ការប្រឈមរបស់មនុស្សវ័យចំណាស់នៅកម្ពុជា

Back to Pineeh Pinooh#4

ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ប្រជាសាស្រ្ត​​​ថ្មី​ គឺ​ការ​កើន​ឡើង​នូវ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​ ខណៈ​ពេល​ដែល​អត្រា​កំណើត​មាន​ការធ្លាក់​ចុះ​។ យោង​តាម​តួលេខ​បច្ចុប្បន្ន ​ប្រជាជន​វ័យ​ចំណាស់​នៅ​កម្ពុជា​មាន​ចំនួន​ប្រមាណ​១.៣​លាន​នាក់​ (ប្រហែល​៨%​ នៃ​ប្រជាជន​សរុប​)​។ ចំនួន​នេះ​ ត្រូវ​បាន​គេ​ព្យាករ​ថា​នឹង​កើន​ឡើង​ដល់​១១%​ នៅ​ឆ្នាំ​២០៣០​ និង​ប្រមាណ២១% ដែលមានចំនួន​៥​លាន​នាក់​ នៅ​ឆ្នាំ​២០៥០​។

ការ​កើន​ឡើង​នៃ​ប្រជាជន​វ័យ​ចំណាស់​ ឆ្លុះ​បញ្ចាំង​ពី​ភាពវិជ្ជមាន​នៃ​សុខុមាលភាព​សង្គម​ក្នុង​ប្រទេស​។ យ៉ាងណាមិញ​​ ការស្រាវជ្រាវ​ពី​មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា​ គឺ​មាន​តិច​តួច​ណាស់ ​​ដែល​នេះ​ជា​មូលហេតុ​​​ធ្វើ​ឱ្យ​អង្គការ​អុក​ស្វាម​ តាមរយៈគម្រោងវ៉យ សម្រេច​ចិត្ត​ផ្តល់​មូលិធិ​ដល់​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ​។

នៅ​ក្នុង​ឆ្នាំ​២០១៨​ កម្មវិធីវ៉យ​ តាម​រយៈ​អង្គការ​អុកស្វាម​នៅ​កម្ពុជា​ បាន​គាំទ្រ​អង្គការ​​មនុស្ស​​ចាស់​ ​កម្ពុជា​ ​និង​វិទ្យាស្ថាន​ជាតិ​នៃ​កិច្ចការ​សង្គម​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ពី​ “តម្រូវ​ការ​ និង​បញ្ហា​ប្រឈម​របស់​មនុស្ស​វ័យ​ចំណាស់​” ​។

ស្រី​ សុខា​ អ្នកសម្របសម្រួលគម្រោងវ៉យ ​នៃ​អង្គការ​អុកស្វាម​ និយាយ​ថា​ “ការស្រាវជ្រាវ​នេះ​ គឺដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ បញ្ហា​ប្រឈម​ និង​តម្រូវការ​របស់​មនុស្ស​វ័យ​ចំណាស់​ ជាពិសេស​ស្រ្តី​វ័យ​ចំណាស់​ និង​ស្រ្តី​​មាន​ពិការភាព​​។ ប្រទេស​កម្ពុជា​នៅ​ខ្វះ​ការ​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​មនុស្ស​វ័យ​ចំណាស់​ ជាពិសេស​លើ​ស្ថានភាព​ និង​បញ្ហា​ប្រឈម​របស់​ពួកគេ​ ដែល​ការ​សិក្សា​នេះ​​អាច​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការបង្កើត​​គោល​នយោបាយ​ឆ្លើយ​តប​នានា​។ ដូច្នេះ​កង្វះ​ព័ត៌មាន​នេះ​ អាច​នាំ​ឱ្យ​មាន​កង្វះ​ការយក​ចិត្ត​ទុក​ដាក់​ និង​ការ​គាំទ្រ​ដល់​មនុស្ស​​វ័យ​​ចំណាស់​​”​។

ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​៥​ ក្នុង​តំបន់​ខុស​ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ វា​បាន​​បង្ហាញ​ពី​ស្ថានភាព​របស់​មនុស្ស​វ័យ​ចំណាស់​ ដោយ​ផ្តោត​លើ​ទិដ្ឋភាព​សំខាន់​ៗ​មួយ​ចំនួន​ រួម​មាន​ សុខភាព​ សេដ្ឋកិច្ច​ ការ​គាំទ្រ​របស់​​សហគមន៍​ និង​គ​ម្លាត​ក្នុង​គោល​នយោបាយ​ពាក់​ព័ន្ធ​។

ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា​ មនុស្ស​វ័យ​ចំណាស់​​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន​ ដូច​ជា​ការ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត​ និង​ជំងឺ​មិន​ឆ្លង​ជា​ដើម​។ ភាព​ក្រីក្រ​ក៏​ជា​បញ្ហា​ចម្បង​ ដែល​រារាំង​មនុស្ស​ចាស់​​ក្នុង​ការ​​ទទួល​បាន​សេវា​ថែ​ទាំ​សុខភាព​ផង​ដែរ​ ដោយ​ជា​ទូទៅ​ ឱកាស​ការងារ​មាន​កម្រិត​ និង​មិន​មាន​ការ​ផ្ដល់​ប្រាក់​សោធន​និវត្តន៍​ពី​រដ្ឋាភិបាល​​ដល់​មនុស្ស​​វ័យ​ចំណាស់​ឡើយ​។

ក្នុង​​វ័យ​​៦៨​​ឆ្នាំ​ លោក​ស្រី​​ ណយ​ ស៊ី​ថា​ ជា​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​អង្គការ​អនាគត​យុវជន​កម្ពុជា​អាស៊ាន​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សិក្ខាសាលាសម្ភោធរបាយការណ៍អំពី “បញ្ហា និងតម្រូវការមនុស្សចាស់” កាលពីខែមេសា ​ថា​ “ខ្ញុំ​​រីករាយ​ និង​រំភើប​ដែល​បាន​ដឹង​ថា​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ កំពុង​ធ្វើ​ការ​រួម​គ្នា​ ដើម្បី​ជួយ​​គាំទ្រ​មនុស្ស​ចាស់​។ នេះ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ និង​ក្តី​សង្ឃឹម​ដល់​មនុស្ស​វ័យ​ចំណាស់​។ ក្នុង​នាម​ជា​​មនុស្ស​​វ័យ​ចំណាស់​មួយ​រូប​ ខ្ញុំ​ពិត​ជា​អរគុណ​ណាស់​” ​។​

ការ​ស្រាវជ្រាវ​នេះ​ នឹង​ក្លាយ​ជា​ធនធាន​ដែល​មាន​ប្រយោជន៍​សម្រាប់​រាជរដ្ឋាភិបាល​ អង្គការ​មិន​មែន​ រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិ​ ក៏​ដូច​ជា​អ្នក​ស្រាវជ្រាវ​ដទៃ​ទៀត​ ដោយ​ការ​ស្រាវជ្រាវ​នេះ​នឹង​​រួម​ចំណែក​​ជា​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្ស​វ័យ​ចំណាស់​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​​៕

Download the research HERE.