ស៊ីណាត៖ យល់ដឹងអំពីសិទ្ធិ ដើម្បីធានាសុវត្ថិភាព

ព្រឹត្តិបត្រភាសាខ្មែរ

ឮ«មាន​ម្តងនោះ ភ្ញៀវ​ម្នាក់​បង្ខំ​ឱ្យ​ខ្ញុំ​ផឹក​ស្រាបៀរមួយដប​ឱ្យ​អស់។ បើ​ទោះ​ជា​គាត់​មិន​គំរាម​ផ្ទាល់​មកលើ​រូប​ខ្ញុំមែន ប៉ុន្តែ​ខ្ញុំ​អាច​មើល​ឃើញ​ថា​គាត់​មាន​កាំភ្លើង។ ខ្ញុំ​គ្មាន​ជម្រើស​ទេ​ក្រៅ​តែ​ពី​បង្ខំ​ខ្លួន​ខ្ញុំ​ឱ្យ​ផឹក​អស់​មួយ​ដប។» នេះជាសម្តី នាង​ ស៊ីណាត​ ជាអ្នកធ្វើការនៅហាងលក់ស្រាបៀ។

ស៊ីណាត​ និយាយ​ថា៖ «ភ្ញៀវ​ខ្លះ​ទៀត​រអ៊ូរ​ថា រូប​ខ្ញុំ​មាន​វ័យ​ចាស់​បន្តិច​ហើយ​សម្រាប់​ការ​ងារ​នេះ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ទៅពួកគេវិញថា បើមិន​ឱ្យ​ខ្ញុំ​ធ្វើ​ការ​ហ្នឹង​ តើ​មានអ្វី​ផ្សេង​ដែល​ខ្ញុំ​អាច​ធ្វើ​បាន?» នាងអរគុណចំពោះក្រុមហ៊ុនស្រាបៀដែលនាងធ្វើការ ពីព្រោះ​វា​មាន​ន័យ​ថានាង​មិន​បាច់​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ។ យ៉ាង​ណាក្តី ក្រៅពីប្រាក់​កម្រៃតិច ​ហើយបរិយាកាសការងារសម្បូរ​ដោយ​​ការ​បំពាន ​សុរា និង​គ្រឿងញៀននៅ​ជុំវិញ​កន្លែង​ធ្វើ​ការ​របស់​នាង គឺ​ជា​កង្វល់​មួយ​ដល់​គ្រួសារ​នាង​ដែរ។ ស៊ីណាត​ និយាយទៀត​ថា៖ «ប្រាក់​ខែ​របស់​ខ្ញុំ​គ្រាន់​តែ​មួយ​គ្រប់​សម្រាប់​ថ្លៃជួល​ផ្ទះ និង​អង្ករ​មួយ​បាវ​ប៉ុណ្ណោះ។» គ្រួសារ​ទាំង​មូល​ពឹង​ផ្អែក​លើ​ចំណូល​របស់​ប្តី​ដែល​ជា​អ្នក​រត់​ម៉ូតូឌុប និង​ប្រាក់​ចំណេញ​បន្តិច​បន្តួច​ដែល​គ្រួសារ​របស់​នាង​បាន​ពី​ការ​លក់​ស្រា​ស​នៅ​ភូមិ​កំណើត​ក្នុង​ខេត្ត​ស្វាយ​រៀង។ ​ ស៊ីណាត​ មក​ធ្វើ​ការ​នៅភ្នំពេញ​នៅ​ឆ្នាំ​១៩៩៦។

ស៊ីណាត​ ជា​សមាជិក​មួយ​រូប​របស់​សហព័ន្ធ​កម្មករ​ផលិត​អាហារ​និង​សេវា​កម្ពុជា (CFSWF)។ នាង​បាន​ពន្យល់ថា​ សហព័ន្ធ​នេះ​បាន​ជួយ​នាង​ដូច​ជា ឱ្យ​បាន​យល់​អំពី​សិទ្ធិ​របស់​នាង និង​អំពី​របៀប​ការ​ពារ​សិទ្ធិ​ទាំង​នោះ។ សមាជិក​របស់​សហព័ន្ធ​នេះ​ជួបជុំគ្នា​ជា​ទៀង​ទាត់​ដើម្បី​ពិភាក្សា​បញ្ហា​ជា​ច្រើន។ សហព័ន្ធ​នេះ ​ក៏​ឧបត្ថម្ភ​ឱ្យ​មាន​ថ្នាក់​បង្រៀន​ភាសាខ្មែរប្រចាំ​សប្តាហ៍​ដែរ​ដល់​កម្មករ និង​កូនៗ ​របស់​គេ ដើម្បី​បង្កើន​ជំនាញ​ភាសា​និយាយ​ និង​ការសរសេរ ក៏​ដូច​ជា​បង្កើន​ភាព​ជឿ​ជាក់​ក្នុង​ខ្លួន​ដែរ។ ស៊ីណាត​ និយាយថា៖ «វា​ជា​រឿង​ប្រសើរ​ណាស់​ប្រសិន​បើ​មនុស្ស​គ្រប់គ្នាផ្តល់​តម្លៃ​ឱ្យ​ខ្ពស់​បន្តិច​មក​លើ​ខ្ញុំ​ និង​ការ​ងារ​របស់​ខ្ញុំ។» ស៊ីណាត សង្ឃឹម​ថា​ តាម​រយៈ​ការ​ងារ​របស់ CFSWF វប្ប​ធម៌​នៅ​ជុំវិញ​នារីលក់​ស្រា​បៀរ និង​តម្លៃ​ដែល​ពួកគាត់​ទទួល​បាន​នៅ​ក្នុង​សង្គម នឹង​មាន​ការ​កែលម្អ​ឱ្យ​ប្រសើរ​ជាង​មុន។