អាណត្តិថ្មីនេះ ក្រសួងកិច្ចការនារីនឹងបន្តពង្រឹងសមត្ថភាព ក្នុងភាពជាអ្នកដឹកនាំដល់ស្ត្រី ទាំងក្នុងវិស័យនយោបាយ សង្គម និងវិស័យដ្ឋកិច្ចទាំងនៅក្នុងប្រទេស និងថ្នាក់តំបន់។ ដើម្បីឆ្លើយតបទៅនឹងសកលភាវូបនីយកម្ម ក្រសួងកិច្ចការនារីនឹងយកចិត្តទុកដាក់ទៅលើការកសាងសមត្ថភាពធនធានមនុស្ស ជាពិសេសស្រ្តី ដើម្បីចូលរួមប្រកួតប្រជែង និងប្រកបដោយនវានុវត្តន៍ក្នុងទីផ្សារការងារ ក៏ដូចជាបង្កើនសមត្ថភាពរបស់ពួកគេដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងការសិក្សា ដើម្បីក្លាយទៅជាសហគ្រិន និងបុគ្គលិកដ៏ជោគជ័យដើម្បីរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា។
ដូចគ្នានេះផងដែរ ពួកយើងនឹងបន្តយកចិត្តទុកដាក់លើការបង្កើនសក្តានុពលសេដ្ឋកិច្ចចំពោះស្ត្រីដើម្បីរួមចំណែកការកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេ និងពង្រឹងភាពអង់អាចរបស់ស្ត្រីក្នុងតួនាទីជាដៃគូដ៏មានតម្លៃជាមួយបុរសក្នុងសង្គម។ ដើម្បីអនុវត្តផែនការនេះ ក្រសួងសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបន្តអប់រំ និងផ្សព្វផ្សាយព័ត៌មានដល់ស្ត្រីពាក់ព័ន្ធនឹងច្បាប់ ដូចជាច្បាប់ការងារ ដើម្បីការពារសិទ្ធិរបស់ពួកគេ រួមទាំងបន្តអនុវត្តសកម្មភាពលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនស្ត្រី នៅតាមជនបទឱ្យមានជំនាញវិជ្ជាជីវៈ ដើម្បីប្រកបមុខរបរកសិកម្មក៏ដោយ មិនកសិកម្មក៏ដោយ ឱ្យស៊ីសង្វាក់ទៅនឹងតម្រូវការទីផ្សារសម្រាប់ផលិតផល និងអាជីវកម្មរបស់ពួកគេ។
ដើម្បីលើកកម្ពស់សុខុមាលភាពស្ត្រី និងកុមារ ក្រសួងចូលរួមជាមួយនឹងក្រសួងពាក់ព័ន្ធ ដើម្បីអនុវត្តគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺគោលនយោបាយគាំពារសង្គម ដើម្បីធានាថា “មិនទុកនរណាម្នាក់ឱ្យនៅឯកោ” ហើយធានាថា ស្ត្រី ស្រ្តីមានផ្ទៃពោះ ក្មេងស្រី និងក្រុមងាយរងគ្រោះ ទទួលបាលអត្ថប្រយោជន៍ពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិយើង។
ដើម្បីកាត់បន្ថយអំពើហិង្សាលើស្ត្រី និងកុមារ ក្រសួងកិច្ចការនារីសហការជាមួយក្រសួងពាក់ព័ន្ធនឹងបន្តពង្រឹងការអនុវត្តផែនការស្តីពី ការទប់ស្កាត់រាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី ២០១៩-២០២៣ និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។ យើងនឹងយកចិត្តទុកដាក់ខ្ពស់ ចំពោះសង្គម និងការអប់រំមូលដ្ឋាន ក្នុងគោលដៅដើម្បីផ្លាស់ប្តូរផ្នត់គំនិតសង្គមដោយប្រឆាំងនឹងការរើសអើងចំពោះស្ត្រីភេទ ការទទួលខុសត្រូវខ្ពស់នៃការពិសារគ្រឿងស្រវឹង និងបង្ក្រាបការប្រើប្រាស់គ្រឿងញៀន។
ក្រសួងនឹងពង្រីកការអនុវត្តកម្មវិធី៑ “អប់រំកូនតាមបែបវិជ្ជមាន” រួមទាំងសហការជាមួយនឹងក្រុមគ្រួសារនៅគ្រប់មជ្ឈដ្ឋានដើម្បីអនុវត្តផែនការនេះ។ ចំពោះបញ្ហាអំពើហិង្សាក្នុងគ្រួសារ ពួកយើងនឹងបន្តពង្រឹងវប្បធម៌សន្ទនាដើម្បីដោះស្រាយជំលោះ និងពង្រីកយុទ្ធនាការបុរសល្អ។ បញ្ហាមួយទៀតដែលយើងគួរតែចាប់អារម្មណ៍ គឺឥរិយាបថយុវវ័យក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ពួកយើងនឹងបំផុសឱ្យយុវវ័យឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឱ្យមានទំនួលខុសត្រូវខ្ពស់ដោយមិនប្រាសចាកពីទិសដៅនៃការអប់រំ ព័ត៌មាន និងចំណេះដឹង។
“ក្នុងឆ្នាំ ២០១៩ នេះ ក្រសួងកិច្ចការនារីមានគោលដៅបន្តពង្រឹងកិច្ចអភិវឌ្ឍន៍ធនធានមនុស្សជាស្រ្តី និងធានាចំពោះការផ្តល់ភាពអង់អាចដល់ស្រ្តីលើផ្នែកសេដ្ឋកិច្ច”