ទស្សនវិស័យ៖ ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

Back to Pineeh Pinooh#4

ក្រសួងពាណិជ្ជកម្ម​មានតួនាទី​ក្នុងការ​ស្វែងរក​ទីផ្សារ​ទាំងក្នុង​ប្រទេស និងក្រៅ​ប្រទេស សម្រាប់​អាជីវករ និង​ធុរជន ដែល​កំពុងប្រកបអាជីរកម្ម និងវិនិយោគ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ កន្លង​មក​កម្ពុជា​បានធ្វើ​សមាហរណកម្ម​នៅក្នុង​សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ច​សាកល ដូចជា​ការចូល​ជា​សមាជិក​អាស៊ាន​ក្នុងឆ្នាំ ១៩៩៩ និងពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ ២០០៤។ ការ​ចាប់ដៃគូ​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុងតំបន់ និងក្រៅតំបន់​ដូចជា​ប្រទេសចិន និងសហភាពអឺរ៉ុប ជាការប្រឹងប្រែង​ដើម្បី​ពង្រីក​ទីផ្សារ និងពង្រឹងធុរកិច្ច​ប្រកបដោយ​ការទទួល​ខុសត្រូវ។

សម្រាប់​ក្រសួងពាណិជ្ជកម្ម ធុរកិច្ចប្រកប​ដោយការ​ទទួលខុស​ត្រូវនេះផ្តោតលើ៖

ចំណុចទី១​​ ការពង្រឹង​ផលិតភាព ផលិតកម្ម និងសម្រួល​ធុរកិច្ច ដើម្បីពង្រឹង​ការអនុវត្ត និងសមត្ថភាពប្រកួត​ប្រជែង​ធ្វើអាជីវកម្ម​ជាមួយ​ប្រទេស​ដទៃទៀត។ សេវាកម្ម​ទាំងអស់​ដូចជា​ការចេញ​វិញ្ញាបនប័ត្រប្រភពដើមទំនិញ ការចុះបញ្ជីម៉ាក ការចុះបញ្ជីក្រុមហ៊ុន និងការចេញរិញ្ញាប័ណ្ណ​ច្បាប់​ប្រភពដើម​ទំនិញ​ ត្រូវបាន​អនុវត្តតាម online ដើម្បី​សម្រួល​ដល់ការធ្វើការ​រវាង​ធុរជន និងក្រសួង។ ពាក់ព័ន្ធ​ចំនុចនេះក្រសួង​ក៏បានរៀបចំ​ច្បាប់​ជាច្រើន ដូចជា​ច្បាប់ការពារ​អ្នក​ប្រើប្រាស់ ច្បាប់​ប្រកួត​ប្រជែង ច្បាប់ពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ។ល។

ចំណុចទី២ គឺក្រសួង​បានចូលរួម​ជាមួយ “គម្រោងរោងចក្រកាន់តែប្រសើរ” តាំងពីឆ្នាំ ២០០០ ដោយផ្តោត​ទៅ​លើ​កម្មកររោងចក្រកាត់ដេរ​ដែល​ជា​និយោជិក។ ក្នុងគម្រោងនេះ ក្រសួងពាណិជ្ជកម្ម​ ដើរតួនាទី​យ៉ាង​សំខាន់​ដើម្បី​ជម្រុញ​ឲ្យ​បរិយាកាស​ក្នុង​រោងចក្រ​កាត់ដេរ​កាន់តែ​ប្រសើរ​ឡើង ដោយ​ផ្សារ​ភ្ជាប់កម្មវិធីនេះ​ជាមួយ​ទីផ្សារ ដែល​កន្លង​មកទទួល​បាន​ភាពជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។

ចំណុចទី៣ គឺការរៀបចំ​អនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (Accelerated Inclusive Market Access for Small holders (AIMS)) ជម្រុញ​ឲ្យមាន​ទីផ្សារសម្រាប់​កសិករ​ខ្នាតតូច ដូចជា​ការយកចិត្តទុកដាក់​ពង្រឹង​ខ្សែសង្វាក់​តម្លៃ ដែល​បើក​ឳកាស​ឲ្យ​កសិករ និងសហគ្រិន​ខ្នាត​តូច​ជា​ស្ត្រី​អាច​ចូលរួម​ក្នុង​កម្មវិធី​នេះបាន ហើយ​ចាប់ទាញ​ដៃគូ​ផ្សេងៗទៀត​ដែល​មានបំណង​វិនិយោគ​លើ​ខ្សែសង្វាក់​តម្លៃ​ចូលរួម​ជាមួយ​គាត់ ដើម្បី​មាន​ឳកាស​ផ្សារភ្ជាប់​ផលិតកម្ម​ទៅ​នឹង​ទីផ្សារ។ គម្រោងនេះ ទទួល​បានជោគជ័យ​គួរឲ្យកត់​សម្គាល់ ដោយ​ទទួល​បានការ​វាយតម្លៃ​ពិន្ទុ ៤ ក្នុងចំណោម​ពិន្ទុសរុប ៦។ ក្រសួង​កំពុង​បន្ត​អនុវត្ត​គម្រោងនេះ ហើយសង្ឃឹមថា​វា​នឹង​ផ្តល់​ផលប្រយោជន៍ដល់​កសិករខ្នាត​តូច និងមធ្យម​បាន​កាន់តែច្រើន​ថែមទៀត ជាមួយ​នឹងគោលដៅ “​កសិករម្នាក់ឲ្យក្លាយទៅជាពាណិជ្ជករម្នាក់”​ ។ ជាមួយគ្នានោះដែរ ក្រសួង​មាន​នាយកដ្ឋាន​អភិវឌ្ឍន៍វិ​ស័យឯកជន​មួយ ដើម្បីបណ្តុះបណ្តាល​សហគ្រិនភាព ដែល​ចង​ក្រងសម្ព័ន្ធ​អាជីវកម្ម និងធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​សភាពាណិជ្ជកម្មកម្ពុជា ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​ការងារ​សហគ្រិនភាព និងការរកស៊ី​របស់​វិស័យ​ឯកជន ប្រព្រិត្ត​ទៅល្អ​ប្រសើរ។