ស៊ិកសម្រាប់ប្រទេសកំពុងអភិវឌ្ឍ (BIO) គឺជាផ្នែកមួយទៀតនៃគោលនយោបាយអភិវឌ្ឍន៍របស់យើង។ BIO ផ្តល់ប្រាក់កម្ចី និងវិនិយោគដោយផ្ទាល់ដល់អាជីវកម្មដែលកំពុងឈានចូលដំណាក់កាលទី២ នៃការអភិវឌ្ឍគម្រោងរបស់ខ្លួន។ អាជីវកម្មទាំងនោះ មានទំហំធំពេកក្នុងការចរចាស្វែងរកកម្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយវាមានទំហំតូចពេកក្នុងការចរចាផ្ទាល់ជាមួយ ធនាគារក្នុងស្រុក។ ថ្មីៗនេះ យើងកំពុងជួយដល់ក្រុមហ៊ុនក្នុងស្រុកជាច្រើនដែលធ្វើការលើវិស័យថែទាំសុខភាព និងផលិតទឹកដោះគោដែលមានគុណភាព។ ”ការទទួលខុសត្រូវ និងបរិយាប័ន្ន” ក្នុងអាជីវកម្មឯកជននីមួយៗក្នុងប្រទេសកម្ពុជា គឺជាកត្តាសំខាន់ក្នុងការសម្រេចថាតើអាជីវកម្មមួយណានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។
ចុងក្រោយនេះ ខ្ញុំចង់គូសបញ្ជាក់ថាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន គឺជាកាតព្វកិច្ចរួមមួយ។ នេះមានន័យថា រដ្ឋាភិបាលបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជីវករ ពលរដ្ឋ សហជីព និងសង្គមស៊ីវិល គួរតែចូលរួមចំណែកក្នុងការអភិវឌ្ឍនេះជាមួយគ្នា។
ថ្មីៗនេះ យើងមានការស្វែងយល់ជាក់ស្តែងដែលគួរឱ្យចាប់អារម្មណ៍មួយ គឺអំណាចរបស់អ្នកប្រើប្រាស់ក្នុងការជម្រុញធុរកិច្ចឲ្យប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន។ កាលពីខែមករាកន្លងទៅ គណៈកម្មការធិការអឺរ៉ុបបានដក “កាតលឿង” ក្នុងវិស័យឧស្សាហកម្មនេសាទពីប្រទេសថៃ ដោយសារ “ការអនុវត្តនេសាទខុសច្បាប់ មិនមានរបាយការណ៍ និងអនុវត្តក្រៅច្បាប់“។ ៩០%នៃអ្នកនេសាទ ដែលមានចំនួនប្រមាណ ៦០.០០០នាក់ គឺជាពលករចំណាកស្រុកមកពីប្រទេសភូមា និងកម្ពុជា។ ការនេសាទ គឺជាមុខរបរមួយ ក្នុងចំណោមការងារដែលលំបាក និងគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ពលករជាច្រើន ត្រូវបានកេងប្រវ័ញ្ច និងធ្វើបាបយ៉ាងធ្ងន់ធ្ងរនៅតាមឆ្នេរក្នុងតំបន់នេះ។
ហេតុអ្វីបានជាក្រុមហ៊ុននេសាទថៃផ្លាស់ប្ដូរទម្លាប់ប្រកបរបររបស់ខ្លួន? ក្រៅពីអង្គការសហប្រជាជាតិ សម្ពាធដើម្បីស្ថាបនាពីអ្នកសារព័ត៌មានឯករាជ្យ និងសង្គមស៊ីវិលនៅប្រទេសថៃ និងកន្លែងផ្សេងទៀត និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃ ខ្ញុំជឿជាក់ថា ឥរិយាបថរបស់អ្នកទិញគ្រឿងសមុទ្រថៃនៅទូទាំងពិភពលោក ក៏មានឥទ្ធិពលយ៉ាងខ្លាំងក្លា ក្នុងការបញ្ចុះបញ្ចូលក្រុមហ៊ុនពាក់ព័ន្ធឱ្យផ្លាស់ប្តូរយុទ្ធសាស្ត្រប្រកបអាជីវកម្មរបស់ពួកគេ ដើម្បីឲ្យប្រែក្លាយជាក្រុមហ៊ុន ដែលមានការទទួលខុសត្រូវ និងបរិយាប័ន្នល្អប្រសើរជាងមុន ព្រោះតួអង្គធំជាងគេនៅក្នុងឧស្សាហកម្មនេសាទថៃ គឺមកពីទីផ្សារអ៊ឺរ៉ុប ដែលផ្តល់ប្រាក់ចំណូលរហូតដល់ ៣០%៕