ទស្សនវិស័យ៖ ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាបន្ន លោក អៀង សុធារ៉ា ស្ថាបនិក ក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរ

Back to Pineeh Pinooh#4

ដើម្បី​អាច​ហៅ​បាន​ថា​ជា​អាជីវកម្ម​ ឬ​ជំនួញ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ អាជីវករ​ អ្នក​ជំនួញ​ ទាំង​អស់​ត្រូវ​មាន​ការទទួលខុសត្រូវ​ធំ​ៗ​ពីរ​គឺ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភព​ផែន​ដី​។

ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មនុស្ស​ គឺ​ត្រូវ​ធ្វើ​ជាមួយ​មនុស្ស​បី​ក្រុម​។ ក្រុម​ទី​១​ គឺ​ជា​បុគ្គលិក​ដែល​ បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ផ្ទាល់​តែ​ម្តង​។ ក្រុមហ៊ុន​នីមួយ​ៗ​ត្រូវ​គិត​គូរ​ដល់​សុខភាព​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ការ​បណ្តុះ​បណ្តាល​សមត្ថភាព​ ការ​អប់រំ​នូវ​គុណធម៌​ និង​សីលធម៌​ របស់​បុគ្គលិក​របស់​ខ្លួន​។

ក្រុម​ទី​២​ គឺ​ជា​ដៃ​គូ​រក​ស៊ី​​ ឬ​ក្រុមហ៊ុន​ដៃ​គូ​។ ការ​ទទួល​ខុស​ត្រូវ​ចំពោះ​តែ​ក្រុម​របស់​ខ្លួន​មិន​គ្រប់​គ្រាន់​នោះ​ទេ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ដៃ​គូ​រក​ស៊ី​ជាមួយ​គ្នា​ទៀត​ទើប​ល្អ​។

ក្រុម​ទី​៣​ គឺ​ជា​ប្រជាពលរដ្ឋ​ ឬ​ជា​ប្រជាជន​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​គោល​ដៅ​ ឬ​កន្លែង​ធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នោះ​។ ក្នុង​នាម​ជា​អ្នក​ជំនួញ​ យើង​ត្រូវ​ជួយ​បង្ក​លក្ខណៈ​ឱ្យ​ប្រជាជន​ ទទួល​បាន​នូវ​ផល​វិជ្ជមាន​​ពី​គម្រោង​អាជីវកម្ម​របស់​យើង​។

ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ភព​ផែនដី​ សំដៅ​ទៅ​លើ​ការ​ចូល​រួម​ថែ​រក្សា​ការពារ​ មិន​អោយ​​មាន​សារធាតុ​​ពុល​​ ឬ​សារជាតិ​កខ្វក់​ចូល​ទៅ​ប៉ះពាល់​ទៅ​ដល់​ទឹក​ ខ្យល់​ ដី​ និង​បរិយាកាស​ឡើយ​។ ការ​ទទួលខុស​ត្រូវ​បែប​នេះ​ ជួយ​ឱ្យ​មាន​ការរីក​ចម្រើន​ជា​លំដាប់​ ហើយ​ជួយ​ដល់​សង្គម​មនុស្ស​ទាំង​មូល​។

ចូរ​ចាំ​ថា​ អាជីវកម្ម​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​ និង​បរិយាប័ន្ន​ និង​ការ​ចែក​អំណោយ​ ទោះ​សុទ្ធ​តែ​ជា​រឿង​ដែល​ល្អ​ និង​គប្បី​ ប៉ុន្តែ​រឿង​ពីរ​នេះ​ គឺ​ជា​រឿង​ពីរ​ផ្សេង​គ្នា​។ ដូច្នេះ​ ខ្ញុំ​សូម​សំណូម​ពរ​ ឱ្យ​អាជីវករ​ និង​ស្ថាប័ន​ជំនួញ​ទាំង​អស់​ អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ការ​រក​ស៊ី​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ និង​បរិយាប័ន្ន​​ ហើយ​បើ​អាច​ឆ្លៀត​​ឱកាស​ធ្វើ​ការ​ចែក​អំណោយ​ទៀត​ គឺ​រឹត​តែ​ប្រសើរ​៕​