នៅក្នុងប្រទេសកម្ពុជា ប្រជាជនជាងពាក់កណ្តាល គឺជាអ្នកសកម្មនៅក្នុងសេដ្ឋកិច្ច ដែលមានអាយុពី ១៥ ដល់ ៤៩ឆ្នាំ។ ប្រជាជនវ័យក្មេងជាសក្តានុពល និងធនធានដ៏សំខាន់ក្នុងការជម្រុញ ឲ្យមានការផ្លាស់ប្តូរ គោលនយោបាយ និងអភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនឆ្នាំ២០១១ មានចក្ខុវិស័យច្បាស់លាស់ ក្នុងការអភិវឌ្ឍសមត្ថភាពយុវជន និងផ្តល់ឱកាសឲ្យពួកគេអភិវឌ្ឍសក្តានុពលនៅក្នុងវិស័យអប់រំ ធ្វើការងារប្រកបដោយភាពសមស្រប និងថ្លៃថ្នូរ មានសុខភាពល្អ មានការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ។ ការលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងគ្រប់វិស័យទាំងអស់នៅក្នុងសង្គម ដូចជាក្នុងដំណើរនៃការធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់កម្រិត អាចផ្តល់អត្ថប្រយោជន៍ដល់យុវជនផង និងរាជរដ្ឋាភិបាល ដែលជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តផង។ លើសពីនេះទៅទៀត ការចូលរួមរបស់យុវជន អាចពង្រឹងការយល់ដឹងរបស់ពួកគេចំពោះបញ្ហាពាក់ព័ន្ធនានា និងពង្រឹងស្មារតីនៃការទទួលខុសត្រូវចូលរួមដោះស្រាយបញ្ហាទាំងនោះ។
ជាកិច្ចគាំទ្រ និងរួមចំណែកក្នុងការអនុវត្តគោលនយោបាយនេះ អង្គការតម្លាភាពកម្ពុជា និងអង្គការអុកស្វាម បានរួមគ្នារៀបចំកិច្ចពិភាក្សាសម្រាប់ក្រុមយុវជនលើប្រធានបទផ្សេងៗដូចជា ចំណូលថវិកាជាតិ ជាដើម។
ចំណូលថវិកាជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសការវិនិយាគទៅលើកិច្ចអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ពលរដ្ឋគ្រប់រូប គួរមានការយល់ដឹង និងរួមចំណែក ដើម្បីបង្កើនចំណូលថវិកាជាតិ និងផ្តល់យោបល់លើការបែងចែក និងការប្រើប្រាស់ថវិកាជាតិឲ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីដោះស្រាយភាពក្រីក្រ និងវិសមភាពនៅក្នុងសង្គម។ ការវិនិយោគថវិកាជាតិ ត្រូវតែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមដែលងាយរងគ្រោះនៅក្នុងសង្គមរបស់យើង។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ ហើយដែលអង្គការតម្លាភាពកម្ពុជា និងអង្គការអុកស្វាមប្រចាំកម្ពុជា បានរៀបចំកម្មវិធីជជែកពិភាក្សានេះឡើង ដើម្បីបង្កើនសមត្ថភាពយុវជនក្នុងការប្រមូល និងវិភាគព័ត៌មាន និងសមត្ថភាពលើការបង្ហាញ និងពិភាក្សាជាសាធារណៈ។ ការចាប់អារម្មណ៍ចូលរួមច្រើនពីសំណាក់យុវជន ជាពិសេសយុវនារីជាច្រើន ក្នុងការបង្ហាញសមត្ថភាព និងភាពប៉ិនប្រសប់ក្នុងការជជែកពិភាក្សា គួរឲ្យកោតសរសើរ៕