ក្តីស្រលាញ់ចម្រុះ

សេចក្តីស្រឡាញ់មិនស្គាល់​ព្រំដែន ឬ​យេនឌ័រទេ។ ខាងក្រោម​នេះ​ជា​រឿងខ្លះអំពីអ្នកស្រឡាញ់​គ្នាមួយចំនួនដែលអង្គការ CamASEAN ជា​ដៃគូមួយ​របស់​អង្គការ​អុកស្វាម បានចង​ក្រងជា​ឯកសារ។ ដៃគូ​ជាង​១០០គូ បានបើកទ្វារស្វាគមន៍ឱ្យ​មានការចូលជួប​ដើម្បី​កត់​ត្រា​សាច់​រឿងរបស់​ពួកគេ​សម្រាប់​យក​មក​រៀបចំធ្វើ​ពិព័រណ៌រូបថតមួយ ដើម្បីលើកកម្ពស់​ការ​យល់​ដឹង​អំពី​ការ​ស្រឡាញ់​ភេទដូចគ្នា និង​កាត់​បន្ថយ​ការរើសអើង។


ឈឹម ស៊ីមុំ និង ឈុន ម៉ុន
ស៊ីម៉ុម ធ្លាប់​ធ្វើ​ជា​អ្នក​បើកបរតាក់ស៊ីនៅពេលដែលគាត់ គ្រាមួយនោះ ស្រាប់តែ​បាក់ចិត្តស្លុង​ស្រឡាញ់ ឈុន ម៉ុន តែម្តង។ អស់​រយៈពេល ៣៧ឆ្នាំហើយ ​ដែល​អ្នក​ទាំងពីរ​បាន​រស់​នៅជាមួយគ្នា ដោយជួនកាល​ប្រកប​មុខ​របរ​ជា​កម្មករសំណង់ ជាកម្មកររោងចក្រ ជាកសិករ និង​ជាអ្នក​បើក​រ៉ឺម៉ក។ បច្ចុប្បន្ន អ្នក​ទាំងពីរបើកហាងលក់គ្រឿងទេសមួយនៅ​ក្នុង​ខេត្ត​តាកែវ ហើយ​ចិញ្ចឹម​កូន​ពីរនាក់។ កូនមួយ​ជាកូនស្រី​ដែល​ ឈុន ម៉ុន​ មាន​កាល​ពីចំណង​ស្នេហាពីមុន ហើយ​កូន​មួយ​ទៀត​ជា​កូនប្រុសដែល​អ្នក​ទាំងពីរសុំ​គេយក​មក​ចិញ្ចឹម។


ស៊ិង សុផាណា និង ផេង សាញ
សុផាណា និង សាញ​ ជួប​គ្នា​តាម​ហ្វេសប៊ុក ហើយ​ក្រោយ​មកកាន់តែស្គាល់​គ្នាខ្លាំងឡើងតាមរយៈការឆ្លើយឆ្លងសារគ្នា។ ពីរឆ្នាំក្រោយមក​ទៀត ​ពួកគេសម្រេចចិត្ត​ថា​ត្រូវ​ជួបមុខគ្នាផ្ទាល់ ហើយតាំងពីពេលនោះមកអ្វីៗទៀត​គ្រាន់​តែជារឿង​អតីតកាល​ប៉ុណ្ណោះ។ បច្ចុប្បន្ន សុផាណា ជាអ្នកឌីហ្សាញម៉ូត រីឯ សាញ ​ជា​សកម្មជនសិទ្ធិមនុស្ស ជាអ្នកលក់សំលៀកបំពាក់​សម្រាប់​អ្នកស្រលាញ់ភេទដូចគ្នា និង​ជា​បុគ្គលិកកិច្ចការ​សង្គមសម្រាប់​ក្រុមប្រឹក្សា​ឃុំដែរ។ ពួកគាត់​ទាំងពីរ​ចូលចិត្ត​ធ្វើដំណើរ និង​ចំណាយពេលនៅជាមួយគ្នាណាស់។


អ្នកស្រី ហួរ និង​ ជែកគី លី
ជែកគី និង​អ្នកស្រី ហួរ ជួបគ្នា​តាម​បណ្តាញផ្សព្វផ្សាយសង្គម ​រឿងរ៉ាវស្នេហា​របស់​ពួកគាត់ ​គឺ​ពិតជារឿងមួយ​ល្បីសុះសាយ​ទូទាំងសាកលលោក។ ជែកគី ធ្វើ​ការ​នៅ​ក្នុង​ហាង​ធ្វើនំមួយ​នៅ​សហរដ្ឋអាមេរិក ហើយអ្នកស្រី ហួរ ក្រោយ​មក​បាន​ទៅរួមរស់នៅជាមួយ​គាត់​ ក្រោយ​ពីអ្នក​ទាំង​ពីរ​បាន​រៀបការ​នៅ​ខែកុម្ភៈ ឆ្នាំ២០១៧។ ពួកគាត់​ធ្វើ​ពិធី​រៀបអាពាហ៍ពិពាហ៍ដល់​ទៅពីរដង គឺ​ម្តង​ជា​ពិធី​បែបប្រពៃណីនៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រោយ​មក​ពិធីផ្លូវការមួយទៀត​នៅសហរដ្ឋ​អាមេរិក។ រូបថតនេះ ​បង្ហាញពីគូស្នេហ៍ ​ក្នុង​ទឹកមុខ​រីក​រាយ​នៅ​ថ្ងៃមង្គលការ​តាម​បែបប្រពៃណី។ ពួកគាត់​រំភើបក្នុង​ចិត្ត​ខ្លាំងណាស់​ដោយ​មាន​វត្ត​មាន​របស់​ឪពុកម្តាយ ញាតិសន្តាន អ្នកជិតខាង និង​មិត្ត​មក​ពីទាំង​សង​ខាង​មក​ចូលរួម​ក្នុង​ពិធីអាពាហ៍ពិពាហ៍​របស់​ពួកគាត់។


 

ស៊ុន ឡូន និង ទៀង សុខហៀង
ស៊ុន ឡូន និង ទៀង សុខហៀង ដែល​ទាំងពីរនាក់​មាន​អាយុ​ជាង ៥០ឆ្នាំ ពួកគេបាន​រស់​នៅ​ជាមួយ​គ្នា​អស់រយៈពេល​ ៣១ឆ្នាំ​មកហើយនៅក្នុង​ភូមិស្ទង់ ខេត្ត​ត្បូងឃ្មុំ។ ពួកគាត់​លក់នំផ្អែម ដោយ​ដឹក​តាម​កង់​ លក់​តាម​ភូមិ​ ដើម្បី​លក់​ឱ្យ​បាន​ច្រើន។ នៅពេល​ដែល​ សុងហៀង ជួប ស៊ុន ឡូន ជា​លើកដំបូង នាង​មិន​សូវ​ទុក​ចិត្តគាត់​ទេ​ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​គាត់​ទៅ​សួរសុខទុក្ខ​នាងដល់​ផ្ទះដែរ។ ប៉ុន្តែ គុណសម្បត្តិ​របស់​ ស៊ុន ឡូន គឺនៅ​ត្រង់​ថា​គាត់​ពូកែអត់ធ្មត់ ហើយបន្តិច​ម្តងៗ គាត់​ក៏ទទួលបាន​ការ​ទុក​ចិត្ត​ពីសុខហៀង។


យឺន ធី និង​ ណាវី
យើន ធី មាន​អាយុ ៥៨ឆ្នាំ រីឯណាវី មាន​អាយុ ៦២ឆ្នាំ។ ទាំងពីរនាក់​បាន​​រស់​នៅជាមួយគ្នាអស់ពេល ២៦ឆ្នាំមកហើយ។ ធី ជា​អ្នក​បើកម៉ូតូឌុប ហើយ​ ណាវី លក់​សំលៀកបំពាក់។ ណាវី ធ្លាប់ធ្វើ​ការ​នៅ​កន្លែងមួយ​ទល់​មុខ​នឹង​ក្រុមហ៊ុនមួយ​ដែល​ ធី ធ្លាប់ធ្វើ​ការដែរ ហើយ​តាមរយៈនេះ​ហើយ​ទើប​អ្នក​ទាំងពីរ​ចាប់​ផ្តើម​ជួបគ្នា។ អ្នក​ទាំងពីរចិញ្ចឹមកូនបីនាក់ ដែល​ណាវី​មាន​ពីមុន។

 

យ៉ូកូ មាន និង យ៉ូកូ ហ្សាណា

ទោះហ្សាណារស់នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ មាន រស់​នៅ​សហរដ្ឋ​អាមេរិកក៏ដោយ ក៏គេទាំងពីរនាក់តែង​តែ​សាសងគ្នា​ជា​ទៀង​ទាត់​នៅលើហ្វេសប៊ុក។ ថ្ងៃមួយ មាន​ បាន​មក​លេង​ប្រទេសកម្ពុជា ហើយបានធ្វើឲ្យ​ ហ្សាណា មាន​ការភ្ញាក់​ផ្អើល មិនយូរប៉ុន្មានអ្នក​ទាំង​ពីរ​ក៏ណាត់​ជួបគ្នា​ចេញដើរលេងកសាង​ទំនាក់ទំនងស្នហា។ ម្តាយ​របស់​ ហ្សាណា មិន​សូវ​ជា​សប្បាយចិត្ត​ទេជាមួយ​ទំនាក់​ទំនងរវាង​អ្នកទាំងពីរនៅ​ក្នុង​រយៈពេលពីរឆ្នាំដំបូង ដូច្នេះ​ពួកគេ​ប្រឹង​តស៊ូជម្នះ​ខ្លាំងណាស់។ យ៉ាងណាក៏ដោយ សេចក្តីស្នេហារបស់គេនៅរស់​រាន​​មាន​ជីវិត ហើយពួកគេក៏នៅ​តែ​បន្ត​ណាត់​ជួប​សាសងគ្នា មិន​ថា​នៅឆ្ងាយពីគ្នា និង​មាន​ឧបសគ្គ​រារាំងឡើយ។ យ៉ូកូ មាន ធ្វើ​ការនៅ​អាកាសយានដ្ឋាន ហើយ​ ហ្សាណា កំពុង​រៀនដើម្បី​រក​ការងារធ្វើ​នៅ​សហរដ្ឋអាមេរិក ដែលអ្នក​ទាំងពីរកំពុងរស់នៅជាមួយគ្នា។ ហ្សាណា មានក្តីរំភើបក្រៃលែងដោយ​បាន​ភ្ជាប់​ពាក្យ​ ហើយ​រៀបការ​ជាមួយ​គូសំណព្វចិត្តរបស់​ខ្លួន!

យើង​សូមថ្លែងអំណរគុណជា​អនេកដល់គូស្នេហាទាំងអស់ ដែល​មានមោទនភាពឱ្យ​យើង​បាន​ថត​រូប និង​ចែករំលែក​រឿង​រ៉ាវ​​ដោយ​ឥតលាក់​លៀម។