ទស្សនៈ ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពីការអភិវឌ្ឍប្រទេសកម្ពុជានាពេលថ្មីៗនេះ

Excellency Say Samal, Minister of Ministry of Environment, Cambodia's latest development

តើឯកឧត្តមមានទស្សនៈយ៉ាងណាទៅលើការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្នុងរយៈកាលថ្មីៗនេះ?

ទន្ទឹម​នឹង​ការពេញចិត្ត​ចំពោះ​សមិទ្ធផល​ប្រវត្តិសាស្រ្ត​ដែល​កម្ពុជា​សម្រេច​បាន​កន្លងមក​ យើង​ចង់​ឃើញ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ចំណូល​ខ្ពស់​ ដែល​មាន​ភាព​រឹងមាំ​ មាន​មោទនភាព​ជាតិ​ និង​ជា​ប្រទេស​គំរូ​នៅ​ក្នុង​តំបន់​ នៅ​ក្នុង​រយៈពេល​៣០​ ទៅ​៤០​ឆ្នាំ​ខាង​មុខ​ទៀត​។​ យើង​មាន​មហិច្ចតា​ខ្ពស់​ទៅ​លើ​កម្ពុជា​នា​ពេល​អនាគត​។

ការពិតណាស់​ យើង​ឃើញ​ថា​ ទាំង​ប្រជាជន​កម្ពុជា​ក៏​ដូចជា​រាជ​រដ្ឋាភិបាល​ចង់​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ដើម្បី​អភិវឌ្ឍ​កម្ពុជា​បាន​ យើង​មិន​អាច​មើល​រំលង​ ឬ​ចោល​ផ្នែក​ណា​មួយ​ឡើយ​នៅ​ក្នុង​សង្គម​។ យើង​ត្រូ​វតែ​ឆ្ពោះ​ជំហាន​ទៅ​មុខ​ទាំង​អស់​គ្នា​។ បើ​យើង​ក្រឡេក​មើល​ទៅ​កំណើន​សេដ្ឋកិច្ច​ ក្នុង​រយៈពេល​ជាង​២​ទស្សវត្ស​កន្លង​មក​ ដែល​ចាប់​តាំង​ពី​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញ​លេញ​ក្នុង​ឆ្នាំ​១៩៩៨​ និង​បន្ទាប់​ពី​យើង​បាន​អនុវត្ត​គោល​នយោបាយ​ឈ្នះ​ ឈ្នះ​ សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង​ក្នុង​រង្វង់​៧​ភាគរយ​ ក្នុង​មួយ​ឆ្នាំ​។ យើង​មើល​ឃើញ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ជាច្រើន​នៅ​ក្នុង​សង្គម​យើង​។ ប្រជាជន​ក្នុង​កម្រិត​មធ្យម​មាន​ចំនួន​កើន​ឡើង​ច្រើន​ បើ​ប្រៀប​នឹង​ពី​មុន​។

យើង​អាច​មើល​ឃើញ​តាម​រយៈ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ដែល​បាន​ចាប់​ផ្តើម​គោល​នយោបាយ​ សាលា​ជំនាន់​ថ្មី​។ នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​អំពី​បំណង​ និង​មហិច្ចតា​ របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​កែប្រែ​ និង​ត្រៀម​ប្រជាជន​កម្ពុជា​ ដើម្បី​ទៅ​ប្រកួត​ប្រជែង​ជាមួយ​ប្រជាជន​ទាំង​ថ្នាក់​តំបន់​ និង​នៅ​លើ​ឆាក​អន្តរជាតិ​។ ដូច្នេះ​ យើង​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង​ ដោយ​យើង​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ ដែល​មិនមែន​ជា​ការ​អភិវឌ្ឍ​មាន​អ្នក​ឈ្នះ​ មាន​អ្នក​ចាញ់​នោះ​ទេ​។ ​

តើការអភិវឌ្ឍនេះមានន័យដូចម្តេចចំពោះឯកឧត្តម និងក្រសួងបរិស្ថាន?

នៅ​ក្នុង​ក្រសួង​បរិស្ថាន​ យើង​មាន​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ច្បាស់លាស់​។ រាល់​គម្រោង​អភិវឌ្ឍ​ទាំង​អស់​ យើង​ត្រូវតែ​ធ្វើការ​វាយ​តម្លៃ​ ថា​តើ​គម្រោង​វិនិយោគ​ទាំង​នោះ​មាន​ផល​ប៉ះពាល់​ដល់​សង្គម​ បរិស្ថាន​ វប្បធម៌​ និង​សេដ្ឋកិច្ច​យ៉ាង​ណា​។ ដូច្នេះ​រាល់​ការ​អភិវឌ្ឍ​របស់​យើង​ ក៏​យើង​បាន​ធ្វើការ​គិតគូរ​ពិចារណា​ផង​ដែរ​។ យើង​បាន​ធ្វើការ​សិក្សា​ថា​ ការ​អភិវឌ្ឍ​ណា​ដែល​ត្រូវ​ជាមួយ​នឹង​គម្រោង​អភិវឌ្ឍ​យុទ្ធសាស្រ្ត​ ក៏​ដូចជា​សេដ្ឋកិច្ច​ ដែល​យើង​អាច​ធ្វើ​បាន​។

យើង​ក៏​សិក្សា​ដែរ​ថា​ គម្រោង​ណា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វប្បធម៌​ ប្រជាជន​ ដែល​យើង​អាច​ធ្វើការ​អភិវឌ្ឍ​ ក៏​ដូចជា​ ចូល​រួម​ក្នុង​ការអភិវឌ្ឍ​ពិភពលោក​ផង​ដែរ​។ ជា​ឧទាហរណ៍​ នៅ​ក្នុង​ក្រសួង​បរិស្ថាន​ យើង​មាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ក្រុម​ប្រឹក្សា​នេះ​ មាន​គោលដៅ​ចំបង​ឆ្លើយតប​ដល់​គោលការណ៍​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ របស់​អង្គការ​សហ​ប្រជា​ជាតិ​ផង​ដែរ​។

ខ្ញុំ​ជឿជាក់​ថា​ កម្ពុជា​នឹង​មាន​អនាគត​ដ៏​ល្អ​មួយ​ ពីព្រោះ​អ្វី​ដែល​យើង​បាន​ធ្វើ​ គឺ​យើង​បាន​ចាក់​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ដើម្បី​បន្ត​។ ហើយ​អនាគត​កម្ពុជា​ គឺ​ពឹង​ទាំង​ស្រុង​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ​របស់​យើង។

ខ្ញុំ​គិត​ថា​ នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ខាង​មុខ​ទៀត​ យើង​នឹង​ឈាន​ដល់​យុគសម័យ​មាស​មួយ​ ដោយ​សារ​ប្រជាជន​ទទួល​បាន​ការ​អប់រំ​ខ្ពស់​ជាង​មុន​។ ពួកគេ​ទទួល​បាន​ចំណេះដឹង​ទូលំទូលាយ​ជាង​មុន​ ហើយ​ពួកគេ​អាច​បំលែង​ចំណេះ​ទាំង​នោះ​ទៅ​ជា​ធុរកិច្ច។ ដូច្នេះ​ខ្ញុំ​មើល​ឃើញ​ថា​ កម្ពុជា​នឹង​អាច​ដើរ​លឿន​ជាង​មុន៕